បាក់​ឌុប​៖ គ្មាន​អ្នកសង្កេតការណ៍​ស្ម័គ្រចិត្ត ក្រសួង​អប់រំ​ពឹងផ្អែក​ទាំងស្រុង​លើ​ភ្នែក​មន្ត្រី​របស់ខ្លួន​
ជាតិ
បាក់ឌុប
បាក់​ឌុប​៖ គ្មាន​អ្នកសង្កេតការណ៍​ស្ម័គ្រចិត្ត ក្រសួង​អប់រំ​ពឹងផ្អែក​ទាំងស្រុង​លើ​ភ្នែក​មន្ត្រី​របស់ខ្លួន​
05, Aug 2019 , 3:38 pm        
រូបភាព
ការត្រួតពិនិត្យសិស្ស​នា​សម័យ​ប្រឡងបាក់ឌុប​ឆ្នាំ​២០១៨។ រូបថត ThmeyThmey
ការត្រួតពិនិត្យសិស្ស​នា​សម័យ​ប្រឡងបាក់ឌុប​ឆ្នាំ​២០១៨។ រូបថត ThmeyThmey
​ដោយ​៖ សុវណ្ណ ស្រី​ពេជ្រ
 
​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ក៏ដូចជា​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា នឹងមិន​ពង្រាយ​អ្នកសង្កេតការណ៍​ស្ម័គ្រចិត្ត​របស់ខ្លួន សម្រាប់​សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ថ្ងៃទី​១៩ ខែសីហា ខាង​មុន​នេះឡើយ​។ ទោះបីជា​យ៉ាងណាក៏ដោយ ក្រសួង​អប់រំ យុវជន និង​កីឡា ជឿជាក់​លើ​សមត្ថភាព​ម​ន្ត្រី​រៀបចំ​ការប្រឡង​របស់​ខ្លួន តាមរយៈ​ការពង្រឹង​វិន័យ និង​បទ​ប្បញ្ញត្តិ​ផ្សេងៗ ជាពិសេស​មន្ត្រី​អប្បមាទ​។


 
«​ការបំពេញ​កាតព្វកិច្ច​រ៉ាប់រង​សេវា គោរព​ម៉ោង​ធ្វើការ ការគោរព​ឋា​នុ​ក្រម ការគោរព​ការសម្ងាត់​វិជ្ជាជីវៈ គិតគូ​ផលប្រយោជន៍​ទូទៅ និង​ភក្តីភាព​ចំពោះ​ការងារ​»​។ ទាំងនេះ ជា​វិន័យ​ដែល​មានចែង​នៅក្នុង​ប្រកាស​ចុះ​កាលពី​ថ្ងៃទី​២៨ ខែមិថុនា ស្តីពី​ការដាក់​ឲ្យ​អនុវត្ត​នូវ​កម្រង​ភារកិច្ច គណៈមេប្រយោគ និង​គណៈកម្មការ​នានា​នៅ​មណ្ឌល​សំណេរ កំណែ និង​បូក​ពិន្ទុ សម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​។​
 
​ប្រកាស​ដែល​បន្ថែម​ពី លើ​ច្បាប់​ផ្សេងៗ​ស្តីពី​មន្ត្រីរាជការ​ស៊ីវិល មាន​គោលបំណង​ជាពិសេស​ក្នុងការ​លុបបំបាត់​អំពើ​អសកម្ម​នានា​ក្នុង​ដំណើរការ​ប្រឡង​បាក់​ឌុប នាពេលខាងមុខ ដោយ​អ្នកប្រព្រឹត្ត​ខុស​បទបញ្ជា ទាំង​មន្ត្រី​ជា​បុគ្គលិក និង​បេក្ខជន នឹងត្រូវ​រង​ការពិន័យ និង​ទោស​។​
 
​ការប្រឡង​បាក់​ឌុប សម័យ​ប្រឡង​ថ្ងៃទី​១៩ ខែសីហា ខាងមុខ  ក្រសួង នឹង​ពង្រាយ​មន្ត្រី​របស់ខ្លួន គរុ​សិស្ស និង​គរុ​និស្សិត ធ្វើជា​អប្បមាទ និង​ជំនួយការ​អប្បមាទ សម្រាប់​តាមដាន ដំណើរការ​ប្រឡង​។ ទោះបីជា​គ្មាន​វត្តមាន​អ្នក​សង្កេត​ស្ម័គ្រចិត្ត​ក៏ដោយ លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ជាក់ថា ក្រសួង​នៅតែ​បន្ត​សហការ​ជាមួយ ACU ដើម្បី​ដោះស្រាយ​បញ្ហា និង​ចាត់វិធានការ​រាល់​សកម្មភាព​ដែល​ចាត់ទុកថា​ជា​អំពើពុករលួយ​ក្នុងពេល​ប្រឡង​។ 
 
​សូមបញ្ជាក់ថា សម័យ​ប្រឡង​បាក់​ឌុប​ខាងមុខ មាន​បេក្ខជន​ប្រឡង​សរុប​ចំនួន ១១៩,២១៧​នាក់ ក្នុងនោះ​មាន​ស្រី​ចំនួន ៦១,០៣១​នាក់​។ តាម​តួលេខ​ពី​ក្រសួង​អប់រំ ឆ្នាំនេះ​បេក្ខជន​ប្រឡង​ថ្នាក់​វិទ្យាសាស្ត្រ ៤៥,៤១៤​នាក់​(​ស្រី​២,៥៥២៦​នាក់​) និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ចំនួន​៧៣,៨០៣​នាក់ (​ស្រី​៣៥,៥៣៨​នាក់​)​។ ចំណែក​មណ្ឌល​ប្រឡង មាន​ចំនួន ២០២ មណ្ឌល (​កើន​៦​មណ្ឌល​)៕

Tag:
 អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com