ជាតិ
ឌឺដងនឹងការចាប់ខ្លួន! លោក សម រង្ស៊ី បង្ហាញពានរង្វាន់ចំនួន៤ ក្រោយហ៊ុមព័ទ្ធដោយសាលក្រមតុលាការ
× ភ្នំពេញ៖ សាលក្រមតុលាការ និងការប្រកាសចាប់ខ្លួនពីសំណាក់សមត្ថកិច្ច បានក្លាយជារឿងសាមញ្ញទៅហើយ សម្រាប់លោក សម រង្ស៊ី ថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅប្រទេសបារាំង ដោយសារហ៊ុមព័ទ្ធទៅដោយបណ្ដឹង។ មិនតែប៉ុណ្ណោះលោក សម រង្ស៊ី ក៏បានចំអកវិញថា ការប្រកាសចាប់ខ្លួនលោក តាមរយៈសាលក្រមតុលាការនេះ វាជួយឲ្យលោកទទួលបានពានរង្វាន់ប្រជាធិបតេយ្យកាន់តែច្រើនទៀតផង។
ឆ្លើយតបនឹងការតាមចាប់ខ្លួននេះ លោក សម រង្ស៊ី បានបង្ហោះរូបពានរង្វាន់ចំនួន៤ ដែលលោកទទួលបានពីសហគមអន្តរជាតិជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ពានរង្វាន់ទាំងនោះរួមមាន ពានរង្វាន់ប្រជាធិបតេយ្យពីអង្គការពិភពលោកគ្មានអំពើប្រល័យពូជសាសន៍ (World Without Genocide) របស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី៨ មិថុនា។ ពានរង្វាន់ ជើងឯកប្រជាធិបតេយ្យ និងជាបិតាសហជីពសេរីរបស់កម្មករនៅកម្ពុជា ដែលទទួលស្គាល់ពីព្រឹទ្ធសភារដ្ឋ California កាលខែឧសភា។ ពានរង្វាន់ជើងឯកប្រជាធិបតេយ្យនៅកម្ពុជា ពីអង្គការសង្គមស៊ីវិលកូរ៉េ ឈ្មោះអង្គការវេទិកាសិទ្ធិមនុស្ស និងសន្តិភាពអាស៊ី (The Asia Human Rights and Peace Forum) កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ នៅទីក្រុងក្វាងជូ ប្រទេសកូរ៉េខាងត្បូង រួមទាំងពានរង្វាន់សេរីភាព ដែលលោកទទួលបានពីអង្គការសេរីនិយមអន្តរជាតិ កាលឆ្នាំ២០០៦។
តាមរយៈការទទួលពានរង្វាន់ទាំងនេះ ទើបលោក សម រង្ស៊ី បានប្រើប្រាស់សម្តីបែបផ្លែផ្កាវិញថា នៅពេលដែលតុលាការចេញសាលក្រមដាក់ទោសខ្លួនកាន់តែខ្លាំង លោកកាន់តែទទួលបានពានរង្វាន់កាន់តែច្រើន។ មេដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ ដែលចូលចិត្តប្រើប្រាស់ពាក្យសម្តីរិះគន់ធ្ងន់ៗលើរដ្ឋាភិបាលកម្ពុជានោះ បានសរសេរនៅលើហ្វេសប៊ុកខ្លួនយ៉ាងដូច្នេះថា៖«ពួកជនផ្តាច់ការ តាមរករឿងខ្ញុំកាន់តែខ្លាំងនៅប្រទេសកម្ពុជា ខ្ញុំទទួលបានពានរង្វាន់ ជាជើងឯកសេរីភាពនិងប្រជាធិបតេយ្យកាន់តែច្រើន ពីទូទាំងពិភពលោក ដែលគេទទួលស្គាល់តម្លៃពិតប្រាកដ និងវីរភាពរបស់ខ្ញុំ»។
គិតមកដល់ពេលនេះ លោក សម រង្ស៊ី មេដឹកនាំអតីតបក្សប្រឆាំង ដែលកំពុងនិរទេសក្រៅប្រទេស បានរងបណ្តឹងពីសម្ដេច ហ៊ុន សែន និងមន្ត្រីរដ្ឋាភិបាល មិនតិចជាង១០នោះទេ ដោយក្នុងនោះ បណ្តឹង៨ ត្រូវបានជំនុំជម្រះរួចហើយ ខណៈបណ្តឹង២ទៀត កំពុងស្ថិតក្នុងនីតិវិធីរបស់តុលាការ។ បណ្ដឹងទាំង៨ ដែលតុលាការកាត់ទោសរួចហើយនោះ តម្រូវឲ្យលោក សម រង្ស៊ី ជាប់គុកប្រមាណ១៣ឆ្នាំ និងបង់ប្រាក់ជាង១លានដុល្លារ៕
Tag:
សម រង្ស៊ី
តុលាការ
ច្បាប់
ពានរង្វាន់
© រក្សាសិទ្ធិដោយ thmeythmey.com