ជាតិ
សកម្មភាព​វប្បធម៌​នាំ​ឲ្យ ណាក់ ស្រី​ណា មានឱកាស​ប្រកួតប្រជែង​កម្មវិធី​អន្តរជាតិ​នៅ​កាណាដា​
31, Jul 2019 , 8:59 am        
រូបភាព
​ភ្នំពេញ​៖ ព្រោះតែ​សកម្ម​នឹង​ការផ្សព្វផ្សាយ​ពី​សិល្បៈ​វប្បធម៌​ជាតិ ព្រមទាំង​សកម្មភាព​មនុស្សធម៌រ​បស់​កញ្ញា ណាក់ ស្រី​ណា បាន​ញ៉ាំង​ចិត្ត​អ្នករៀបចំ​ក្នុង​កម្មវិធី Miss United Nations International Pageant ជ្រើសរើស​នាង​ឱ្យ​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​របស់ខ្លួន​ក្នុងប្រទេស​កាណាដា​។​


 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​តាមរយៈ​ទូរ​សព្ទ​កញ្ញា ណាក់ ស្រី​ណា បាន​និយាយថា​មូល​ហេតុដែល​កម្មវិធី Miss United Nations International Pageant ជ្រើសរើស​នាង​ឱ្យ​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ថ្នាក់​អន្តរជាតិ​នេះ គឺ​មកពី​សកម្មភាព​ផ្សព្វផ្សាយ​ពី​សិល្បៈ​និង​វប្បធម៌​ជាតិ តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ព្រមទាំង​កម្ម​ភាព​មនុស្សធម៌ ដែល​កញ្ញា​បានធ្វើ​កន្លងមក​។  


 
​ក្នុង​កម្មវិធី​នេះ​តារា​សម្ដែង ណាក់ ស្រី​ណា ដែលមាន​វ័យ​៣០​ឆ្នាំ ត្រូវ​ប្រកួត​៣​វិញ្ញាសា គឺ​ការសម្ភាសន៍ ការបង្ហាញ​ឈុត​តំណាង​ជាតិ និង​ការបង្ហាញ​ឈុត​សមោសរ​។ កញ្ញា ស្រី​ណា បញ្ជាក់​៖«​គេ​ជ្រើស​រើសយក​ខ្ញុំ​ទាំង​ដែល​ខ្ញុំ​មិនបាន​ដឹងខ្លួន ព្រោះ​គេ​បានឃើញ​ពី​សកម្មភាព​របស់ខ្ញុំ​ដែល​បាន​ផ្សព្វផ្សាយ​ពី​សិល្បៈ​វប្បធម៌​ខ្មែរ និង​សកម្មភាព​មនុស្សធម៌​។ កម្មវិធី​នេះ​គេ​មិន​ផ្ដោត​ខ្លាំង​ទៅលើ​សម្រស់​ទេ ប៉ុន្តែ​គេ​ផ្ដោត​សំខាន់​លើ​ការបង្ហាញ​ពី​វប្បធម៌​ជាតិ​នីមួយៗ រួមទាំង​សកម្មភាព​មនុស្សធម៌រ​បស់​បេក្ខជន​ដែល​ចូលរួម​។ អ្នក​ដែលមាន​គ្រួសារ​ហើយ ក៏​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​នេះដែរ​»​។​
 
​កម្មវិធី Miss United Nations International Pageant 2019 មាន​បេក្ខភាព​ជាង​៥០​ប្រទេស​ចូលរួម​ដោយ​ប្រព្រឹត្តទៅ​នៅ​សណ្ឋាគារ Raddisson ក្រុង​តូ​រ៉ុង​តូ ប្រទេស​កាណាដា ពីថ្ងៃ​ទី​២១ ដល់​ថ្ងៃទី​២៥ ខែសីហា​។ កម្មវិធី​នេះ​បង្កើតឡើង​ក្នុង​គោលបំណង​បង្កើន​សម្ព័នភាព​រវាង​ប្រទេស​ដែល​ចូលរួម និង​ដើម្បី​បង្ហាញ​ពី​វប្បធម៌​របស់​ប្រទេស​នីមួយៗ រួមទាំង​ផ្ដោត​សំខាន់​ពី​ការងារ​មនុស្សធម៌​រប​ស់​បេក្ខជន​។​


 
​នេះ​ជា​លើកទីមួយ​សម្រាប់​កញ្ញា ណាក់ ស្រី​ណា ក៏ដូចជា​សម្រាប់​កម្ពុជា​ផងដែរ ដែលមាន​វត្តមាន​ចូលរួម​ក្នុង​កម្មវិធី Miss United Nations International Pageant​។ ពី​កម្ពុ​ជាមាន​បេក្ខជន​២​រូប​ចូលរួម​ក្នុង​កម្មវិធី​នេះ គឺ​កញ្ញា ណាក់ ស្រី​ណា ដែលជា​តារា​សម្ដែង និង​ស្ត្រី​មួយរូប​ទៀត​ដែល​ធ្វើការ​ក្នុង​អង្គការ​មួយ​ទៅលើ​ផ្នែក​មនុស្សធម៌​។​
 
​កាលពី​ឆ្នាំ​២០១៨ បវរកញ្ញា​អាហ្វ្រិក​ខាងត្បូង Danica Barnard ឈ្នះ​ពាន Miss United Nation International​។ បេ​ក្ខ​នារី​សិង្ហ​បុរី Rachel Pang ឈ្នះ​ពាន Mrs United Nation International  បេ​ក្ខ​នារី​អាហ្វ្រិក​ខាងត្បូង Velaze Vinolia Mabele ឈ្នះ MS United Nation International  រីឯ​ពាន Ms Elite United Nation International បាន​ទៅលើ Jia ពី​ហុងកុង​៕

Tag:
 ណាក់ ស្រី​ណា​
  សិល្បៈ​
  វប្បធម៌​
  ប្រកួត​
© រក្សាសិទ្ធិដោយ thmeythmey.com