ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ចលនា​ដាំ​ដើមឈើ​ក្នុង​តំបន់​អង្គរ​កាន់តែ​ខ្លាំងក្លា​ក្នុង​បុព្វហេតុ​ទាំង​ការអភិរក្ស​ប្រាសាទ​និង​បរិស្ថាន​
30, Jul 2019 , 9:39 pm        
រូបភាព
​សៀមរាប​៖ បន្ទាប់ពី​មានការ​អំពាវនាវ​រប​ស់​អាជ្ញាធរ​ជាតិ​អប្សរា​ឱ្យ​សាធារណជន​ចូលរួម​ដាំ​ដើមឈើ​ក្នុង​តំបន់​អង្គរ​រួចមក គេ​សង្កេតឃើញថា​មាន​ចលនា​ចូលរួម​ជា​បន្តបន្ទាប់​និង​មាន​សកម្មភាព​ខ្លាំងក្លា​គួរឱ្យកត់សម្គាល់​។ ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​បព្វ​ជិ​ក គ្រហស្ថ ចាស់ ក្មេង ប្រុស​ស្រី បានបង្ហាញ​សកម្មភាព​ចូលរួម​ការដាំ​កូនឈើ​នេះ​។ សកម្មភាព​នេះ​សបញ្ជាក់​ថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​ស្មារតី​ចង់​ចូលរួម​អភិរក្ស​ប្រាង្គ​ប្រាសាទ​ដែលជា​ដួងព្រលឹង​ជាតិ ក៏ដូចជា​គិតគូរ​ពី​បរិស្ថាន​សង្គម​។

 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកនាង អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​៖



 
​ចលនា​បំផុស​ឱ្យចូល​រួម​ដាំ​កូនឈើ​ហាក់​ក្លាយជា​ការងារ​សង្គម​មួយ​ដ៏​សំខាន់​សម្រាប់​ក្រុមយុវជន​សព្វថ្ងៃ​។ ចលនា​នេះ​មាន​នៅតាម​បណ្ដា​ខេត្ត​ឬ​តំបន់​ផ្សេងៗ ពិសេស​កន្លែង​ដែល​បាត់បង់​គម្រប​ព្រៃឈើ​តែម្ដង​។ នៅ​សៀមរាប អាជ្ញាធរ​ជាតិ​អប្សរា​ដែល​គ្រប់គ្រង​និង​អភិរក្ស​រមណីយដ្ឋាន​អង្គរ ក៏បាន​បង្កើត​ចលនា​នេះដែរ ដោយ​ស្ថាប័ន​នេះ​ចាត់ទុកថា ការចូលរួម​របស់​សាធារណជន​មានតម្លៃ​ជាង​ដែល​ពួកគេ​ខំ​ដាំ​តែម្នាក់ឯង​។ 
 
​បើ​រៀបរាប់​ត្រួសៗ​ទៅ កម្មវិធី​ដាំ​កូនឈើ​ដែល​រៀបចំ​ដោយ​ប្រជាពលរដ្ឋ​មកពី​តំបន់​ផ្សេងៗ​បាន​ប្រមាណ​១០​កម្មវិធី​ហើយ​។ អ្នកបង្កើត​កម្មវិធី​ដាំ​នេះ​មាន​ទាំង​ព្រះសង្ឃ​មកពី​បណ្ដា​វត្ត​នានា ក្រុមហ៊ុន សណ្ឋាគារ ក៏ដូចជា​វិស័យ​ឯកជន​នានា ដែល​បាន​ចងក្រង​និង​បង្កើត​កម្មវិធី​មនុស្សធម៌​ក្នុងសង្គម​។​


 
​នៅក្នុង​ខែកក្កដា កម្មវិធី​ដាំ​កូនឈើ​យ៉ាងហោច​ចំនួន​៣​លើក ត្រូវបាន​រៀបចំ​ដោយ​ព្រះសង្ឃ​ដោយបាន​គៀងគរ​ពុទ្ធបរិស័ទ​ទីជិត​ឆ្ងាយ ដើម្បី​ដាំ​កូនឈើ​ក្នុង​តំបន់​អង្គរ​។ តួយ៉ាង ការដាំ​កូនឈើ​ចំនួន​៥​ពាន់​ដើម​កាលពី​ពាក់កណ្ដាល​ខែកក្កដា គឺជា​ការផ្តួចផ្តើម​ដោយ​សាលា​អនុគណ​ក្រុង​សៀមរាប ដែល​បាន​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា ដែលមាន​អ្នកចូលរួម​សរុប​៥០០​អង្គ​/​នាក់​។​
 
​ព្រះគ្រូ​រង្សី បណ្ឌិត លាច លាង ព្រះគ្រូ​អនុគណ​ក្រុង​សៀមរាប មាន​សង្ឃដីកា​ក្នុង​ពិធី​ដាំ​កូនឈើ​នៅពេលនោះ​ថា ការដាំ​កូនឈើ​ក៏​ជា​ពុទ្ធឱវាទ​ដែរ ហើយ​ព្រះពុទ្ធ​សម្ដែង​ថា សកម្មភាព​នេះ​ក៏បាន​បុណ្យ​ដូចគ្នា​ទៅនឹង​ការកសាង​ផ្លូវ និង​ស្ពាន​។ ការដាំ​កូនឈើ​ជា​ម្លប់​សម្រាប់​មនុស្ស​ទូទៅ​។ មនុស្ស​គ្រប់រូប​សុទ្ធសឹង​ត្រូវការ​ធម្មជាតិ​។ ក្នុងនោះ ព្រះពុទ្ធ​ក៏បាន​ប្រសូត បួស សម្ដែងធម៌​ទេសនា​ក៏​នៅ​ក្នុងព្រៃ​នេះដែរ​។​
 
​ចូលរួម​ក្នុង​ពិធី​ដាំ​កូនឈើ​នៅពេល​នោះដែរ ព្រះគ្រូ តាត មហា​ទី ចៅអធិការ​វត្ត​ព្រះឥន្ទ​កោសា មាន​សង្ឃដីកា​ថា ព្រៃឈើ​ក៏ត្រូវ​ការការពារ ថែរក្សា ដូច​មនុស្ស​ដែរ​។ ព្រះគ្រូ តាត មហា​ទី បាន​លើកយក​ឧទាហរណ៍​ដូច​ករណី​មនុស្សលោក​មក​ពន្យល់​យ៉ាង​ដូច្នេះ​ថា​៖« ភាគច្រើន​មនុស្ស​យើង​មាន​ប្រពន្ធ​កូនចៅ យើង​តែ​តែ​បីបាច់​ថែរក្សា​ពួកគេ ដូច្នេះ​យើង​ក៏​គ​ម្បី​បង្កើត​នូវ​ដើមឈើ​ឱ្យបាន​គ្រប់ៗ​គ្នា ហើយ​ចិញ្ចឹម​បីបាច់​ថែរក្សា​ដូចគ្នា​ដែរ​។ យើង​ឃើញថា ពេល​មនុស្ស​ឈឺ​រត់ទៅរក​ពេទ្យ ហើយ​ពេលណា​សត្វ​ឈឺ​ក៏​ទៅរក​ពេទ្យសត្វ​... ឬ​ឯ​ដើមឈើ​អត់​មាន​ទេ មានតែ​អ្នកខ្លះ​ពេល​ឃើញ​ដើមឈើ​ក្រម​ហ​ដើម មានតែ​កាប់​...»​។​


 
​នៅ​ចំពោះមុខ​អ្នក​ដាំ​កូនឈើ​ប្រមាណ​៣០០​នាក់ ព្រះគ្រូ តាត មហា​ទី​មាន​សង្ឃដីកា​បន្ថែម​ក៏ដូចជា​សារ​មួយ​សម្រាប់​បំផុសស្មារតី​ឱ្យចូល​រួម​ដាំ​កូនឈើ​បន្ថែមទៀត​។ ព្រះអង្គ​ថា កុំ​ខ្វល់​ពី​គំនិត​ដែល​លើកឡើងថា «​កុំ​គិតថា អ្នក​ដាំ​ក៏​ដាំ អ្នក​កាប់​ក៏​កាប់ កុំ​គិត​អ៊ីចឹង​» ដ្បិតថា​សព្វថ្ងៃនេះ​មានច្បាប់​និង​អាជ្ញាធរ​គ្រប់គ្រង​ត្រឹមត្រូវ ដូច្នេះ​អ្នក​កាប់ និង​បំផ្លាញ​មិន​រួច​ពី​សំណាញ់​ច្បាប់​ឡើយ​។​
 
​ក្នុង​កម្មវិធី​ដាំ​កូនឈើ​នៅ​បរិវេណ​ជុំវិញ​ប្រាសាទ​ប្រី លោកស្រី សៀង ចាន់​ហេង អគ្គនាយិកា​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ បានចាត់ទុក​សកម្មភាព​ចូលរួម​ដាំ​កូនឈើ​ថា​ជា​តួនាទី​របស់​ពលរដ្ឋ​គ្រប់រូប​ក្នុងការ​ថែរក្សា​បរិស្ថាន​។ លោកស្រី​បន្តថា ការដាំ​នេះ​គឺ​ដើម្បី​ទុកជា​មរតក​មួយ​សម្រាប់​អ្នកជំនាន់ក្រោយ ក៏​ជា​ដើម្បី​បរិស្ថាន​ក្នុងប្រទេស​កម្ពុជា​មាន​ភា​ព​ស្រស់បំព្រង​ផងដែរ​។

ជាមួយគ្នានេះ លោកស្រី​ក៏​ជំ​រុញឱ្យ​ពលរដ្ឋ​ដទៃទៀត ត្រូវ​ចូលរួម​ដាំ​កូនឈើ​ទាំងអស់គ្នា និង​មិនគួរ​ទុក​ដី​ឱ្យនៅ​ទំនេរ​ឡើយ​។ លោកស្រី​បញ្ជាក់ថា ប្រសិនបើ​ពលរដ្ឋ​ខ្មែរ​ម្នា​ក់ដាំ​កូនឈើ​មួយ​ដើម នោះគេ​នឹង​បាន​ដើមឈើ​យ៉ាងហោចណាស់​ក៏​១៤​លាន​ដើម​ដែរ​។​
 
​លោក ជូ​រ៉ា ឌី​ណា អនុប្រធាននាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យដឹងថា រយៈពេល​ពី​ខែមករា ដល់​ថ្ងៃទី​២៥ កក្កដា​មានកូន​ឈើ​ចំនួន​ជិត​២​ម៉ឺន​ដើម​ហើយ ដែល​ត្រូវបាន​ដាំ​ក្នុង​តំបន់​អង្គរ​។ ក្រៅពីនេះ​អាជ្ញាធរ​បាន​ចែកជូន​កូនឈើ​ដល់​ពលរដ្ឋ​និង​ព្រះសង្ឃ​ដើម្បី​យកទៅ​ដាំ​នៅ​តំបន់​ផ្សេងៗ​ក្នុងប្រទេស​កម្ពុជា​ផងដែរ ដែល​សរុប​មាន​ចំនួន​ជាង​៤៦​ពាន់​កូនឈើ​ចម្រុះ​ផងដែរ​។​
 
​ជាមួយនឹង​ការ​បំផុស​ចលនា​ឱ្យ​សាធារណជន​ដាំ​កូនឈើ​នៅ​រមណីយដ្ឋាន​អង្គរ​នេះ ត្រូវបាន​លោក ជូ​រ៉ា ឌី​ណា ពន្យល់ថា ដើម្បីឱ្យ​តំបន់​អង្គរ​ប្រមូលផ្ដុំ​ទៅដោយ​ប្រភេទ​ដើមឈើ​ដែល​បាត់បង់ ក៏ដូចជា​ដើម្បី​បរិស្ថាន​អង្គរ​ឱ្យមាន​ភាពស្រស់​បំព្រង​ផងដែរ​។ ជាមួយគ្នានេះ ដើម្បី​ស្រូប​ទាញ​ទឹក​ក្រោម​ដី​ដើម្បី​កិច្ចការ​អភិរក្ស​ប្រាសាទ​ផងដែរ ដ្បិតថា​គ្រឹះ​ប្រាសាទ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ទៅនឹង​ទឹក​ក្រោម​ដី ហើយ​ដើមឈើ​ប្រៀប​ដូច​អាវ​ដើម្បី​ការពារ​ខ្យល់​កុំឱ្យ​ប៉ះពាល់​ទៅ​ប្រាសាទ​ដោយផ្ទាល់​។​
 
​ជាមួយគ្នានេះដែរ មន្ត្រី​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បន្ត​អំពាវនាវ​ដល់​សាធារណជន​បន្ថែមទៀត សូម​ចូលរួម​ដាំ​កូនឈើ​ក្នុង​តំបន់​អង្គរ និង​ស្នើសុំ​មក​អាជ្ញាធរ​ជាតិ​អប្សរា​ដើម្បី​ទំនាក់ទំនង​ការដាំ​នេះ គឺ​ចាប់ពី​២​នាក់​ឡើង​អាជ្ញាធរ​នឹង​រៀបចំ​ដើមឈើ​និង​ទីតាំង​សម្រាប់​ដាំ​បាន ដើម្បី​រួមគ្នា​អភិរក្ស ក៏ដូចជា​ការងារ​បរិ​ស្ថាន​នៅ​កម្ពុជា​៕


 

Tag:
 ដាំ​ដើមឈើ​ក្នុង​តំបន់​អង្គរ​
  អាជ្ញាធរ​ជាតិ​អប្សរា​
  អភិរក្ស​ប្រាសាទ​
  បរិស្ថាន​
© រក្សាសិទ្ធិដោយ thmeythmey.com