អ្នកបើក​ទូក​នៅ​កំពង់​ភ្លុក ត្អូញ​ពី​ការរកចំណូល ដោយសារ​ទឹកទន្លេ​ស្រក​ធ្វើ​ឲ្យ​ស្ងាត់​ភ្ញៀវទេសចរ​
ជាតិ
អ្នកបើក​ទូក​នៅ​កំពង់​ភ្លុក ត្អូញ​ពី​ការរកចំណូល ដោយសារ​ទឹកទន្លេ​ស្រក​ធ្វើ​ឲ្យ​ស្ងាត់​ភ្ញៀវទេសចរ​
05, Aug 2019 , 8:59 am        
រូបភាព
​អ្នក​បើកទូក​ក្នុង​តំបន់​កំពង់​ភ្លុក ត្អូញត្អែរ​ពី​ការធ្លាក់ចុះ​ភ្ញៀវទេសចរ នៅពេល​ទឹក​ស្រក​ក្នុង​ចុងខែ​កក្កដា​និង​ដើម​សីហា​នេះ ដោយសារ​តំបន់​មួយចំនួន​មិនអាច​ចូល​កម្សាន្ត​និង​ទស្សនា​បាន​។ អ្នក​បើកទូក អាច​ដឹក​ភ្ញៀវ​បានត្រឹមតែ​២​ទៅ​៣​ជើង​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ សម្រាប់​ទស្សនា​ក្នុង​តំបន់​កំពង់​ភ្លុក​។

 
​លោក ប៉ែន វី ជា​អ្នក​បើកទូក​ដឹក​ភ្ញៀវទេសចរ​នៅ​តំបន់​កំពង់​ភ្លុក ក្នុងភូមិ​កំពង់​ភ្លុក ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង បាន​និយាយថា​៖«​បញ្ហាលំបាក​គឺ​អត់​មានទឹក​។ ភ្ញៀវទេសចរ​មកលេង ពេល​ឃើញ​ទឹក​ស្រក​មិន​ចង់​ជិះទូក​»​។  


 
​អ្នកបើក​ទូក​វ័យ​៣០​ឆ្នាំ​រូបនេះ បន្តថា អំឡុងពេល​ទឹក​ស្រក ភ្ញៀវទេសចរ ដែល​ជិះទូក គឺ​មានតែ​ភ្ញៀវទេសចរ ដែល​ចង់ដឹង​អំពី​ជីវភាព​ខុសគ្នា​រវាង​ទិដ្ឋភាព​ពេល​ទឹក​ស្រក​និង​ទឹក​ឡើង​នៅ​តំបន់​កំពង់​ភ្លុក​ប៉ុណ្ណោះ​។ ការដឹក​ភ្ញៀវ​ក្នុង​មួយ​លើក តម្លៃ​២០​ដុល្លារ ហើយ​អ្នក​បើកទូក​ត្រូវ​បង់​ឲ្យ​សហគមន៍​៥​ដុល្លារ​។ ពេល​ដឹក​ភ្ញៀវ​ទៅ​ទស្សនា ត្រូវ​ចំណាយ​ប្រហែល​១៥​នាទី ហើយ​អ្នក​បើកទូក​ត្រូវ​រង់ចាំ​ជូន​ភ្ញៀវ​ត្រឡប់មក​វិញទៀត​។ ពេល​ទឹក​ឡើង​នៅ​អំឡុង​ខែតុលា សម្បូរ​ភ្ញៀវទេសចរ លោក វី អាច​ដឹក​ភ្ញៀវ​បាន​យ៉ាងតិច​៥​ជើង​ឡើង​ក្នុង​មួយថ្ងៃ ហើយ​អ្នក​ប្រកប​របរ​ដឹក​ភ្ញៀវ​ក៏មាន​ច្រើន​ដែរ​។ 
 
​លោក ប៉ែន វី បាន​ឲ្យ​ដឹងថា​៖«​អ្នក​មកលេង​តំបន់​កំពង់​ភ្លុក​អាច​ទស្សនា ជីវភាព​និង​ផ្ទះ​របស់​ពលរដ្ឋ ហើយ​ជិះទូក​ទស្សនា​ព្រៃ​គប់​លិច​ទឹក តែ​ឥឡូវ​ទឹក​ស្រក​មិនអាច​ជិះ​ចូល​ព្រៃ​គប់​បាន​។ ហេតុនេះ ទើប​ភ្ញៀវ​មិនសូវ​មកលេង​នៅពេល​ទឹក​ស្រក ដូច​ពេល​ទឹក​ឡើង​ឡើយ​។​» ក្រៅពីនេះ លោក ប៉ែន វី ថា​ភ្ញៀវទេសចរ ចង់​ទស​ន្សា​សម្រស់​ទន្លេ​និង​ការដ្ឋាន​ចិ​ញ្ជឹ​ម​ក្រពើ​លើ​ទន្លេ​របស់​ពលរដ្ឋ​។ ភ្ញៀវ​អាច​សម្រាក​លេង​នៅ​អាហារ​ដ្ឋា​ន​លើទឹក​៕





Tag:
 កំពង់​ភ្លុក​
  អ្នក​បើកទូក
© រក្សាសិទ្ធិដោយ thmeythmey.com