អន្តរជាតិ
អាមេរិក បញ្ចូលចិនក្នុងបញ្ជី «ប្រទេសបំភ្លៃរូបិយវត្ថុ»
× សហរដ្ឋអាមេរិក នៅថ្ងៃទី៥ ខែសីហា បានសម្រេចចិត្តបញ្ចូលចិនក្នុងបញ្ជីប្រទេសបំភ្លៃរូបិយវត្ថុរបស់ខ្លួនហើយ បន្ទាប់ពីតម្លៃប្រាក់យ័នបានធ្លាក់ដល់កម្រិតទាបបំផុតក្នុងរយៈពេលមួយទសវត្សរ៍។ ក្នុងសេចក្ដីប្រកាសរបស់ក្រសួងរតនាគារ អាមេរិក ក៏នឹងធ្វើការជាមួយអង្គការរូបិយវត្ថុអន្តរជាតិ (IMF) ដើម្បីឆ្លើយតបសកម្មភាពរបស់ចិននៅពេលនេះ។ ក្រោយការប្រកាសរបស់អាមេរិក ទីផ្សារហ៊ុនទូទាំងពិភពលោក បានធ្លាក់ចុះយ៉ាងខ្លាំង។
ទីផ្សារហិរញ្ញវត្ថុពិភពលោកចាប់ពីអាមេរិកដល់អាស៊ី កំពុងជួបវឹកវរយ៉ាងខ្លាំង ក្រោយរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ចាត់ទុកចិនជាប្រទេសបំភ្លៃរូបិយវត្ថុជាផ្លូវការនៅថ្ងៃទី៥ ខែសីហា។ ការសម្រេចចិត្តរបស់ក្រុងវ៉ាស៊ីនតោន ធ្វើឡើងក្រោយធនាគារកណ្ដាលចិនបានទុកឲ្យតម្លៃប្រាក់យ័នធ្លាក់ចុះដល់អត្រាទាបបំផុតក្នុងរយៈពេល១១ឆ្នាំមកនេះ។ អាមេរិកបានចោទចិនចំៗថា មានចេតនាទម្លាក់តម្លៃលុយយ័នដើម្បីកេងចំណេញពីអាមេរិក។
រដ្ឋមន្ត្រីរតនាគារអាមេរិក Steven Mnuchin ក្រោមការណែនាំរបស់លោក ត្រាំ ជាអ្នកប្រកាសដាក់ចិនចូលបញ្ជីប្រទេសបំភ្លៃរូបិយវត្ថុនេះ ដែលធ្វើឡើងក្រោយការបិទទីផ្សារជួញដូរហ៊ុនពិភពលោក។ បើតាមក្រសួងដដែលនេះ អាមេរិកនឹងធ្វើការជាមួយមូលនិធិរូបិយបណ្ណអន្តរជាតិ (IMF) ដើម្បីកម្ចាត់ចោលការប្រកួតប្រជែងដោយអយុត្តិធម៌ដែលបង្កដោយចិននេះ។
ក្រសួងរតនាគារអាមេរិក បានប្រើប្រាស់មូលហេតុជាច្រើនដើម្បីការពារចំណាត់ការរបស់ខ្លួន។ ក្នុងសេចក្ដីប្រកាសរបស់ខ្លួន ក្រសួងមួយនេះ អះអាងថា ចិនបានធ្វើសកម្មភាពជាច្រើនថ្ងៃមកហើយដើម្បីទម្លាក់តម្លៃលុយរបស់ខ្លួន ហើយស្របគ្នានោះបានរក្សាកម្រិតទុកបម្រុងបរទេស។ ទង្វើបែបនេះហើយដែលអាមេរិកយល់ថា ចិនបានបង្ហាញគោលដៅរបស់ខ្លួនក្នុងការទម្លាក់តម្លៃលុយយ័ន ដើម្បីកេងចំណេញក្នុងទីផ្សារពាណិជ្ជកម្មអន្តរជាតិ។
ផ្សារហ៊ុនធំនៅអាស៊ីដូចជាកូរ៉េខាងត្បូង ជប៉ុន និងនូវែលសេឡង់ និងផ្សារហ៊ុននៅចិនដូចជានៅសៀងហៃ និងស៊ិនជិនជាដើម សុទ្ធតែធ្លាក់ចុះតម្លៃហ៊ុនរបស់ខ្លួន។ ទោះជាយ៉ាងណា ចិនបានបដិសេធការចោទរបស់អាមេរិក។ ប្រធានធនាគារប្រជាជនចិន លោក Yi Gang ថ្លែងក្នុងសេចក្ដីថ្លែងការណ៍មួយថា ចិននឹងមិនចូលរួមក្នុងការប្រកួតប្រជែងទម្លាក់តម្លៃរូបិយវត្ថុរបស់ខ្លួនឡើយ ហើយនិងមិនប្រើប្រាស់អត្រាប្ដូរប្រាក់ជាឧបករណ៍ដោះស្រាយបញ្ហាខាងក្រៅដូចជាជម្លោះពាណិជ្ជកម្មនោះដែរ។
ការបញ្ចូលឈ្មោះចិនក្នុងបញ្ជីប្រទេសបំភ្លៃរូបិយវត្ថុនេះ ជាបំណងរបស់លោក ត្រាំ ជាយូរ ហើយបើគិតទៅ រាប់ទាំងពេលមុនក្លាយជាប្រធានាធិបតីទៅទៀត។ ប៉ុន្តែគេត្រូវរង់ចាំដល់ថ្ងៃទី៥ ខែសីហា ទើបលោកហៅចិនជាប្រទេសបំភ្លៃរូបិយវត្ថុផ្លូវការ។ អ្វីគួរឲ្យចាប់អារម្មណ៍នោះ រដ្ឋបាលលោក ត្រាំ មិនបានបញ្ចូលចិនក្នុងបញ្ជីនេះពេលបញ្ជូនឈ្មោះឲ្យសភាកាលពីខែឧសភាកន្លងទៅ។ ការណ៍នាំឲ្យមានអ្នកខ្លះយល់ថា ការសម្រេចចិត្តរបស់លោក ត្រាំ ពេលនេះ ជារឿងនយោបាយសុទ្ធសាធ៕
Tag:
អាមេរិក
ចិន
ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com