អន្តរជាតិ
២០​នាក់​ស្លាប់​ដោយសារ​ករណី​បាញ់រះ​ក្នុង​ហាង​ទំនិញ​នៅ​រដ្ឋ​តិច​សាស
04, Aug 2019 , 10:33 am        
រូបភាព
ដោយ:
​ខ្មាន់កាំភ្លើង​ម្នាក់ ប្រដាប់​ដោយ​កាំភ្លើង AK-47 បាន​បើក​ការបាញ់ប្រហារ​លើ​មនុស្ស​ក្នុង​ហាង​ទំនិញ Walmart ក្នុង​ក្រុង El Paso នា​រដ្ឋ​តិច​សាស (Texas) សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​សៅរ៍​ទី ៣ សីហា ។ មនុស្ស ២០​នាក់ បាត់បង់​ជីវិត និ​២៦​នាក់​ផ្សេងទៀត រងរបួស ក្នុង​ហេតុការណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ។​

 
​ក្នុង​សន្និសីទកាសែត​មួយ អភិបាលរដ្ឋ Texas លោក Greg Abbott លើកឡើងថា ជនស្លូតត្រង់ ២០ នាក់ មកពី​ក្រុង El Paso បាត់បង់​ជីវិត ក្នុង​ហេតុការណ៍​បាញ់រះ​ចុងក្រោយបង្អស់​នៅ​អាមេរិក​នេះ​។ លោក​អភិបាលរដ្ឋ​វ័យ​៦១​ឆ្នាំ​រូបនេះ បាន​សង្កត់ធ្ងន់ថា អាជ្ញាធរ នឹង​ជួយ​ទំនុកបម្រុង​ជនរងគ្រោះ និង​សមាជិកគ្រួសារ​ពួកគេ ។​
 
​នេះ ជាការ​បាញ់រះ​លើក​ទី​ពីរ​ហើយ​ក្នុង​រយៈពេល​តិចជាង​មួយ​សប្តាហ៍ នៅ​ហាង​ទំនិញ Walmart ហើយ​វា​កើតឡើង​ក្រោយពី​ការបាញ់រះ​ក្នុង​រដ្ឋ កាលីហ្វ័រ​នីញ៉ា​កាលពី​សប្តាហ៍​មុន​។  
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ស្នងការ​ប៉ូលិស​ក្រុង El Paso លោក Greg Allen បញ្ជាក់ទៀតថា ក្រៅពី​អ្នកស្លាប់ ២០​នាក់ ក៏មាន​អ្នករបួស ២៦​នាក់​ផ្សេងទៀត​ផងដែរ​។ របាយការណ៍​ជាច្រើន បង្ហាញថា អាយុ​ជនរងគ្រោះ ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ ចន្លោះ​ពី ២ ទៅ ៨២​ឆ្នាំ ។ 
 
​សមត្ថកិច្ច​អាមេរិក អះអាងថា នាពេល​កើតហេតុ ហាង​ទំនិញ Walmart  មាន​អតិថិជន​ចន្លោះ​ពី ១០០០ ទៅ ៣០០០ នាក់​ស្ថិតនៅ​ក្នុងនោះ​។ 
 
​ក្រោយ​កើតហេតុ មនុស្ស​បីនាក់ ត្រូវបាន​ឃាត់ខ្លួន ហើយ​សមត្ថកិច្ច បញ្ជាក់ថា បុរស​វ័យ ២១​ឆ្នាំ​ម្នាក់​មកពី​ក្រុង Allen រដ្ឋ​តិច​សាសជា​មនុស្ស​តែ​ម្នាក់ ដែល​ត្រូវបាន​ឃុំខ្លួន​ជា​បណ្តោះអាសន្ន រង់ចាំ​ការសួរចម្លើយ​។ តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក ជនសង្ស័យ​ម្នាក់​នោះ​មាន​ឈ្មោះថា Patrick Crusius ។​
 
​សាក្សី​ជាច្រើន បាន​និយាយថា ខ្មាន់កាំភ្លើង​ចាប់ផ្តើម​ការបាញ់ប្រហារ​នៅវេលា​ម៉ោង​ប្រហែល ១០ និង​៣០​នាទី ព្រឹក (​ម៉ោង​ក្នុងស្រុក​) ។ បុរស​ជា​ខ្មាន់កាំភ្លើង​រូបនេះ ពាក់អាវ​យឺត​ពណ៌​ខ្មៅ ខោ​កាបូ​យ និង​ពាក់​កាស​ការពារ​សំឡេង​។ 
 
​ក្រោយ​លឺដំណឹង​ដ៏​រន្ធត់​នេះ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ដែល​កំពុង​ចំណាយពេល​ចុង​សប្តាហ៍​លេង​វាយ​កូន​ហ្គោល នៅ​រដ្ឋ New Jersey បាន​ថ្កោលទោស​ការបាញ់រះ​ដ៏​ព្រៃផ្សៃ​នេះដែរ​។ «​នេះ ជា​រឿង​អាក្រក់​ដ៏​បំផុត , មនុស្ស​ជាច្រើន បាន​ស្លាប់​»​។ លោក ត្រាំ សរសេរ​ក្នុង​គណនី twitter ផ្លូវ​ការខ្លួន​ដូច្នេះ​៕

Tag:
 អាមេរិក​
  តិច​សាស
© រក្សាសិទ្ធិដោយ thmeythmey.com