ជាតិ
សង្គមជាតិ
រដ្ឋាភិបាល បង្កើត​គោលនយោបាយ ដើម្បី «​ឈានទៅ​ឯកភាពគ្នា​លើ​ការប្រើ​ភាសា​ខ្មែរ​»
02, Aug 2019 , 2:15 pm        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋាភិបាល បាន​បង្កើត​នយោបាយ​ជាតិ​ភាសា​ខ្មែរ ដែលមាន​គោលដៅ​ចម្បង​មួយ គឺ​ដើម្បី «កំណត់​និង​ពិនិត្យ​ឲ្យ​មាន​ឯកភាព​ក្នុងការ​ប្រើ​ភាសា​ខ្មែរ​»​។​


 
​សេចក្តី​ផ្តើម​នៃ​គោលនយោបាយ​ជាតិ​ភាសា​ខ្មែរ បានសរសេរថា នាពេល​បច្ចុប្បន្ន ការប្រើ​ភាសា​ខ្មែរ ដូចជា សំណេរ ការ​បន្លឺ​សូរ​ភាសា និង ក្បួន​វេយ្យាករណ៍ ជាដើម «​ពុំទាន់​មាន​លក្ខណៈ​ស្ដង់ដា​គ្រប់គ្រាន់​នៅឡើយ​ទេ​» ទោះជា​កម្ពុជា បាន​យក​វចនានុក្រម​ខ្មែរ បោះពុម្ព​លើក​ទី​៥ កាលពី​ឆ្នាំ​១៩៦៧-១៩៦៨ ធ្វើជា​គោល​ក៏ដោយ​។ 
 
​ម្យ៉ាងទៀត អស់​រយៈពេល​ជាង​កន្លះ​សតវត្សរ៍​មកហើយ វចនានុក្រម​ខ្មែរ មិនទាន់​ត្រូវបានធ្វើ​បច្ចុប្បន្នភាព ឲ្យ​ស្របទៅនឹង​សេចក្ដីត្រូវការ​ក្នុងការ​ប្រើ​ភាសា​ខ្មែរ​នោះទេ​។ លើសពីនេះ ការប្រើ​ភាសា​ខ្មែរ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ ដូចជា ទូរទស្សន៍ វិទ្យុ បណ្ដាញ​សង្គម បណ្ដាញសារព័ត៌មាន ប្រព័ន្ធ​អ៊ីនធឺណិត និង​លើ​រូប​សញ្ញា ឈ្មោះ​ស្ថាប័ន ឈ្មោះ​ប្រទេស ឈ្មោះ​ទីកន្លែង «​នៅមាន​កំហុសឆ្គង​និង​មិនទាន់​ឯកភាពគ្នា​»​។​
 
​ក្រៅពី​ចង់​ឲ្យ​មានការ​ឯកភាពគ្នា​លើ​ការប្រើ​ភាសា​ខ្មែរ គោលនយោបាយ​ជាតិ​ភាសា​ខ្មែរ នៅមាន គោលដៅ​ផ្សេងទៀត​ ដូចជា បង្កើន​ការប្រើ​ភាសា​ខ្មែរ​ជា​ភាសា​យាន​, ជំរុញ​និង​លើកកម្ពស់​ការប្រើ​ពាក្យ​និង​បច្ចេក​សព្ទ​ជា​ភាសា​ខ្មែរ​, ជំរុញ​ការប្រើ​ពាក្យ​និង​បច្ចេក​សព្ទ​កម្ចី​ឲ្យ​ស្របតាម​គោលការណ៍​ភាសាជាតិ​, ជំរុញ​និង​លើកកម្ពស់​ការប្រើ​ភាសា​ខ្មែរ​ឲ្យ​បាន​ទូលំទូលាយ​និង​ត្រឹមត្រូវ​, ជំរុញ​និង​លើកកម្ពស់​ការស្រាវជ្រាវ ការប្រមូល ការ​ចងក្រង ការថែរក្សា និង ផ្សព្វផ្សាយ​ឯកសារ​ទាក់ទង​នឹង​ភាសា​ខ្មែរ ។​ល​។​
 
​ចំណែក ចក្ខុវិស័យ​នៃ​គោលនយោបាយ​នេះ គឺ​ដើម្បី «​លើកកម្ពស់​កិត្យានុភាព​ភាសា​ខ្មែរ​» ឯ​គោលបំណង គឺ​ដើម្បី «​អភិរក្ស​និង​អភិវឌ្ឍ​ភាសា​ខ្មែរ​»​។ 
 
​ដើម្បី​សម្រេច​ចក្ខុវិស័យ គោលបំណង និង​គោលដៅ​ខាងលើនេះ គោលនយោបាយ​ជាតិ​ភាសា​ខ្មែរ បានកំណត់​យុទ្ធសាស្ត្រ​មួយចំនួន គឺ រៀបរៀង​វេយ្យាករណ៍​ខ្មែរ​ឲ្យ​មាន​ស្ដង់ដា​, ធ្វើ​បច្ចុប្បន្នភាព​វចនានុក្រម​ភាសា​ខ្មែរ​និង​សទ្ទានុក្រម​បច្ចេក​សព្ទ​, អភិវឌ្ឍ​និង​បង្កើត​ពាក្យថ្មីៗ​នៅក្នុង​ជំនាញ​និង​វិស័យ​ផ្សេងៗ​, ត្រួតពិនិត្យ​និង​កែតម្រូវ​ការប្រើ​ភាសា​និង​អក្សរ​ខ្មែរ​, កំណត់​គោលការណ៍​ឲ្យ​មានការ​ឯកភាព​ក្នុងការ​ប្រើ​ភាសា​ខ្មែរ​, បណ្ដុះបណ្ដាល​ធនធានមនុស្ស​ដើម្បី​អភិរក្ស​និង​អភិវឌ្ឍ​ភាសា​ខ្មែរ​, កំណត់​ឲ្យ​មានកម្ម​វិធី​រៀន​ភាសា​ខ្មែរ​នៅ​គ្រឹះស្ថានសិក្សា​ឯកជន​, លើក​ទឹក​ចិ​ត្ដ​ការបកប្រែ​សៀវភៅ​និង​ឯកសារ​នានា​ពី​ភាសាបរទេស​មកជា​ភាសា​ខ្មែរ​, យក​ចិ​ត្ដ​ទុកដាក់​លើ​ការប្រើ​ភាសា​ខ្មែរ​ក្នុង​ផ្នែក​បច្ចេកវិទ្យា​, កំណត់​គោលការណ៍​អំពី​ការ​កត់​សូរ​ភាសាបរទេស​ជា​អក្សរ​ខ្មែរ​និង​ការ​កត់​សូរ​ភាសា​ខ្មែរ​ជា​អក្សរ​ឡាតាំង​បែប​ខ្មែរ ។​ល​។​
 
​សេចក្ដីសន្និដ្ឋាន​នៃ​គោលនយោបាយ​ជាតិ​ភាសា​ខ្មែរ បញ្ជាក់​ដូច្នេះ​ថា​៖«​គោលនយោបាយ​ជាតិ​ស្ដីពី​ភាសា​ខ្មែរ ត្រូវបាន​បង្កើតឡើង ដើម្បី​លើកកម្ពស់​ឧត្តមភាព​ភាសាជាតិ​និង​ជំរុញ​ឲ្យ​មានការ​ឯកភាពគ្នា​ក្នុង​ការប្រើ​ភាសាជាតិ ដូចជា សំណេរ អំ​ណាន ការបង្កើត​ពាក្យ និង ពាក្យ​កម្ចី ជាដើម​។ ក្នុងការ​អនុវត្ត​គោលនយោបាយ​នេះ​ឲ្យ​បាន​ជោគជ័យ រដ្ឋាភិបាល​សង្ឃឹម​យ៉ាង​ម៉ុ​ត​មាំ​ថា នឹងមាន​ការចូលរួម​គាំទ្រ​ពី​គ្រប់​ក្រសួង ស្ថាប័ន និង​ភាគី​ពាក់ព័ន្ធ ទាំង​ធនធានមនុស្ស ទាំង​សម្ភារ​និង​ហិរញ្ញវត្ថុ​»​។​
 
​សេចក្តីព្រាង​ស្តីពី​គោលនយោបាយ​ជាតិ​ភាសា​ខ្មែរ ត្រូវបាន​គណៈរដ្ឋមន្ត្រី អនុម័ត​នៅ​ព្រឹក​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០១៩៕
 

Tag:
 ​គោលនយោបាយ​
  ភាសា​ខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com