អន្តរជាតិ
មូលហេតុ​ចម្បង​ដែល​បណ្តាល​ឲ្យ​ខ្លាឃ្មុំ «​ផេ​ន​ដា​» ខិត​ទៅរក​ការ​ផុត​ពូជ​
05, Aug 2019 , 8:29 am        
រូបភាព
​ផេ​ន​ដា (Panda) ជា​សត្វ​ខ្លាឃ្មុំ​មួយ​ប្រភេទ ដែលមាន​លក្ខណៈ​ងាយស្រួល​ចំណាំ ដោយសារ​វា​មាន​រោម​ក្រាស់​ពណ៌​ស លាយ​ខ្មៅ​។ សត្វ​ខ្លាឃ្មុំ​ដទៃ ដូចជា​ខ្លាឃ្មុំ​ទឹកកក ឬ​ខ្លារ​ឃ្មុំ​ភ្នំ មិនមាន​ពណ៌​ពីរ​ដូច​ខ្លាឃ្មុំ​ផេ​ន​ដា​នោះទេ​។ នេះ​ជា​លក្ខណៈ​ប្លែក​ពិសេស​មួយ​ក្នុងចំណោម​លក្ខណៈពិសេស​ផ្សេងទៀត​។

 
​មិន​ត្រឹមតែ​ប៉ុណ្ណោះ ផេ​ន​ដា​មិន​ស៊ី​អ្វី​ក្រៅពី​ឫស្សី​សម្រាប់​ជា​ចំណី​របស់​វា​នោះទេ​។ ខ្លាឃ្មុំ​ដទៃ​ស៊ី​ចំណី​ជាច្រើន​ប្រភេទ​លាយ​បញ្ចូល​គ្នា​ដូចជា ផ្លែឈើព្រៃ សត្វ​ត្រី ឬ​សត្វល្អិត​ជាដើម​។ ប៉ុន្តែ​សព្វថ្ងៃ ផេ​ន​ដា​ត្រូវបាន​គេ​ចាត់ទុកថា ជា​សត្វ​មួយ​ក្នុងចំណោម​សត្វ​ជាច្រើន​ទៀត​ដែល​កំពុង​នឹងរង​គ្រោះ​អាច​នឹង​ឈានទៅ ផុត​ពូជ​ផង​។ នេះ​បើតាម​ការបកស្រាយ​ចេញពី​គេហទំព័រ​វិទ្យាសាស្ត្រ​មួយ​ឈ្មោះថា Sciencing ។​
 
​ការបាត់បង់​ទីជម្រក​រស់នៅ ជា​បញ្ហា​មួយ​យ៉ាង​ធំ​សម្រាប់​សត្វ​នេះ​។ ការកាប់បំផ្លាញ​ព្រៃឈើ ជាពិសេស​ព្រៃ​ដែល​គ្របដណ្តប់​ដោយ​ដើម​ឫស្សី​នៅតាម​ប្រទេស​ចិន ឡាវ វៀតណាម ឬ​មី​យ៉ាន​ម៉ា ជាដើម​។ តែ​ជាទូទៅ ផេ​ន​ដា​ព្រៃ ត្រូវបាន​គេ​រកឃើញ​នៅតែ​ក្នុង​ទឹកដី​ចិន​តែប៉ុណ្ណោះ​។ 
 
​អ្នកវិទ្យាសាស្ត្រ​បាន គិតទុក​ថា នៅក្នុង​ពិភពលោក​សព្វថ្ងៃ មាន​ផេ​ន​ដា​តែ​ប្រមាណ​ជា​១៨០០​ក្បាល​ប៉ុណ្ណោះ​ដែល​នៅ​សេសសល់ តិចជាង​អ្វីដែល​គេ​បាន​រំពឹងទុក​ពីមុន​។ ការបាត់បង់​ទីជម្រក​គឺជា​ការបាត់បង់​កន្លែង​រក​អាហារ ហើយ​ការឆ្លង​ទៅរក​ព្រៃ​ថ្មីៗ​ត្រូវបាន​កាត់ផ្តាច់​ដោយ​សារ​ទីលំនៅ​របស់​មនុស្ស​នៅតាម​ទីប្រជុំជន​។ ម្យ៉ាងវិញទៀត ផេ​ន​ដា​មិន​ងាយ​សម្រប​ជាមួយនឹង​បរិស្ថាន​ថ្មី​របស់​វា​បាន​នោះទេ​។​
 
​សត្វ​ផេ​ន​ដា មិនអាច​ស៊ី​អ្វី​ខុសពី​ឫស្សី​នោះទេ ហើយ​ទំហំ​ខ្លួនប្រាណ​ដ៏​ធំ​រប​ស់វា ក៏​ធ្វើ​ឲ្យ​មាន​ភាពលំបាក​ក្នុងការ​ធ្វើដំណើរ​ទៅមក​ផងដែរ​។ 
 
​រឿង​មួយទៀត​គឺ​ការពិបាក​បន្ត​ពូជ​។ ជាធម្មតា ខ្លាឃ្មុំ​ទូទៅ​អាច​ផ្តល់កំណើត​បានកូន​ចំនួន​បី​ក្បាល ក្នុងពេល​ផ្តល់កំណើត​ម្តងៗ ហើយ​ក្នុងចំណោម​បី​នោះ មួយ​នឹងមាន​ជីវិត​រហូតដល់​វ័យ​បន្ត​ពូជ​។ តែ​សម្រាប់​ផេ​ន​ដា​វិញ ដោយសារតែ​របប​អាហារ​របស់​វា​មិនអាច​ធ្វើ​ឲ្យ​វា​មាន​ជីវជាតិ​គ្រប់គ្រាន់ ផេ​ន​ដា​ភាគច្រើន​អាចបង្កើត​កូន​ម្តង​បាន​តែមួយ​ប៉ុណ្ណោះ​។ ក្នុងករណី​ដែល​ផេ​ន​ដា​អាច​បង្កើតកូន​បាន​ពីរ នោះ​កូន​ដែល​តូច​ជាងគេ​នឹងត្រូវ​ម្តាយ​របស់​វា​ទុកចោល ដោយសារតែ​ទឹកដោះ​របស់​ផេ​ន​ដា មិនអាច​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​ចិញ្ចឹម​កូន​រហូត​ទៅដល់​ពីរ​ក្បាល​នោះឡើយ​។ 
 
​ការរក​គូរ​ក្នុងការ​បន្ត​ពូជ​ក៏​ជា​រឿង​មួយ​លំបាក​ផងដែរ សម្រាប់​ស្ថាប័ន​ដែល​កំពុងតែ​មើលថែ​សត្វ​មួយ​ប្រភេទ​នេះ​។ គេ​មិនអាច​ធានាបាន​ថា សត្វ​ផេ​ន​ដា​ញី​ឈ្មោល​នឹង​បន្ត​ពូជ​ដោយ​ខ្លួនឯង​នោះទេ ទោះបីជា​គេ​ដាក់​ផេ​ន​ដា​ទាំងពីរ​ភេទ​នេះ​ឲ្យ​នៅ​ជាមួយគ្នា​អស់​រាប់​ឆ្នាំ​ក៏ដោយ​។ 
 
​មួយវិញទៀត ផេ​ន​ដា​ញី​ដែល​ត្រូវបាន​គេ​ចិញ្ចឹម​ថែរក្សា ភាគច្រើន​បង្ហាញ​ពី​អារម្មណ៍​មិន​ប្រក្រតី​ជាមួយនឹង​កូន​របស់​វា​។ ក្រោយពី​ពេល​បង្កើតកូន​រួច​នៅ​កន្លែង​ចិញ្ចឹម ផេ​ន​ដា​ញី​តែង​ទុក​កូន​ចោល ឬ​ពេលខ្លះ​ចង់​បង្ក​គ្រោះថ្នាក់​ដល់​កូន​របស់​វា​ទៀតផង​។ ហេតុដូចនេះ អ្នកជំនាញ​ខាង​ការពារ​សត្វព្រៃ​ត្រូវតែមាន​វត្តមាន​ចាំមើល​ថែកូន​របស់​វា​ជានិច្ច​។ 
 
​ការ​បរបាញ់​ដោយ​ខុសច្បាប់​ក៏​ជា​រឿង​មួយ​ដែល​លំបាក​ក្នុងការ​ដោះស្រាយ​ផងដែរ​។ អ្នក​បរបាញ់​ភាគច្រើន​តែង​យក​ស្បែក​របស់​សត្វ​មួយ​នេះ​ទៅលើ​នៅក្នុង​ទីផ្សារងងឹត​។ ប្រទេស​ចិន​អនុវត្ត​ទោស​យ៉ាងធ្ងន់ធ្ងរ​ប្រឆាំងនឹង​អ្នកប្រព្រឹត្ត​អំពើ​ខុសច្បាប់​មួយ​នេះ​។ ទោះបីជា​យ៉ាងណាក៏ដោយ ការហាមឃាត់​នេះ​មិន​អាចមាន​ប្រសិទ្ធភាព​ទាំងស្រុង​ដែរ​៕

Tag:
 ខ្លាឃ្មុំ​ផេ​ន​ដា​
 ​ចំណេះដឹង​ទូទៅ​
© រក្សាសិទ្ធិដោយ thmeythmey.com