ជាតិ
សង្គមជាតិ
សកម្មភាព​បរិស្ថាន​នាំ​ឲ្យ​ក្រុមយុវជន​សំរាម និង​ពូ​ឈី​វ ទទួល​គ្រឿង​យស​ពី​ស្ថាប័ន​មួយ​នៅ​ថៃ
02, Aug 2019 , 8:59 am        
រូបភាព
ដោយ:
​យុវជន​ខ្មែរ​៩​រូប ដែល​ក្នុងនោះ​មាន​ក្រុមយុវជន​សំរាម​ដែល​ដឹកនាំ​ដោយ លោក សាន ដា​រ៉ា​វីត និង​អ្នកគាំទ្រ​បាល់ទាត់​ដ៏​ល្បីល្បាញ​ម្នាក់ គឺ​ពូ​ឈី​វ (​ឈ្មោះ​ដើម ឡា ពិសិដ្ឋ​) ទទួលបាន​គ្រឿង​យស​ពី​ស្ថាប័ន​អប់រំ GTO Academy របស់​ថៃ ដែល​បាន​វាយតម្លៃ​ខ្ពស់​ពី​សកម្មភាព​ដ៏​ផុសផុល​របស់​យុវជន​ទាំងនេះ ក្នុង​ការងារ​សម្អាត​ប​រិ​ស្ថាន​នៅ​កម្ពុជា​។​

 
​លោក សាន ដា​រ៉ា​វីត ប្រធាន​ក្រុមយុវជន​សំរាម និង​សមាជិក​របស់ខ្លួន​៨​នាក់ ដែល​ក្នុងនោះ​មាន ពូ​ឈី​វ ផងដែរ​នោះ បាន​ទៅ​ទស្សនា​រោងចក្រ​កែច្នៃ​សំរាម​ប្លា​ស្ទិ​កនៅ​ថៃ ចន្លោះ​ពីថ្ងៃ​ទី​២៩ ដល់​ថ្ងៃទី​៣១ ខែកក្កដា​។ នៅ​ទីនោះ ពួក​គត់​ទទួលបាន​ការស្វាគមន៍ និង​លើកទឹកចិត្ត​ពី​ស្ថាប័ន GTO Academy តាមរយៈ​ការបំពាក់​គ្រឿង​យស​សរសើរ​ម្នាក់​១ សម្រាប់​សកម្មភាព​រប​ស់​ពួកគេ​ក្នុង​វិស័យ​បរិស្ថាន​។​
 
​លោក សាន ដា​រ៉ា​វីត បាន​ប្រាប់​ដល់​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​អំពី​ដំណើរ​ទស្សនកិច្ច​ថៃ​ថា​៖ «​ខ្ញុំ​ពិតជា​មាន​មោទកភាព​ចំពោះ​ការវិល​ត្រឡប់មកវិញ​ជាមួយ​គ្រឿង​យស​ដែលជា​ផ្នែក​មួយ​នៃ​ការលើក​មុខមាត់​ប្រទេសជាតិ​ផងដែរ​។ ខ្ញុំ​សង្ឃឹមថា​ប្រវត្តិសាស្ត្រ​មួយ​នេះ​នឹងធ្វើ​ឲ្យ​យុវជន​មាន​ភាពក្លាហាន​ក្នុង​ការចាប់​ផ្តើមធ្វើ​អ្វីមួយ​ដែលជា​ក្តី​ស្រមៃ​ពិតប្រាកដ​»​។ 

 
 
​ប្រធាន​ក្រុមយុវជន​សំរាម​រូបនេះ​បាន​និយាយថា ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ថៃ​រយៈពេល​៣​ថ្ងៃ​កន្លងមកនេះ ក្រុម​របស់ខ្លួន​ក៏បាន​រៀបរាប់​សកម្មភាព​សម្អាត​បរិស្ថាន​ដោយ​រើស​សំរាម​តាម​លូទឹកស្អុយ​បឹងត្របែក ប្រាប់​ដល់​ស្ថាប័ន GTO Academy និង​រោងចក្រ​ច្នៃ​សំរាម​ប្លា​ស្ទិ​កនៅ​ប្រទេស​។ 
 
 បើតាម​លោក ដា​រ៉ា​វីត សកម្មភាព​រើស​សំរាម​នៅ​លូទឹកស្អុយ​បឹងត្របែក​ត្រូវបាន​ផ្អាក​ជា​បណ្តោះអាសន្ន​សិន ដោយសារ​លោក​រវល់​ប​ន្ត​បេសកកម្ម​ថ្មី គឺ​ដើរ​រើស​កន្ទុយបារី​តាម​ឆ្នេរសមុទ្រ​ដាក់ចូល​ដប​ទឹក​សុទ្ធ​នៅតាម​ឆ្នេរ​អូរ​ឈើទាល​។ ក្រុមយុវជន​សំរាម​ចាប់ផ្តើម​អនុវត្ត​សកម្មភាព​នេះ តាំងពី​ថ្ងៃទី​២១ ខែកក្កដា ដោយ​ប្រមូលបាន​ជិត​១​ម៉ឺន​ដើម​។ ក្រុម​របស់លោក ក៏​នឹង​គិតថា ប្រមូល​កន្ទុយបារី​ឲ្យ​អស់​ត្រឹម​១​លាន​ដើម​។ 
 
​ដោយឡែក ពូ​ឈី​វ ដែល​និយម​ស្លៀកពាក់​ខោអាវ​មាន​ពណ៌​ទង់ជាតិ​កម្ពុជា ជា​អ្នកគាំទ្រ​កីឡាបាល់ទាត់​ដ៏​ល្បីល្បាញ​ម្នា​ក់នៅ​កម្ពុជា ជាពិសេស​លោក​តែងតែ​ដើរ​ជា​គំរូ​ទាក់ទង​នឹង​ការដើរ​ប្រមូល​សំរាម​នៅ​រៀងរាល់​ក្រោយ​ការប្រកួត​កីឡាបាល់ទាត់​។​
 






ក្រុម​យុវជន​សំរាម​ដែល​ស្ថិតនៅ​រោងចក្រ​កែច្នៃ​សំរាម​ប្លាស្ទិកនៅ​ថៃ កាលពី​ថ្ងៃទី​៣០ ខែ​កក្កដា

ក្រុម​យុវជន​សំរាម​ដែល​ស្ថិតនៅ​រោងចក្រ​កែច្នៃ​សំរាម​ប្លាស្ទិកនៅ​ប្រទេសថៃ កាលពី​ថ្ងៃទី​៣០ ខែ​កក្កដា
 

Tag:
 យុវជន​
 ​សំរាម​
 ​ស័ក្ក​យស​
 ​ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com