កីឡាអន្តរជាតិ
អន្តរជាតិ
វីរបុរស​កីឡា​អូឡាំពិក​អាមេរិក Lewis ពន្លះ​ត្រាំ ក្នុង​ព្រឹត្តិការណ៍ Pan American Games
06, Aug 2019 , 9:39 pm        
រូបភាព
​ម្ចាស់​មេដាយមាស​កីឡា​អូឡាំពិក​ចំនួន​៩ របស់​អាមេរិក​លោក Carl Lewis នៅ​ថ្ងៃទី​៥ ខែសីហា បាន​ឆ្លៀត​ស្តីបន្ទោស​ខ្លាំងៗ​ទៅកាន់​ប្រធាន​នា​ធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ អំឡុងពេល​លោក​ត្រូវបាន​អញ្ជើញ​ទៅ​ចូលរួម​ព្រឹត្តិការណ៍​កីឡា Pan American Games ឆ្នាំ​២០១៩ នៅ​ទីក្រុង​លី​ម៉ា ប្រទេស​ប៉េ​រូ​។​


 
​លោក Lewis ដែល​គេ​ចាត់ទុកថា​ជា​វីរបុរស​អូឡាំពិក​អាមេរិក​បាន​ទៅ​ចូលរួម​តាម​ការស្នើ​ពី​សំណាក់​អ្នករៀបចំ​កម្មវិធី​កីឡា​របស់​ប៉េ​រូ​ដើម្បី​និយាយ​ពី​បញ្ហា​សមភាព​យេនឌ័រ​ក្នុង​វិស័យ​កីឡា​។ ក្នុង​កម្មវិធី​នោះ បុរស​វ័យ​៥៨​ឆ្នាំនេះ​បាន​ឆ្លៀត​រិះគន់​លោក​ត្រាំ​ថា​ជា​ប្រធានាធិបតី​ម្នាក់​ដែល​ប្រកាន់ពូជសាសន៍​មាន​ចរិត​មិន​ស្មោះត្រង់ និង​មិន​ផ្តល់​តម្លៃ​ដល់​នរណាម្នាក់​ក្រៅពី​ខ្លួនឯង​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​


 
«​ឪពុកម្តាយ​របស់ខ្ញុំ​គឺជា​គ្រូបង្រៀន ហើយ​ពួកគាត់​បាន​បង្រៀន​យើង​ថា​អ្នក​ទាំងអស់គ្នា​សុទ្ធតែ​សម​នឹង​ទទួលបាន​ឱកាស​ដូចៗ​គ្នា​។ ពិតណាស់​ខ្ញុំ​ទទួលបាន​ប្រាក់​ឈ្នួល​ស្មើគ្នា​ក្នុង​វិស័យ​កីឡា​។ យើង​ត្រូវតែ​តស៊ូ​ដើម្បី​សិទ្ធិ​របស់​ប្រជាជន​និង​ស្រឡាញ់គ្នា​ទៅវិញទៅមក​។ លោក Lewis ដែល​គ្រង​មេដាយមាស​អូឡាំពិក​ចំនួន​៩ និង​ប្រាក់​១ លើកឡើង​បែបនេះ​ដើម្បី​ដៀមដាម​ទៅកាន់​លោក​ត្រាំ​។​
 
Lewis បានឈ្នះ​មេដាយមាស​អូឡាំពិក​ក្នុង​វិញ្ញាសា​លោត​ចម្ងាយ​ចំនួន ៤ ជាប់​គ្នា​ពោលគឺ​នៅក្នុង​ឆ្នាំ ១៩៨៤, ១៩៨៨, ១៩៩២ និង ១៩៩៦​។ ក្នុង​ឆ្នាំ​១៩៨៤ លោក​ក៏បាន​ឈ្នះ​មេដាយមាស​៣​ផ្សេងទៀត​ក្នុង​វិញ្ញាសា​រត់​ចម្ងាយ​១០០, ២០០​ម៉ែត្រ និង​រត់​បណ្តាក់​១០០​ម៉ែត្រ​។ ឆ្នាំ​១៩៨៨ លោក​ឈ្នះ​មេដាយមាស​រត់​១០០​ម៉ែត្រ និង​រកបាន​មេដាយមាស​រត់​បណ្តាក់​១០០​ម៉ែត្រ ក្នុង​ឆ្នាំ​១៩៩២​។​
 
​បុរស​សញ្ជាតិ​អាមេរិក​រូបនេះ នឹងត្រូវ​បន្ត​ស្នាក់នៅ​ក្នុង​ក្រុង​លី​ម៉ា​ដល់​ចុង​សប្តាហ៍​នេះ ពោលគឺ​រហូតដល់​ព្រឹត្តិការណ៍​កីឡា Pan American Games បញ្ចប់​តែម្តង​។​
​សូមបញ្ជាក់ថា Pan American Games បាន​បង្កើតឡើង​តាំងពី​ឆ្នាំ​១៩៥១ ដោយមាន​ការចូលរួម​ប្រកួតប្រជែង​ពី​អត្ត​ព​លិ​ក​រាប់ពាន់នាក់​នៃ​ប្រទេស​ក្នុង​ទ្វីបអាមេរិក ហើយ​ក្រុង​លី​ម៉ា​បានទទួល​សិទ្ធិ​ធ្វើ​ម្ចាស់ផ្ទះ​សម្រាប់​ព្រឹត្តិការណ៍​លើក​ទី​១៨​នេះ ដែល​ចាប់ផ្តើម​ការប្រកួត​ពីថ្ងៃ​ទី​២៦ ខែកក្កដា ដល់​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៩៕

Tag:
 កីឡា​អូឡាំពិក​
  Pan American Games
  Carl Lewis
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com