ជាតិ
សង្គមជាតិ
​រឿង​ផ្លូវគោក​! សម្តេច​ប្រាប់​ទៅ​លោក មាស ឫទ្ធី ថា «​ខុស​ដឹង​ខុស​»
31, Jul 2019 , 11:52 am        
រូបភាព
ដោយ: ថ្មីៗ
​លោក មាស ឫទ្ធី អ្នក​អត្ថាធិប្បាយ​ព័ត៌មាន​របស់​ទូរទស្សន៍​ហង្ស​មាស បាន​អះអាង​ក្នុង​កម្មវិធី​ព័ត៌មាន​របស់ខ្លួន នៅ​ព្រឹក​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៩​នេះ​ថា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទាក់ទង​ទៅ​លោក ហើយ​ឲ្យ​លោក បកស្រាយ​ទៅកាន់​សាធារណជន ថា​ផ្លូវគោក​នៅ​កម្ពុជា មាន​ប៉ុន្មាន​ប្រភេទ​ឲ្យ​ពិតប្រាកដ​។

 
​លោក មាស ឫទ្ធី និយាយ​ដូច្នេះ​ថា​៖«​សម្តេច​តេ​ជោ ក៏បាន​ចាប់អារម្មណ៍​ដែរ ដោយបាន​បញ្ជាក់​មក​ខ្ញុំ​ថា មើល៍ រឿង​ហ្នឹង​វា​ម៉េច មើល​ឲ្យ​ច្បាស់​មើល៍ បើ​ថា​ខុស​ដឹង​ខុស បើ​ថា​ត្រូវ​ដឹង​ត្រូវ បើ​ថា​ខុស ត្រូវ​សុំទោស​គេ​»​។​
 
​ក្រោយ​សម្តេចនាយក​រដ្ឋមន្ត្រី សួរនាំ​ដូច្នេះ នៅ​ព្រឹក​នេះ  គេ​ក៏​ឃើញ​កម្មវិធី​ឋានសួគ៌​ឬ​ឋាននរករបស់​ទូរទស្សន៍​ហង្ស​មាស បានចេញ​លិខិតផ្លូវការ​ប្រកាស​ទទួល​ស្គាល់​ថា ផ្លូវគោក​នៅ​កម្ពុជា មានតែ​ពីរ​ប្រភេទ​ប៉ុណ្ណោះ គឺ ផ្លូវថ្នល់​និង​ផ្លូវដែក​។ កម្មវិធី​ឋានសួគ៌​ឬ​ឋាននរក បាន​ត្រឡប់មក​ឲ្យ​បេក្ខជន កៅ សីហា ត្រូវ​វិញ ដែល​ឆ្លើយថា​ផ្លូវគោក​មាន​ពីរ​ប្រភេទ​នេះ និង​យល់ព្រម​ឲ្យ​ទៅ​ឆ្លើយ​សំណួរ​ផ្សេងទៀត នៅ​វគ្គ​បន្ត​។ 
 
​តាមរយៈ​លិខិត​របស់ខ្លួន កម្មវិធី​ឋានសួគ៌​ឬ​ឋាននរក បាន​សុំទោស​សាធារណជន ចំពោះ​ការផ្តល់​ចម្លើយ​ថា ផ្លូវគោក​នៅ​កម្ពុជា មាន​ដល់​ទៅ​បី​ប្រភេទ គឺ​ផ្លូវជាតិ ផ្លូវ​ខេត្ត និង ផ្លូវលំ ហើយ​ឲ្យ​បេក្ខជន កៅ សីហា ខុស​។
  
 

កម្មវិធី​ឋានសួគ៌​ឬ​ឋាននរក សរសេរ​ក្នុង​លិខិត​ដូច្នេះ​ថា​៖«​យើងខ្ញុំ ពិតជា​សោកស្តាយ ដែល​មិនបាន​រក​ឯកសារ​មួយទៀត ដែលមាន​ការទទួលស្គាល់​ពី​ក្រសួង​អប់រំ មក​បញ្ជាក់​ឲ្យ​កាន់តែច្បាស់​...»​។​
 
​កម្មវិធី​ឋានសួគ៌​ឬ​ឋាននរក បញ្ជាក់ថា កំ​ហុង​ឆ្គង​នេះ ពុំ​ពាក់ព័ន្ធ​នឹង​ពិធី​ការិនី ចាន់ កែវ​និមល ឡើយ​៕

អត្ថបទទាក់ទង
 
 

Tag:
 ​ហ៊ុន សែន​
  មាស ឫទ្ធី​
  ហង្ស​មាស​
  ផ្លូវ
© រក្សាសិទ្ធិដោយ thmeythmey.com