កីឡាជាតិ
ជាតិ
កំពង់ចាមបាន៣ពិន្ទុលើកទី២ បឹងកេតមិនទាន់ស្គាល់ចាញ់ក្នុងដី រីឯវិសាខាបន្តជោគជ័យ៧ប្រកួតជាប់គ្នា ក្រុមវិសាខា (ខៀវ) និងក្រុមអង្គរថាយហ្គឺរ បង្ហាញការគោរពគ្នាទៅវិញទៅមក ក្រោយចប់ការប្រកួត។ រូបថត CNCC
× កំពង់ចាម បានទទួលជ័យជម្នះលើយុវជនបាទីដែលជាម្ចាស់ផ្ទះក្នុងលទ្ធផល ១-០ រីឯម្ចាស់ផ្ទះបឹងកេតយកឈ្នះក្រសួងការពារជាតិ ៤-៣ មុនពេលវិសាខា ស៊ីក្រុមភ្ញៀវអង្គរថាយហ្គឺរ ២-១ សម្រាប់ការប្រកួតសប្តាហ៍ទី១៨ នៃក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគឆ្នាំ២០១៩ នាថ្ងៃទី៣ ខែសីហា។
វ៉ាន់ក្រី វ៉ាន់នី បានស៊ុតបាល់បញ្ចូលទីនៅនាទី៦៤ នៅកីឡដ្ឋានរបស់យុវជនសាលាបាល់ទាត់ជាតិបាទី ដែលនាំឲ្យក្រុមទទួលបាន៣ពិន្ទុជាលើកទី២ ក្រោយចាញ់១៧ប្រកួតជាប់គ្នាក្នុងរដូវកាល។ ជ័យជម្នះលើកដំបូងរបស់ពួកគេ គឺពេលប្រកួតបើកឆាកនៅទឹកដីអគ្គិសនីកម្ពុជា នៅសប្តាហ៍ទី១ ក្នុងលទ្ធផល ១-០ ដូចគ្នា។
ជ័យជម្នះនេះ នាំឲ្យកំពង់ចាមបាន៦ពិន្ទុ ខណៈយុវជនបាទីធ្លាក់ទៅលេខរៀងចុងគេវិញ ដោយមានត្រឹម៣ពិន្ទុ។
បឹងកេតរក្សាកំណត់ត្រាមិនទាន់ស្គាល់ចាញ់៤ប្រកួតជាប់គ្នា នៅកីឡដ្ឋានកីឡដ្ឋានខេមបូឌា អ៊ែរវ៉េ ដែលខ្លួនរៀបចំសម្រាប់ការប្រកួតនៅក្នុងទឹកដី។ នៅសប្តាហ៍ទី១៨នេះ ពួកគេបានយកឈ្នះក្រុមភ្ញៀវក្រសួងការពារជាតិ ៤-៣។
នៅដើមតង់ Na Hyongsung ស៊ុតបាល់បញ្ចូលទីនាំមុខឲ្យការពារជាតិ តែ Julius Oiboh តាមស្មើវិញនៅនាទី២៣ ហើយ Purcino Luiz Eduardo បង្កើតការនាំមុខ ២-១ សម្រាប់បឹងកេត។ រ៉ឹង ប៊ុនហៀង វាយបកបាននៅនាទី៤៣ ដែលធ្វើឲ្យការប្រកួតបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ នៅតង់ទីមួយ។ ឈានដល់ដើមតង់ទីពីរ Khan Mohammed Feez ជួយឲ្យការពារជាតិនាំមុខសារជាថ្មី ប៉ុន្តែបឹងកេតរកបាន២គ្រាប់វិញ ដែលសម្រេចជាបន្តបន្ទាប់ដោយ លី មីហ្សាន និង Samuel Gbenga។
បឹងកេតទទួលបានពិន្ទុសរុប៣៧ ខណៈក្រសួងការពារជាតិរក្សានៅ២៩ពិន្ទុ ក្រោយប្រកួត១៨សប្តាហ៍ដូចគ្នា។
រីឯជំនួបនៅកីឡដ្ឋានវិសាខា ក្រុមម្ចាស់ផ្ទះដណ្តើមបានលេខបីបណ្តោះអាសន្នពីអង្គរថាយហ្គឺរដែលជាក្រុមភ្ញៀវ ជាមួយនឹងលទ្ធផល ២-១។ ឆុំ ភីសា រកបានគ្រាប់បញ្ចូលទីនាំមុខនៅនាទី៣៨ សម្រាប់អង្គរថាយហ្គឺរ តែ Ajayi Opeyemi Korede ក្លាយជាកីឡាករឆ្នើមប្រចាំការប្រកួតតាមរយៈការសម្រេចបានពីរគ្រាប់សម្រាប់វិសាខា នៅនាទី៤១ និង៥២។
លទ្ធផលនេះ នាំឲ្យវិសាខារក្សាកំណត់ត្រាឈ្នះ៧ប្រកួតជាប់ៗគ្នា បើគិតចាប់តាំងពីពួកគេបានចាញ់អាស៊ីអឺរ៉ុប ៣-១ នៅទឹកដីរបស់ខ្លួន កាលពីសប្តាហ៍ទី១១។
វិសាខាឡើងពិន្ទុដល់៤០ ខណៈអង្គរថាយហ្គឺរធ្លាក់ពីចំណាត់ថ្នាក់លេខ៣វិញ ដោយរក្សា៣៧ពិន្ទុ ក្រោយប្រកួត១៨លើក៕
© រក្សាសិទ្ធិដោយ thmeythmey.com