ជាតិ
បារាំង និង​ជប៉ុន សោកស្ដាយ​ចំពោះ​មរណភាព​លោក នួន ជា មុន​ដំណើរការ​ក្តី​បញ្ចប់​
07, Aug 2019 , 9:19 pm        
រូបភាព
​ភ្នំពេញ​៖ ស្ថានទូត​បារាំង និង​ជប៉ុន​ប្រចាំ​កម្ពុជា តាមរយៈ​សេចក្តីថ្លែងការណ៍​រួមគ្នា​មួយ បាន​សម្ដែង​ការសោកស្ដាយ​ចំពោះ​មរណភាព​របស់លោក នួន ជា អតីត​មេដឹកនាំ​នៃ​របប​ខ្មែរក្រហម កាលពី​ថ្ងៃទី​៥ សីហា​។​

 
​ភាគី​បារាំង និង​ជប៉ុន ដែលជា​សហប្រធាន​ក្រុមមិត្តរបស់​តុលាការ​កាត់ក្តី​ខ្មែរក្រហម បាន​សរសេរ​នៅក្នុង​សេចក្តីថ្លែងការណ៍ កាលពី​ថ្ងៃទី​៦ សីហា ថា​៖«​យើង​មានការ​សោកស្ដាយ​ចំពោះ​ជនជាប់ចោទ​(​នួន ជា​) ដែល​បាន​ស្លាប់បាត់​បង់ជីវិត មុនពេល​បញ្ចប់​ដំណើរការ​កាត់ក្តី​។​
 
​បន្ថែម​ពីនេះ​ស្ថានទូត​បារាំង និង​ជប៉ុន យល់ឃើញថា មរណភាព​របស់លោក នួន ជា នេះ វា​ក៏​ជា​សញ្ញា​បន្ទាន់​មួយ ដែល​ជំរុញ​ឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​នៃ​តុលាការ​កាត់ក្តី​ខ្មែរក្រហម ត្រូវ​ប្រញាប់​បំពេញ​ដំណើរការ​កាត់ក្តី​លើ​ជនជាប់ចោទ​ខ្មែរក្រហម​សំខាន់ៗ ដោយ​យុត្តិធម៌ និង​ប្រសិទ្ធភាព​យ៉ាង​ឆាប់រហ័ស ដើម្បី​ផ្ដល់​ភាពយុត្តិធម៌​ពិតប្រាកដ​ដល់​ប្រជាជន​កម្ពុជា ដែល​កំពុង​រង់ចាំ​ការពិត​។​
 
​លោក នួន ជា ដែលជា​បងធំ​ទី​២​នៃ​របប​ខ្មែរក្រហម បានទទួល​មរណភាព ក្នុង​វ័យ​៩៣ កាលពី​ថ្ងៃទី​៥ សីហា ។ សព​លោក ត្រូវបាន​គេ​បញ្ជូនទៅ​ធ្វើបុណ្យ​នៅ​ខេត្ត​ប៉ៃលិន​។ មុនពេល​ស្លាប់ លោក នួន ជា ស្ថិតនៅក្រោម​បទ​ចោទ​នៅក្នុង​សំណុំរឿង ០០២/០២ គឺ​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ អំពើ​ប្រល័យពូជសាសន៍ និង​ការ​បំពារបំពាន​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ ១៩៤៩ ។​
 
​បច្ចុប្បន្ន​ជនជាប់ចោទ ដែលជា​អតីត​មេដឹកនាំ​ជាន់ខ្ពស់​នៃ​របប​ខ្មែរក្រហម ដែល​កំពុងដំណើរការ​កាត់ក្តី​នោះ មាន​លោក ខៀវ សំផន និង​លោក កាំ​ង ហ្កេ​ច​អ៊ា​វ ហៅ ឌុ​ច រួមទាំង​កម្មាភិបាល​សំខាន់ៗ​មួយចំនួនទៀត​។ លោក ខៀវ សំផន អតីត​គណៈ​ប្រធាន​រដ្ឋ នៃ​របប​ខ្មែរក្រហម ត្រូវបាន​តុលាការ​សម្រេច​ផ្ដន្ទាទោស​ជាប់ពន្ធនាគារ​មួយជីវិត កាលពី​ថ្ងៃទី​១៦ វិច្ឆិកា ២០១៨ នោះ ស្ថិតនៅក្នុង​សំណុំរឿង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ និង​ការបំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​អនុសញ្ញា​ទីក្រុង​ហ្ស៊ឺ​ណែវ (Geneva) ។​
 
​ចំណែក​អតីត​ប្រធាន​មន្ទីរ​សន្តិសុខ ស​-២១ ឬ​គុក​ទួលស្លែង លោក កាំ​ង ហ្គិ​ច​អ៊ា​វ ហៅ​ឌុ​ច ដែល​ត្រូវបាន​តុលាការ​សម្រេច​ផ្តន្ទាទោស​ជាប់ពន្ធនាគារ​មួយជីវិត​ដែរនោះ ស្ថិតក្រោម​សំណុំរឿង ០០១ ពីបទ​ឧក្រិដ្ឋកម្ម​សង្គ្រាម ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ អំពើ​មនុស្សឃាត និង​ទារុណកម្ម​។ អ្នកទោស​នៅ​មន្ទីរ​ស​-២១ ឬ​គុក​ទួលស្លែង​យ៉ាងតិច​១២៣៨០​នាក់ ត្រូវបានធ្វើ​ទារុណកម្ម​យ៉ាង​ព្រៃផ្សៃ​មុននឹង​ត្រូវ​សម្លាប់ចោល​នៅក្រោម​ការគ្រប់គ្រង​រប​ស់លោក កាំ​ង ហ្កិ​ច​អ៊ា​វ ហៅ​ឌុ​ច ចន្លោះ​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩​។​
​ក្នុង​ដំណើរការ​ជំនុំជម្រះ​ក្តីរ​យៈ​ពេល​ជាង ១០​ឆ្នាំ​មកនេះ តុលាការ​ខ្មែរក្រហម​បាន​ចំណាយ​ថវិកា​អស់​ជិត ៣០០​លាន​ដុល្លារ​អាមេរិក ដោយ​កាត់ទោស​បាន​អតីត​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម ៣​រូប ក្នុង​សំណុំរឿង ៣ ដាច់ដោយឡែក​ពីគ្នា​ខាងលើនេះ​។ 
 

Tag:
 នួន ជា​
  ខ្មែរក្រហម​
  បារាំង​
  ជប៉ុន​
© រក្សាសិទ្ធិដោយ thmeythmey.com