ការលក់រថយន្តរបស់ជប៉ុន ក្នុងប្រទេសកូរ៉េខាងត្បូង បានធ្លាក់ចុះយ៉ាងគំហុក កាលពីខែកក្កដា ខណៈទំនាស់ពាណិជ្ចកម្មរវាងប្រទេសទាំងពិីរ បង្កឲ្យមានការប្រតិកម្មពីសំណាក់អ្នកប្រើប្រាស់កូរ៉េ។
ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី ៣ ខែសីហា បុគ្គលិកក្រុមហ៊ុន Honda ប្រចាំប្រទេសកូរ៉េខាងត្បូងម្នាក់ បានបញ្ជាក់ថា ការចូលមកទស្សនារថយន្តនៅទីស្នាក់ការផ្ទាល់ ចាប់ផ្តើមធ្លាក់ចុះជាខ្លាំង ខណៈអតិថិជន ពន្យារពេលការចុះកិច្ចសន្យាទិញរថយន្ត។
តាមទិន្នន័យឧស្សាហកម្ម ដែលសារព័ត៌មាន BBC ទទួលបាន ការលក់រថយន្តម៉ាក Toyota បានធ្លាក់ចុះ ៣២ភាគរយ បើធៀបនឹងឆ្នាំ២០១៨ ខណៈការលក់រថយន្តម៉ាក Honda ថយចុះ ៣៤ភាគរយ។ ការថមថយនៃការលក់រថយន្តរបស់ជប៉ុននេះ កើតឡើងស្របពេលដែលប្រជាជនកូរ៉េខាងត្បូង បានធ្វើពហិការទំនិញ និងសេវាកម្មជប៉ុន រួមមាន រថយន្ត ស្រាបៀរ និងដំណើរកម្សាន្តទៅកាន់ជប៉ុនជាដើម។
ប្រតិកម្មរបស់អ្នកប្រើប្រាស់កូរ៉េនេះដែរ បានផ្ទុះឡើងដោយសារតែរដ្ឋាភិបាលក្រុងតូក្យូ កាលពីខែកក្កដា បានប្រកាសរឹតត្បិតការនាំចេញទៅកាន់ប្រទេសកូរ៉េខាងត្បូងសម្រាប់សារធាតុគីមីសំខាន់ៗ ដែលយកទៅប្រើប្រាស់ដើម្បីផលិតឈីប និងទូរសព្ទឆ្លាតវៃជាដើម។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ ជម្លោះ ចាប់ផ្តើមតានតឹងកាន់តែខ្លាំង កាលពីសប្តាហ៍មុន ពោលគឺនៅពេលជប៉ុន បានប្រកាសដកហូតកូរ៉េខាងត្បូងចេញពីបញ្ជីដៃគូពាណិជ្ជកម្មដែលទុកចិត្តបាន។
ដើម្បីវាយបកនឹងការដកហូតចេញពី «បញ្ចីស» នេះ រដ្ឋាភិបាលក្រុង សេអ៊ូល នៅថ្ងៃចន្ទ ទី ៥ សីហា បានដាក់ចេញផែនការវិនិយោគប្រមាណ ៦,៥ពាន់លានដុល្លារ ដើម្បីព្យាយាមអភិវឌ្ឍផលិតផល និងវត្ថុធាតុដើម ដែលខ្លួនបច្ចុប្បន្នកំពុងទិញពីជប៉ុន។
«យើងចង់ប្រែក្លាយវិបត្តិឲ្យទៅកាលានុវត្តភាពសម្រាប់ឧស្សាហកម្មវត្ថុធាតុដើម ផ្នែក និងឧបករណ៍»។ រដ្ឋមន្ត្រីឧស្សាហកម្មកូរ៉េខាងត្បូង លោក Sung Yun-mo បញ្ជាក់ថាបែបនេះ។
សូមបញ្ជាក់ថា ទំនាស់ពាណិជ្ជកម្មរវាងកូរ៉េខាងត្បូង និងជប៉ុន បានឆាបឆេះឡើងក្រោយតុលាការកូរ៉េខាងត្បូង កាលពីឆ្នាំមុន បានសម្រេចបញ្ជាឲ្យក្រុមហ៊ុនជប៉ុនសងថ្លៃជំងឺចិត្តដល់កម្មករកូរ៉េខាងត្បូងដែលរងការបង្ខំឲ្យធ្វើការធ្ងន់កាលពីសម័យសង្គ្រាម។
ការសម្រេចចិត្តនេះ ទទួលរងប្រតិកម្មជាខ្លាំងពីសំណាក់រដ្ឋាភិបាលក្រុង តូក្យូ ដោយខ្លួនបានអះអាងថា ជម្លោះនេះ ត្រូវបានដោះស្រាយរួចរាល់ កាលពីឆ្នា១៩៦៥ ពោលគឺនៅពេលចំណងទាក់ទងការទូតរវាងប្រទេសទាំងពីរ មានភាពល្អប្រសើរ៕