អន្តរជាតិ
ប៉េកាំង​ព្រមាន​ភាគី​ដែល​ចង់​ជ្រៀតជ្រែក​គោលនយោបាយ​«​ប្រទេសមួយ ប្រព័ន្ធ​ពីរ​» របស់ខ្លួន​
04, Aug 2019 , 1:59 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ថ្លែង​បញ្ជាក់​ជាថ្មី​ថា គោលនយោបាយ​«​ប្រទេសមួយ ប្រព័ន្ធ​ពីរ​» ជា​អ្វីដែល​សហគមន៍​អន្តរជាតិ ត្រូវ​យល់​ឲ្យ​បាន​ច្បាស់ មុន​ចាប់ផ្តើម​វាយតម្លៃ​។ ក្រុង​ប៉េកាំង​ក៏បាន​ព្រមាន​ជាមុន និង​ក្រើនរម្លឹក​ដែរ​ដល់​ភាគី​ពាក់ព័ន្ធ កុំ​ចង់​ជ្រៀក​ជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន ខណៈ​ចលនា​ប្រឆាំង​នៅ​ហុងកុង កាន់តែ​ឡើងក​ម្តៅ​។

 
​បេសកជន​ចិន​ប្រចាំ​អង្គការសហប្រជាជាតិរ​បស់​ចិន លោក Zhang Jun នៅ​ថ្ងៃទី​២ សីហា បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ឲ្យ​បានដឹងថា បាតុកម្ម​នៅក្នុង​ហុងកុង បាន​ប្រព្រឹត្ត​ប្រាសចាក​ឆ្ងាយ​ពី​ធាតុពិត​នៃ​បាតុកម្ម​ដោយ​សន្តិវិធី​។ លោក អះអាងថា ចលនា​នោះ​ជា​សកម្មភាព​ហិង្សា និង​មាន​លក្ខណៈ​បង្ក​ភាពអនាធិបតេយ្យ​ខ្លាំង​ដែល​ត្រូវមាន​ការគ្រប់គ្រង​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua​។  
 
​តាម​ប្រភពព័ត៌មាន​ដដែល​នោះ បេសកជន ដែល​ទើប​កាន់តំណែង​រូបនេះ​រូប បាន​បន្តថា ទង្វើ​នេះ មិនគួរ​អនុញ្ញាត​ឲ្យ​បន្ត​កើតឡើង​ទៀតឡើយ​។ លោក សង្កត់ធ្ងន់ថា ប្រជាជន​គួរតែ​យល់​ឲ្យ​ច្បាស់​ថា មូលដ្ឋានគ្រឹះ​នៃ​គោលនយោបាយ ប្រទេសមួយ ប្រព័ន្ធ​ពីរ គឺជា​គោលការណ៍​មួយ​របស់​ប្រទេស ដែល​គ្មាន​ជន​ណាមួយ​អាច​បំពាន​ក្នុង​គោលដៅ​បំផ្លាញ​សន្តិសុខ​ជាតិ និង​អធិបតេយ្យ​របស់​ចិន​បានឡើយ​។ 
 
​លោក គូសបញ្ជាក់ថា ស្ថានភាព​ហិង្សា​នៅ​ហុងកុង បានធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ខ្លាំង​ដល់​អ្នកវិនិយោគ​អន្តរជាតិ ក៏ដូចជា​ភ្ញៀវ​អន្តរជាតិ ទៅកាន់​ទីនោះ​ទៀតផង​។ លោក ក៏បាន​ព្រមាន​យ៉ាង​ដូច្នេះ​ថា​៖« យើង នឹងមិន​អនុញ្ញាត​ឲ្យ​ប្រទេស ឬ​ក្រុម ឬ​បុគ្គល​ណាមួយ ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន ជាពិសេស​លើ​បញ្ហា​នៅក្នុង​តំបន់ ស៊ីន​ជាំ​ង​, ទី​បេ​, ហុងកុង និង​បញ្ហា​ផ្សេងទៀត​បានឡើយ​»​។ 
 
​សេចក្តីថ្លែងការណ៍​ជា​ចំហរ​របស់​បេសកជន​ចិន​ប្រចាំ​អង្គការសហប្រជាជាតិ​រូបនេះ ធ្វើឡើង​ស្របពេល​ដែល​ចលនា​បាតុកម្ម​ប្រឆាំង​គោលនយោបាយ​រដ្ឋាភិបាល​ចិន​លើ​ការគ្រប់គ្រង​ហុងកុង នៅតែ​បន្ត​តានតឹង ហើយ​កាន់តែ​ធ្ងន់ធ្ងរ​នោះ​បាតុកម្ម បាន​ឈានដល់​ហិង្សា ខណៈ​ប្រទេស​លោកខាងលិច​មួយចំនួន បន្ត​ចេញមុខ​រិះគន់​រដ្ឋាភិបាល​ចិន​លើ​ចំណាត់ការ​គ្រប់គ្រង​នេះ​។ 
 
​សូម​ជម្រាប​បន្តិច​ថា ការគ្រប់គ្រង​រដ្ឋ​តាមរបៀប «​ប្រទេសមួយ ប្រព័ន្ធ​ពីរ​»​ជាគោលការណ៍​ដែល​បង្កើតឡើង​ជំនាន់​ប្រធានាធិបតី តេង ស៊ា​វ​ភីង​។ គោលការណ៍​នេះ មាន​គោលដៅ​ដើម្បី​បង្រួបបង្រួម​ប្រទេស​ចិន​ទាំងមូល ដោយ​អនុញ្ញាត​ឲ្យ​តំបន់​ហុងកុង និង​ម៉ា​កាវ ដែល​សុទ្ធតែជា​តំបន់​មាន​សេដ្ឋកិច្ច​រឹងមាំ អាច​រក្សាទុក​ប្រព័ន្ធគ្រប់គ្រង​របស់ខ្លួន​បាន ខុសពី​តំបន់​ដទៃទៀត​នៅ​ចិន​៕ 

Tag:
 ចិន​
  ហុងកុង​
© រក្សាសិទ្ធិដោយ thmeythmey.com