ជាតិ
សង្គមជាតិ
អ្នកជំនាញ​៖ ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្ដាយ ធ្លាក់ចុះ​ខ្លាំង​នៅ​ទីក្រុង
04, Aug 2019 , 10:29 am        
រូបភាព
​លោក ម៉ម ប៊ុនហេង រដ្ឋ​ម​ន្រី្ត​ក្រសួងសុខាភិបាល បញ្ជាក់ថា នៅ​ទីក្រុង ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្ដាយ​មានការ​ធ្លាក់ចុះ ដោយសារ​ការងារ​គ្មាន​ពេល​គ្រប់គ្រាន់ តែ​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្ដាយ​នៅ​ជនបទ​មាន​ចំនួន​ច្រើន​។


 
​ការលើកឡើង​របស់លោក​រដ្ឋមន្ត្រី ធ្វើឡើង​ក្នុង​កិច្ច​សម្ភាស​ជាមួយ​ក្រុម​អ្នកសារព័ត៌មាន​ក្នុង​កម្មវិធី​សប្ដាហ៍​បំបៅកូន​ដោយ​ទឹកដោះ ក្នុង​ខេត្តសៀមរាប នា​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៩ ដោយមាន​ការចូលរួម​ដោយ​អភិបាលខេត្ត​សៀមរាប និង​អង្គការ​សង្គម​ស៊ីវិល​។ លោក មានប្រសាសន៍ថា ស្រី្ត​ជនបទ​ជ្រើស​យក​ការ​បំបៅកូន​ដោយ​ទឹកដោះ គឺ​មិន​ចំណាយ​ថវិកា​ច្រើន​លើ​ការថែទាំ ហើយ​ថែមទាំង​ផ្ដល់​សុខភាព​ល្អ​ដល់​កូនជាង​ការ​បំបៅកូន​ដោយ​ម្សៅ​ទឹកដោះគោ​។​
 
​នាយករង​អង្គការ Helen Keller International លោក ហ៊ូ ក្រើន អះអាងថា​៖«​ការធ្លាក់ចុះ​នៃ​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្ដាយ​ចំពោះ​កុមារ ចាប់ពី​ពេល​ប្រសូត ដល់​អាយុ​៦​ខែ មានការ​ធ្លាក់ចុះ​ខ្លាំង គឺ​ភាគច្រើន​នៅ​ទីក្រុង ដែលមាន​៦២​ភាគរយ​នៅ​ឆ្នាំ​២០១០ ធ្លាក់ចុះ​ដល់​៣៩​ភាគរយ​នៅ​ឆ្នាំ​២០១៤​។ ឯ​តំបន់​ជនបទ​មានការ​ធ្លាក់ចុះ​ត្រឹមតែ​៤​ភាគរយ គឺ​៧៤​ភាគរយ​ក្នុង​ឆ្នាំ​២០១០ ដល់​៧០​ភាគរយ​ក្នុង​ឆ្នាំ​២០១៤​។ កត្តា​ចម្បង​នៃ​ការ​ធាក់​នៃ​ការ​បំបៅកូន​ដោយ​ទឹកដោះ គឺ​កត្តា​ផ្សព្វផ្សាយ​ម្សៅ​ទឹកដោះគោ ធ្វើ​ឲ្យ​មានការ​ភាន់ច្រឡំ​ពី​គុណភាព​របស់​ម្សៅ​ទឹកដោះគោ​ជាមួយនឹង​ទឹកដោះ​ម្ដាយ​។ កត្តា​ពេលវេលា​មិន​គ្រប់គ្រាន់ ដែល​ភាគច្រើន ម្ដាយ​នៅ​ទីក្រុង​មានការ​ងារ ហើយ​ច្បាប់​សម្រាក​នៃ​មាតុភាព​ការងារ​ត្រឹមតែ​បី​ខែ​»។ 
 
​លោក​បន្តថា ការផ្លាស់ប្ដូរ​ឥរិយាបថ​ដោយ​បារម្ភ​ខ្លាច​មិនមាន​រូបរាង​ស្អាត និង​កត្តា​ចំណេះដឹង​អំពី​អត្ថប្រយោជន​ន៍​នៃ​ទឹកដោះ​ម្ដាយ របៀប​បំបៅ ស្រី្ត​មាន​បញ្ហា​សុដន់ នឹងខ្វះ​ការគាំទ្រ​ពី​គ្រួសារ​។ 
 
​លោក សូ វណ្ណ​រិ​ទ្ធិ ដែល​រស់នៅក្នុង​រាជធានី​ភ្នំពេញ ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​ថា ភរិយា​របស់លោក បំបៅកូន​ដោយ​ម្សៅ​ទឹកដោះគោរ ហើយ​លោក អះអាងថា ការ​ជ្រើស​យក​ម្សៅ​ទឹកដោះគោ គឺ​ដោយសារ​ប្រពន្ធ​របស់លោក មាន​បញ្ហា​សុខ​ភា​ភ​។ លោក វណ្ណ​រិ​ទ្ធិ​ថា​៖«​ប្រពន្ធ​ខ្ញុំ​មាន​បញ្ហា​សុខភាព ហើយ​ពេលខ្លះ​កូនបៅ​ទឹកដោះ​ម្ដាយ​និង​ពេលខ្លះ​បៅ​ម្សៅ​ទឹកដោះគោ​។ ប្រពន្ធ​ខ្ញុំ​ធ្វើការ​ជា​ចុងភៅ ហើយ​កន្លែង​ការងារ​ច្បាប់ឈប់​បាន​បី​ខែ​។ ឥឡូវ កូន​ខ្ញុំ អាយុ​២៨​ខែ បៅ​ម្សៅ​ទឹកដោះគោ​ផង និង​ទឹកដោះ​ម្ដាយ​ផង​»​។ លោក វណ្ណ​រិ​ទ្ធ អះអាងថា កូន​របស់លោក​មាន​សុខភាព​រឹងមាំ​ល្អ មិនមាន​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ឡើយ​។ 
 
​រីឯ​ការថយចុះ​៤​ភាគរយ​នៃ​ការ​បំបៅកូន​ដោយ​ទឹកដោះ​នៅ​តំបន់​ជនបទ នាយករង​អង្គការ Helen Keller International បញ្ជាក់ថា «​ដោយសារ​ស្រី្ត​ជា​ម្ដាយ​ភាគច្រើន​មានមុខ​របរ​ធ្វើស្រែ​ចម្ការ ហេតុនេះ អំឡុងពេល​សម្រាលកូន​មាន​ពេល​គ្រប់គ្រាន់​។ ការផ្សាយពាណិជ្ជកម្ម​ម្សៅ​ទឹកដោះគោ​មិនទាន់​រាលដាល​ខ្លាំង​ដល់​អ្នក​នៅ​តំបន់​ជនបទ​ទេ​។​» ក្រៅពីនេះ លោក បន្ថែមថា អង្គការ​សង្គម​ស៊ីវិល​និង​ម​ន្រី្ត​សុខាភិបាល​បាន​ចុះ​ផ្សព្វផ្សាយ​ពាក់ព័ន្ធ​ចំណេះដឹង​ការ​បំបៅកូន​ដោយ​ទឹកដោះ​និង​អនាម័យ ចំពោះ​ប្រជាជន​តាម​ជនបទ​ច្រើន​។ 
 
​អ្នកស្រី ទាន់ ផល រស់នៅ​ភូមិ​ត្រពាំង​ស្វាយ ឃុំ​លាងដៃ ស្រុក​អង្គ​ធំ ខេត្តសៀមរាប បំបៅកូន​ដោយ​ទឹកដោះ លើកឡើងថា កូន​របស់​អ្នកស្រី ជា​កូន​ដំ​បូង មាន​សុខ​ភាពល្អ​មិនដែល​ឈឺ​អ្វី​ឡើយ​។ ម្ដាយ​វ័យ​២០​ឆ្នាំ​រូបនេះ ឲ្យ​ដឹងថា​៖«​ការ​បំបៅកូន​ដោយ​ទឹកដោះ គឺ​មិន​ចំណាយ​ប្រាក់​ច្រើន ហើយ​គ្រូពេទ្យ អង្គការ នឹង​ចាស់ៗ​ក្នុង​គ្រួសារ​ប្រាប់ថា ទឹកដោះ​ម្ដាយ​ល្អ​សម្រាប់​កូន​។ ខ្ញុំ​នៅតែ​ផ្ទះ​អាច​បំបៅ​ដោះ​កូន​បាន ព្រោះ​ខ្ញុំ​មិនមាន​ការងារ​អ្វី​ផ្សេង ក្រៅពី​ការងារ​ផ្ទះ​និង​មើល​កូន​។​»
 
​ពាក់ព័ន្ធ​នឹង​ការ​បំបៅកូន​ទឹកដោះ​ម្ដាយ អ្នកស្រី ញ៉ូ​វ ស៊ី​មាន ប្រធាន​គម្រោង​អាហារ​រូប​ត្ថ​ម្ភ​និង​អនាម័យ​នៃ​អង្គការ Save The Children ប្រចាំខែ​សៀម​រាម បាន​ឲ្យ​ដឹងថា ខេត្ត​ចំនួន​បី គឺ​បាត់ដំបង ពោធិ៍សាត់ និង សៀមរាប​។ ការកើនឡើង​ពី​៩៤.៣​នៅ​ឆ្នាំ​២០០៥ ដល់​៩៧.៣ នៅ​ឆ្នាំ​២០១៨ ចំពោះ​កុមារ​ដែល​បំបៅកូន​ដោយ​ទឹកដោះ​ចាប់ពី​ប្រសូត ដល់​អាយុ​២៤​ខែ​។ 
 
​អង្គការ​សង្គម​ស៊ីវិល ជំរុញ​ឲ្យ​ក្រសួងសុខាភិបាល​ចាត់ការ​ផ្លូវច្បាប់​លើ​ក្រុមហ៊ុន​ម្សៅ​ទឹកដោះគោ ដែល​ផ្សព្វផ្សាយ​ធ្វើ​ឲ្យ​មហាជន​ភាន់ច្រឡំ​និង​ខុសពី​អនុក្រឹត្យ​លេខ​១៣៣ កាលពី​ឆ្នាំ​២០០៥ ស្ដីពី​ការផ្សព្វផ្សាយ​លក់​ផលិតផល​សម្រាប់​ចិញ្ចឹម​ទារក និង​កុមារ​។ របាយការណ៍​ស្រាវជ្រាវ​មួយ​របស់​អង្គការ​ទស្សនៈ​ពិភពលោក និង​អង្គការ Helen Keller International នៅ​ឆ្នាំ​២០១៨ បាន​រកឃើញថា ៩៨​ភាគរយ​នៃ​ផលិតផល​ម្សៅ​ទឹកដោះគោ បាន​រំលោភ​លើ​សេចក្ដីណែនាំ​របស់​រដ្ឋាភិបាល​កម្ពុជា​។ ការរំលោភ​លើ​សេចក្ដីណែនាំ​នេះ រួមមាន ការមិន​មាន​សារ​ជា​ភាសា​ខ្មែរ​ផលិតផល មិនមាន​សារ​ព្រមាន​ពី​គ្រោះថ្នាក់​ប្រើប្រាស់​ម្សៅ​ទឹកដោះគោ និង​ការលើកកម្ពស់​គុណ​តម្លៃ​នៃ​ទឹកដោះ​ម្ដាយ​។ 
 
​យ៉ាងណាក៏ដោយ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ក្នុង​ពិធី​សប្ដាហ៍​ពិភពលោក​បំបៅ​ដោះ​កូន​ដោយ​ទឹក​ម្ដាយ​ឆ្នាំ​២០១៩ កាលពី​ថ្ងៃទី​៣០​កក្កដា នៅ​ខេត្តសៀមរាប មិន​បង្ហាញ​ទិន្នន័យ​ចំនួន​ក្រុមហ៊ុន​និង​ឈ្មោះ​ក្រុមហ៊ុន​ម្សៅ​ទឹកដោះគោ​ដែល​ត្រូវបាន​ពិន័យ​។ ទន្ទឹមនេះ លោក​រដ្ឋ​ម​ន្រី្ត បាន​ជំរុញ​ឲ្យ​មាន​ទារកដ្ឋាន​នៅ​កន្លែង​ការងារ ដើម្បី​សម្រួល​ដល់​ស្រី្ត​មានកូន ដោយ​ច្បាប់​មាតុភាព​សម្រាក់​៣​ខែ ដែល​ត្រូវ​បំបៅកូន​ដោយ​ទឹកដោះ​ម្ដាយ​៦​ខែ​។ 
 
​សូមបញ្ជាក់ថា កម្ពុជា មានការ​ធ្លាក់ចុះ​ពី​ចំនួន​៧៣.៥​ភាគរយ​នៅ​ឆ្នាំ​២០១០ មកដល់ ៦៤.៦​ភាគរយ​នៅ​ឆ្នាំ​២០១៤​កន្លងមក​។ លោក ហ៊ូ ក្រើន បញ្ជាក់ថា​ការ​បំបៅកូន​ដោយ​ទឹក​ម្សៅ​ទឹកដោះគោ​បាន​កើនឡើង​គួ​ឲ្យ​កត់សម្គាល់​ពី​១១.៨​ភាគរយ នៅ​ឆ្នាំ​២០១៥ ដល់​២៤.៧​ភាគរយ នៅ​ឆ្នាំ​២០១០ ហើយ​បន្ត​កើនឡើង​ជាង​៣០​នៅ​ឆ្នាំ​២០១៤​។ ពលរដ្ឋ​កម្ពុជា ខាតបង់​ជាង​១០០​លាន​ដុល្លា​ក្នុង​មួយឆ្នាំ លើ​ការចំណាយ​លើ​ផលិតផល​ម្សៅ​ទឹកដោះគោ​៕ 

Tag:
 បំបៅ​ដោះ​
  ទឹកដោះ​ម្ដាយ​
  ម្សៅ​ទឹកដោះគោ
© រក្សាសិទ្ធិដោយ thmeythmey.com