ជាតិ
សេដ្ឋកិច្ច
អចលនទ្រព្យ
កម្ពុជាទទួលបានការវិនិយោគជាង៥ពាន់លានដុល្លារ ក្នុងឆមាសទី១ឆ្នាំ២០១៩
× ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចឯកភាពលើគម្រោងវិនិយោគសរុប ១៥៣ គម្រោង ដែលមានទំហំទឹកប្រាក់សរុបជាង ៥,១៨១ លានដុល្លារ ក្នុងរយៈពេល ៦ខែ ឆ្នាំ២០១៩នេះ។ គម្រោងវិនិយោគទាំងនោះ អាចផ្តល់ការងារសម្រាប់ពលរដ្ឋកម្ពុជាជាង ១,៦សែនកន្លែង។ ក្នុងចំណោមវិនិយោគិនទាំងនោះ វិនិយោគិនជនជាតិចិនច្រើនជាងគេ។
លោក ឯក ថា អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានឲ្យដឹងថា គម្រោងវិនិយោគក្នុងប្រទេសកម្ពុជាបានកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារតែកម្ពុជា មានសុខសន្តិភាព ជាមួយនឹងច្បាប់វិនិយោគល្អ និងជាប្រទេសដែលមានសក្តានុពលលើគ្រប់វិស័យរួមមាន កសិកម្ម ទេសចរណ៍ កសិឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធជាដើម។
លោកបន្តថា ជាក់ស្ដែងក្នុងឆមាសទី១ ឆ្នាំ២០១៩នេះ កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន ១៥៣គម្រោង និងមានទំហំទឹកប្រាក់ ៥,១៨១ លានដុល្លារ ដែលចំនួននេះមានការកើនឡើងបើប្រៀបធៀប នឹងរយៈពេលដូចគ្នានឹងឆមាសទី១ ក្នុងឆ្នាំ២០១៨ មានត្រឹម ១០៥គម្រោង ហើយមានទឹកប្រាក់វិនិយោគសរុប ៣,៥០០ លានដុល្លារ។
លោកបាននិយាយថា៖«មុនមកវិនិយោគក្នុងប្រទេសណាមួយ វិនិយោគិន បានគិត បានសិក្សាដោយលម្អិត ទាំងផ្នែកបច្ចេកទេស ច្បាប់ ស្ថិរភាពប្រទេស សេដ្ឋកិច្ច នយោបាយការទូត និងមានចំណុចច្រើនដទៃទៀត។ ការដែលវិនិយោគិនជាតិ និងអន្តរជាតិ មកវិនិយោគនៅក្នុងប្រទេសកម្ពុជានេះ ដោយសារវាមានកត្តាវិជ្ជមានច្រើនណាស់»។
សម្រាប់គម្រោងវិនិយោគទូទាំងប្រទេសចំនួន៤ឆ្នាំចុងក្រោយនេះ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានឲ្យដឹងបន្ថែមថា ក្នុងឆ្នាំ២០១៦ មានគម្រោងវិនិយោគសរុប ១៧១ គម្រោង មានទឹកប្រាក់វិនិយោគជាង ៣៦០០លានដុល្លារ។ ក្នុងឆ្នាំ២០១៧ មាន១៨៣ គម្រោង មានទំហំទឹកប្រាក់សរុប ៦៣៣១លានដុល្លារ។ ក្នុងឆ្នាំ២០១៨ មាន ២៥៥គម្រោង មានទឹកប្រាក់សរុប ៦៤៥១លានដុល្លារ។
លោកបន្តែមថា ក្នុងឆ្នាំ២០១៨ ខេត្ត ក្រុង ដែលមានសក្តានុពលសម្រាប់ការវិនិយោគមានដូចជា ភ្នំពេញមាន ៣៣ ភាគរយ ខេត្តព្រះសីហនុមាន ២២ ភាគរយ ខេត្តកំពង់ស្ពឺមាន ១៣ ភាគរយ ខេត្តកណ្ដាលមាន ៩ ភាគរយ និងខេត្តស្វាយរៀងមាន ៩ ភាគរយ។ ហើយចំពោះប្រទេសដែលនាំមុខគេលើការវិនិយោគមានដូចជា ប្រទេសចិន មានទំហំទឹកប្រាក់ ៣,៣០០ លានដុល្លារ ស្មើនឹងជាង ៥១ ភាគរយ ប្រទេសកម្ពុជា មានទឹកប្រាក់ជាង ២,០០០លានដុល្លារ ស្មើនឹងជាង ៣១ ភាគរយ ប្រទេសជប៉ុន មានទឹកប្រាក់សរុប ៨៨២ លានដុល្លារ ស្មើនឹងជាង ១៣ ភាគរយ និងចុងក្រោយគេ ប្រទេសថៃ មានទឹកប្រាក់វិនិយោគជាង ៥១ លានដុល្លារ ស្មើនឹង ០.៧៦ ភាគរយ៕
© រក្សាសិទ្ធិដោយ thmeythmey.com