អន្តរជាតិ
ទី​ម័​រ​ខាងកើត​ទន្ទឹងរង់ចាំ​ដំណឹង​ល្អ​នៅ​ឆ្នាំនេះ​ដើម្បី​ក្លាយជា​សមាជិក​ទី ១១ របស់​អាស៊ាន​
07, Aug 2019 , 8:59 am        
រូបភាព
រដ្ឋមន្ត្រីការបរទេសទីម័រខាងកើតអញ្ជើញមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥២ និងកិច្ចប្រជុំពាក់ព័ន្ធ (រូបភាព៖ ASEAN 2019)
រដ្ឋមន្ត្រីការបរទេសទីម័រខាងកើតអញ្ជើញមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥២ និងកិច្ចប្រជុំពាក់ព័ន្ធ (រូបភាព៖ ASEAN 2019)
ដោយ៖ងួន សុ​ភាវ​ត្តី
 
​ប្រាំបី​ឆ្នាំ​ហើយ​រាប់​ចាប់ពី​ពេលដែល​ទី​ម័​រ​ខាងកើត​ដាក់ពាក្យ​ស្នើ​សុំចូល​សមាជិក​សហគមន៍​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ប៉ុន្តែ​សំណើរបស់​រដ្ឋ​មួយ​នេះ ​នៅ​មិនទាន់​ត្រូវបាន​ទទួលយក​ ពីរ​ដ្ឋ​សមាជិក​ទាំងអស់​ឡើយ​។ ប៉ុន្តែ​ទី​ម័​រ​ខាងកើត សង្ឃឹមថា ដំណាច់​ឆ្នាំនេះ ​ខ្លួន​នឹង​អាច​ក្លាយជា​សមាជិក​ទី​១១​ជា​ផ្លូវការ​។​

 
​រដ្ឋមន្ត្រី​ក្រសួងការបរទេស​​ទី​ម័​រ លោក Dionisio Babo Soares ថ្លែង​ក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត​បាងកក​ប៉ុស្តិ៍​ កាលពីសប្តាហ៍​មុន​ថា ទី​ម័​រ​ខាងកើត ​រំពឹង​ទទួលដំណឹង​ល្អ​ខ្លះៗ ​ពី​អាស៊ាន​នៅក្នុង​ឆ្នាំ ២០១៩ នេះ នៅពេលដែល​ប្រទេស​ថៃ ​ធ្វើជា​ប្រធាន​ប្តូរវេន​ នៃ​អង្គការ​តំបន់​នេះ​។​
 
Dionisio បាន​សង្កត់ធ្ងន់ថា លោក​បានធ្វើ​ដំណើរ​ទស្ស​ន​កិច្ច​ទៅគ្រប់​រដ្ឋ​សមា​ជិក​អាស៊ាន​ទាំងអស់ ហើយ​ប្រទេស​ទាំងនោះមិន​ស្ទាក់ស្ទើរ​ឡើយ​ នឹង​ទទួលស្គាល់ថា ទី​ម័​រ​អាច​ចូល​ជា​សមាជិក​អាស៊ាន​បាន​។ លោក​បាន​បន្តថា អ្វីដែល​អាស៊ាន​ចង់បាន​នោះ​គឺ ទី​ម័​រ​ខាងកើត​ មិន​ត្រឹមតែ​ជា​ប្រទេស​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ​ទេ តែ​ជា​ប្រទេសមួយ​ដែលមាន​ស្ថាប័ន​ដឹកនាំ​រឹងមាំ អាច​ពឹង​ផ្អែកលើ​ខ្លួនឯង និង​មិន​ចាញ់​ច្រាប​អំណាច​ប្រទេស​ដទៃ​។ 
 
​ជុំវិញ​បញ្ហា​នេះ បើតាម​រដ្ឋមន្ត្រីការបរទេស​ខាងលើ ទី​ម័​រ​ខាងកើត​ប្រាប់​បណ្តា​រដ្ឋ​អាស៊ាន​ដែរ​ថា ខ្លួន​មាន​ប្រវត្តិ​យូរយារ​ ក្នុង​ការតស៊ូ​ប្រឆាំងនឹង​អាណានិគម ហើយ​រដ្ឋ​មួយ​នេះក៏មាន​កិច្ចព្រមព្រៀង​ ដើម្បី​កំណត់ព្រំដែន​សមុទ្រ​ជាមួយ​អូស្ត្រាលី និង​ជាមួយ​ឥណ្ឌូណេស៊ី​រួចរាល់​ដែរ​។ ហើយបើ​ផ្អែកលើ​ទីតាំង​ភូមិសាស្ត្រ​វិញ​នោះ ទី​ម័​រ​ខាងកើត​គឺ​ស្ថិតនៅក្នុង​តំបន់​អាស៊ាន​តែម្តង​។​
 
​សូមបញ្ជាក់ថា ក្នុង​ឆ្នាំ​២០១១ ជា​ពេល​ទី​ម័​រ​ខាងកើត បានដាក់​សំណើសុំ​ចូល​ជា​សមាជិក​អាស៊ាន​ ប៉ុន្តែ​សិង្ហ​បុរី ធា្ល​ប់​ជំទាស់ ព្រោះ​ព្រួយបារម្ភ​ពី​បញ្ហា​សន្តិសុខ​ទី​ម័​រ​ខាងកើត និង​សេដ្ឋកិច្ច​នៅមាន​លក្ខណៈ​ផុយស្រួយ​នៅឡើយ​។ ចាប់ពីពេលនោះ​មក អាស៊ាន​បន្ត​សិក្សា​ពី​លទ្ធភាព និង​បន្ត​ការវាយតម្លៃ​សមាជិកភាព​របស់​ទី​ម័​រ​ខាងកើត ​រហូតមកដល់​បច្ចុប្បន្ន​។  
 
​ដូច​មានចែង​ក្នុង​ជំពូក​ទី​៣ មាត្រា​៦ នៃ​ធម្មនុញ្ញ​អាស៊ាន ដើម្បី​ក្លាយជា​សមាជិក​របស់​អា​ស៊ាន រដ្ឋ​ដែល​បានដាក់​ស្នើ​ត្រូវបំពេញ​នូវ​លក្ខខណ្ឌ​គ្រឹះ​មួយចំនួន​។ ក្នុងនោះ​រួមមាន ត្រូវមាន​ទីតាំង​ភូមិសាស្ត្រ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ការទទួលស្គាល់​ពីរ​ដ្ឋ​អាស៊ាន​ទាំងអស់ គោរព​តាម​ធម្មនុញ្ញ​អាស៊ាន និង​ជាពិសេស​ ​ត្រូវ​ទទួលបាន​ការយល់ព្រម​ជា​ឯក​ច្ឆ័​ន ​ពី​រដ្ឋ​អាស៊ាន​ក្នុង​កិច្ចប្រជុំ​កំពូល​ផងដែរ​។​
 
​យ៉ាងណា​ក៏ដោយចុះ ទី​ម័​រ​ខាងកើត​បាន​បំពេញ​លក្ខខណ្ឌ​ដែល​ចែង​ជា​បន្តទៀត​ដោយ មាន​ស្ថានទូត​នៅ​គ្រប់​ប្រទេស​អាស៊ាន​ហើយ  និង​ថែមទាំង​មាន​ទំនាក់ទំនង​ផ្នែក​សេដ្ឋកិច្ច​ជាមួយ​បណ្តា​ប្រទេស​ធំៗ ​ដទៃ​ជាច្រើន​ទៀតផង​។  
 ​
​ត្រឡប់មក​មើល​លក្ខ​ណ្ឌ​សេដ្ឋកិច្ច និង​សង្គម​វិញ ប្រមុខ​ការទូត​ទី​ម័​រ​ខាងកើត​ដដែល បាន​រៀបរាប់ថា ប្រទេស​របស់លោក​មាន​ធនធានមនុស្ស​គ្រប់គ្រាន់​ សម្រាប់​អភិវឌ្ឍ​ប្រទេសជាតិ​នៅពេល​អនាគត​។ ក្នុងចំណោម​ប្រជាជន​ទី​ម័​រ​ខាងកើត ប្រជាជន​ ១៥% អាច​ប្រាស្រ័យ​ទាក់ទង​ជា​ភាសា​អង់គ្លេស​បាន និង​អាច​និយាយ​ជា​ភាសា​របស់​ប្រទេស​ផ្សេងៗ ​ក្នុង​តំបន់​អាស៊ាន​បាន​ដូចគ្នា​។ 
 
​ដោយឡែក ក្នុងពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ ទី​ម័​រ​ខាងកើត​ពឹង​ផ្អែកលើ​ធនធាន​ប្រេង និង​រ៉ែ​ផ្សេងៗ​ទៀត ​ក្នុង​ការជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​។ ទី​ម័​រ​ខាងកើត ​ក៏បាន​វិនិយោគ​ទៅលើ​វិស័យ​ភាគហ៊ុន​ច្រើន​ដែរ  ហើយ​ខ្លួន​ក៏បាន​បង្កើត​ទំនាក់ទំនង​ពាណិជ្ជកម្ម​ស៊ីជម្រៅ ​ជាមួយ​សិង្ហ​បុរី​, អូស្ត្រាលី ឥណ្ឌូណេស៊ី និង​ប្រទេស​ថៃ​ដែរ​។​
 
​ងាក​ទៅ​មើល​សមត្ថភាព និង​បទពិសោធន៍​រៀបចំ​កិច្ចប្រជុំ​អន្តរជាតិ និង​តំបន់​វិញ​ម្តង លោក Dionisio រម្លឹកថា ទី​ម័​រ​ខាងកើត​ ​ធ្លាប់​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​អន្តរជាតិ​រួចហើយ​ដែរ​។ ដូ​ច្នះ​ហើយ ទី​ម័​ខាងកើត​ពិតជា​មានលទ្ធភាព​ក្នុង​ការរៀបចំ​កិច្ចប្រជុំ​ធំៗ​ រួមទាំង​វេទិកា​អាស៊ាន ក្នុងពេលដែល​ខ្លួន​ក្លាយជា​សមាជិក និង​ធ្វើជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​ដែរ​៕

Tag:
 ទី​ម័​រ​ខាងកើត​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com