ជាតិ
សង្គមជាតិ
លទ្ធផលបឋមនៃជំរឿនបង្ហាញថា ពលរដ្ឋខ្មែរ មានជាង១៥លាននាក់
07, Aug 2019 , 9:21 am        
រូបភាព
គិតត្រឹមថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ ប្រជាជនកម្ពុជាសរុប មាន ១៥.២៨៨.៤៨៩ នាក់ ក្នុងនោះប្រុស មាន ៧.៤១៨.៥៧៧នាក់ ហើយស្រី ៧.៨៦៩.៩១២ នាក់ (ស្រីច្រើនជាងប្រុស)។ នេះ​បើតាម​លទ្ធ​ផល​បឋម ដែលអានដោយសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ ក្នុងពិធីប្រកាស​តួលេខនៃការជំរឿនប្រជាជនកម្ពុជាលើកទី៣។



១៥.២៨៨.៤៨៩ នាក់នេះ គឺគិតតែនៅក្នុងប្រទេសប៉ុណ្ណោះ ចំណែក ពលរដ្ឋខ្មែរនៅក្រៅប្រទេស មិនទាន់ត្រូវបានរាប់បញ្ចូលឡើយ។ បើតាមរបាយការណ៍ពីក្រសួងការងារឆ្នាំ២០១៨ (មិនមែនលទ្ធផលជំរឿន) ពលរដ្ឋខ្មែរ មានជាង១,២លាននាក់ ដែលកំពុងរស់នៅនិងធ្វើការ នៅក្រៅប្រទេស ដូចជា ថៃ កូរ៉េ ជប៉ុន ម៉ាឡេស៊ី សិង្ហបុរី និង ហុងកុង ជាដើម។

ផ្អែកលើតួលេខ អត្រាប្រជាជនខ្មែរប្រចាំឆ្នាំ បានថយចុះពី ១,៥ភាគរយ ក្នុងចន្លោះឆ្នាំ១៩៩៨ និង ឆ្នាំ២០០៨ មកនៅ ១,២ភាគរយ ក្នុងចន្លោះឆ្នាំ២០០៨  និង ឆ្នាំ២០១៩។ សម្តេចរដ្ឋមន្រ្តី អានរបាយការណ៍ដូច្នេះថា៖«តាមតួលេខបណ្តោះអាសន្ននេះ យើងពិនិត្យឃើញថា ចំនួនប្រជាជនកម្រិតថ្នាក់ជាតិ​ មាននិន្នាការកើនឡើងយឺត ដោយសារអត្រាផ្តល់កំណើតនិងអត្រាកំណើនប្រជាជន បានថយចុះ...»។ 

អត្ថបទទាក់ទង



បើតាមតួលេខដដែល រាជធានីភ្នំពេញ មានប្រជាជនច្រើនជាងគេ ដែលមានរហូតដល់ ២.១២៩.៣៧១ នាក់ ហើយខេត្តកែប មានប្រជាជនតិចជាងគេ គឺមានត្រឹម ៤១.៧៩៨នាក់ប៉ុណ្ណោះ។ 

តួលេខបង្ហាញទៀតថា ជាមធ្យម ក្នុងមួយគ្រួសារ មានចំនួន៤.៦នាក់។ ចំណែក ដង់ស៊ីតេប្រជាជន ស្មើនឹង៨៦នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ (មានន័យថា ជាមធ្យម ទំហំដីមួយគីឡូម៉ែត្រការ៉េ មានប្រជាជន៨៦នាក់)។

ការធ្វើជំរឿនលើកទី៣នេះ មានរយៈពេល១១ថ្ងៃ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩។ ការងារ​ជំរឿន​ប្រជាជន​កម្ពុជា ត្រូវបាន​ធ្វើឡើង​២​ដង​រួចមកហើយ គឺ​នៅ​ឆ្នាំ​១៩៩៨ និង​ឆ្នាំ​២០០៨ ដែល​ស្របតាម​ច្បាប់​ស្តីពី​ស្ថិតិ ដោយ​កំណត់​នូវ​កាតព្វកិច្ច របស់​ប្រជាពលរដ្ឋ​ម្នាក់ៗ ត្រូវ​ចូលរួម​សហការ ក្នុង​ការធ្វើជំរឿន​។ ការធ្វើជំរឿន​កន្លងមក មាន​ការជួយជ្រោមជ្រែង​ពី​អង្គការ​ដៃគូ ដូចជា​អង្គការ ​UNFPA អង្គការ ​JICA រដ្ឋាភិបាល​ជប៉ុន និង​ ប្រទេស​អាល្លឺម៉ង់​។​
 
ការធ្វើជំរឿន​ផ្លូវការ​លើកដំបូង​កាលពី​ឆ្នាំ​១៩៩៨ កម្ពុ​ជា មាន​ពលរដ្ឋ ​១១.៤៣៧.៦៥៦​នាក់ ហើយ​ឡើងដល់ ១៣.៣៩៥.៦៨២​នាក់ ​នៅ​ឆ្នាំ​២០០៨ ។ នៅ​ឆ្នាំ​២០១៥ អង្គការសហប្រជាជាតិ បាន​ប៉ាន់ប្រមាណ​ថា ​ប្រជាជន​កម្ពុជា ​កើន​ដល់ ​១៥,៥៨​លាន​នាក់​។​

​នៅមុន​សង្គ្រាម ​កម្ពុជា ក៏​ធ្លាប់ធ្វើ​ជំរឿន​ម្តង​ដែរ​ក្នុង​ឆ្នាំ​១៩៦២៕​



Tag:
 ជំរឿន
© រក្សាសិទ្ធិដោយ thmeythmey.com