ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី៥ ខែសីហា បានអះអាងថា សេចក្តីស្អប់ វីដេអូហ្គេមបែបហិង្សា និងបញ្ហាផ្លូវចិត្ត ជាកត្តាដែលជំរុញឲ្យបង្កើតការបាញ់រះក្នុងសហរដ្ឋអាមេរិក។ លោកត្រាំ លើកឡើងបែបនេះ ក្រោយពីផ្ទុះហេតុការណ៍បាញ់សម្លាប់រង្គាលចំនួន២ករណី ត្រឹមពេលតែមួយសប្តាហ៍ប៉ុណ្ណោះ។
ផ្ទុយពីប្រធានាធិបតី ដូណាល ត្រាំ អ្នកជំនាញជាច្រើន បកស្រាយថា បើផ្អែកលើព្រឹត្តិការណ៍បាញ់រះ ២៥៥ករណីកើតឡើងក្នុងឆ្នាំ២០១៩ កត្តាទាំងបីដែលលោកត្រាំលើកឡើងនេះ ពុំត្រឹមត្រូវទាំងស្រុងឡើយ។ ពុំមែនគ្រប់ហេតុការណ៍បាញ់រះ បង្ហាញ សញ្ញានៃបញ្ហាផ្លូវចិត្ត ឬការលេងវីដេអូហិង្សា ឬគំនុំគំគួននយោបាយឡើយ។ ប៉ុន្តែ កត្តាមួយដែលគេដឹងលឺគ្រប់ទិសទី គឺ «ភាពធូររលុងនៃការទិញកាំភ្លើង»។
ក្នុងសន្និសីទព័ត៌មាននៅសេតវិមានអាមេរិកនៅថ្ងៃទី៥ ខែសីហា លោក ត្រាំ បញ្ជាក់ថា៖«យើងត្រូវបញ្ឈប់ការលើកស្ទួយអំពើហិង្សាក្នុងសង្គម។ នេះ គឺរាប់បញ្ចូលវីដេអូហ្គេមដ៏ព្រឺព្រួច និងគួរឲ្យខ្ពើម ដែលបច្ចុប្បន្នត្រូវបានគេចាត់ទុក ជារឿងធម្មតា»។ មេដឹកនាំរូបនេះ សង្កត់ធ្ងន់ថា យុវជន សព្វថ្ងៃ ហ៊ុមព័ទ្ធដោយវប្បធម៌សាទរអំពើហិង្សា។
វា ជាការពិតដែលហេតុការណ៍បាញ់រះមួយចំនួន ដែលបានកើតឡើងនាពេលកន្លងមក ជាប់ពាក់ព័ន្ធនឹងការឈ្លក់វង្វេងនឹងការលេងហ្គេមបែបហិង្សា។ ជាក់ស្តែង ខ្មាន់កាំភ្លើងឈ្មោះ Adam Lanza ដែលបានបាញ់សម្លាប់សិស្ស និងបុគ្គលិក ២៦នាក់ នៅសាលាបឋមសិក្សា Sandy Hook Elementary School ក្នុងរដ្ឋ Connecticut សហរដ្ឋអាមេរិក កាលពីឆ្នាំ២០១២ មានទម្លាប់ចំណាយពេលរាប់ម៉ោងក្នុងមួយថ្ងៃលេងវីដេអូហ្គេមហិង្សា ដែលក្នុងនោះមានហ្គេមមួយឈ្មោះថា «School Shooting » ឬជាភាសាខ្មែរ «ការបាញ់កាំភ្លើងនៅសាលារៀន» ។
មួយករណីទៀត បានកើតឡើងក្នុងឆ្នាំ២០១៨។ កាលនោះ យុវជនម្នាក់អាយុ ២០ឆ្នាំ ឈ្មោះថា Nikolas Cruz ដែលបានបាញ់សម្លាប់មនុស្ស ១៧នាក់ក្នុងវិទ្យាល័យមួយកន្លែង ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក ត្រូវបានរាយការណ៍ថា បានចំណាយពេលលេងហ្គេមហិង្សាដល់ទៅ ១៥ម៉ោងក្នុងមួយថ្ងៃ។ ទាក់ទិននឹងករណីនេះ សមាគមខាងចិត្តសាស្ត្រអាមេរិក (APA) បានរកឃើញទំនាក់ទំនងរវាងវីដេអូហ្គេមហិង្សា និងការកើនឡើងនៃឥរិយាបថហិង្សាក្នុងចំណោមកុមារ។
និយាយទៅដល់បញ្ហាសុខភាពផ្លូវចិត្តវិញ លោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានភ្ជាប់ការបាញ់រះនេះទៅនឹងបុគ្គលមានវិបត្តិផ្លូវចិត្តដែលពុំគួរមានសិទ្ធិកាន់កាប់កាំភ្លើង។ ត្រង់ចំណុចនេះ លោក អះអាងបែបថា៖«បញ្ហាផ្លូវចិត្ត និងការស្ពប់ខ្ពើម ជាអ្នកកេះកៃ ពុំមែនកាំភ្លើងនោះឡើយ»។
ករណីខ្លះ អាចបញ្ជាក់បានថា ការលើកឡើងរបស់លោកត្រាំគឺត្រឹមត្រូវ។ កងម៉ារីនជាន់ខ្ពស់អាមេរិកម្នាក់ ឈ្មោះថា Ian David Long វ័យ ២៨ឆ្នាំ ដែលបានបាញ់សម្លាប់មនុស្ស ១២នាក់ នៅតៀមស្រាមួយកន្លែងនៅរដ្ឋ California កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ ត្រូវគេជឿជាក់ថា មានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ (Post-traumatic stress disorder) ។
ចំណែក យុវជនវ័យ ២៤ឆ្នាំ Connor Betts ដែលបានបាញ់សម្លាប់មនុស្ស៩នាក់ កាលពីថ្ងៃអាទិត្យ ទី៤ ខែសីហា នៅតៀមស្រាមួយកន្លែង នៅរដ្ឋ Ohio ត្រូវបានរាយការណ៍ បានបង្ហាញ «និន្នាការគ្រោះថ្នាក់» ដែលចូលចិត្តធ្វើរឿងអាក្រក់ៗក្នុងសង្គម កាលខ្លួនរៀននៅវិទ្យាល័យ។ ខ្មាន់កាំភ្លើងឈ្មោះ Cruz ដែលបានបាញ់ប្រហារនៅវិទ្យាល័យក្នុងរដ្ឋ Florida ក៏ធ្លាប់មានបញ្ហាផ្លូវចិត្តពីមុនមក។
ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP លោក Jeffrey Swanson សាស្ត្រាចារផ្នែកចិត្តសាស្ត្រនៃសាលាវេជ្ជសាស្ត្រ Duke University School of Medicine ពន្យល់ថា លោក ទទួលស្គាល់ថា បុគ្គលដែលធ្វើសកម្មភាពបាញ់សម្លាប់អ្នកដទៃ ពុំមែនជាទង្វើដែលកើតចេញពីសុខភាពផ្លូវល្អឡើយ។ សហរដ្ឋអាមេរិក មានប្រជាជនដែលមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរដល់ទៅ១០លាននាក់ ប៉ុន្តែភាគច្រើនលើសលប់នៃពួកគេ ពុំបានបញ្ចេញឥរិយាបថហិង្សានោះឡើយ។
ទោះជាបែបនេះក្តី អ្នកវិភាគជាច្រើន នៅតែទម្លាក់កំហុសលើ «ច្បាប់កាំភ្លើង» របស់ក្រុងវ៉ាស៊ីនតោន ដែលមានភាពធូររលុងខ្លាំងដល់ការទទួលបានសិទ្ធិទិញ និងកាន់កាប់កាំភ្លើង។
ខ្មាន់កាំភ្លើង Stephen Paddock ដែលបានបាញ់សម្លាប់មនុស្ស ៥៨នាក់ និងរបួសរាប់រយនាក់ ក្នុងកម្មវិធី Concert មួយនា រដ្ឋ Las Vegas កាលពីឆ្នាំ២០១៧ ត្រូវបានរាយការណ៍ បុរសអាមេរិករូបនេះ ពុំមានបញ្ហាផ្លូវចិត្ត, កត្តាមនោគមន៍វិជ្ជា ឬជាអ្នកលេងហ្គេមបែបហិង្សាអ្វីឡើយ។ លោក បានបើកការវាយប្រហារដោយប្រើប្រាស់កាំភ្លើង២ដើម ក្នុងនោះមាន កាំភ្លើងអឹមសីប្រភេទ AR-15 ។
ដោយឡែក ខ្មាន់កាំភ្លើងម្នាក់ទៀត ឈ្មោះថា Robert Bowers ដែលបានបាញ់សម្លាប់មនុស្ស ១១នាក់ ក្នុងវិហារសម្រាប់ជនជាតិជ្វីស ក្នុងរដ្ឋ Pennsylvania កាលពីខែតុលា ឆ្នាំ២០១៨ បានប្រើប្រាស់កាំភ្លើង ៤ អំឡុងពេលធ្វើសកម្មភាពបាញ់ប្រហារ ខណៈខ្លួនកាន់កាប់កាំភ្លើងដោយស្របច្បាប់ដល់ទៅ ២១ដើមឯណោះ៕