អន្តរជាតិ
អតីតរដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌា​ទទួលមរណភាព​ក្នុង​វ័យ​៦៧​ឆ្នាំ​ដោយ​គាំងបេះដូង​
07, Aug 2019 , 4:30 pm        
រូបភាព
ពិធីបុណ្យសពលោកស្រី Sushma Swaraj រៀបចំនៅទីស្នាក់ការគណបក្ស Bharatiya Janata Party ក្រុងញូវដេលី។ រូបថត AFP
ពិធីបុណ្យសពលោកស្រី Sushma Swaraj រៀបចំនៅទីស្នាក់ការគណបក្ស Bharatiya Janata Party ក្រុងញូវដេលី។ រូបថត AFP
​អតីត​ប្រមុខ​ការទូត​ដ៏​ចំណាន​របស់​ឥណ្ឌា និង​ជា​សមាជិក​ជាន់ខ្ពស់​រប​ស់​គណបក្សកាន់អំណាច Bharatiya Janata(BJP) លោកស្រី Sushma Swaraj បានទទួល​មរណភាព​នៅ​អាយុ​៦៧ យប់​ថ្ងៃ​អង្គារ​ទី ៦​ខែសីហា​។ 

 
​ទីភ្នាក់ងារ​ព័ត៌មាន AFP ផ្សាយ​ថា លោកស្រី Swaraj បានទទួល​មរណភាព​ដោយសារ​រោគ​គាំងបេះដូង បន្ទាប់ពី​លោកស្រី ត្រូវបាន​គេ​បញ្ជូន​ចូល​បន្ទប់សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​ទីក្រុង ញូ​វ ដេលី​។ 
 
​លោកស្រី Sushma Swaraj គឺជា​ស្ត្រី​ទី​២ ដែល​កាន់តំណែង​ជា​រដ្ឋមន្ត្រីការបរទេស បន្ទាប់ពី​លោកស្រី Indira Gandhi​។ អតីតរដ្ឋមន្ត្រី​ការបរទេស​រូបនេះ​បាន​កាន់តំណែង នៅក្នុង​គណៈរដ្ឋមន្ត្រីរ​បស់​លោកនាយក​រដ្ឋមន្ត្រី នា​រិ​ន្ទ្រា ម៉ូ​ឌី ចាប់ពី​ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៩​។ 
 
​ក្រោយ​ទទួលដំណឹង​មរណភាព​របស់លោក​ស្រី នាយករដ្ឋមន្ត្រី​ឥណ្ឌា នា​រិ​ន្ទ្រា ម៉ូ​ឌី បាន​សរសេរ​បង្ហោះ​លើ​គណនី twitter ផ្លូវ​ការខ្លួន​ដូច្នេះ​ថា​៖ «​ជំពូក​នៃ​ភាពរុងរឿង​ក្នុង​នយោបាយ ឥណ្ឌា​មកដល់​ទីបញ្ចប់​ហើយ​។ ប្រជាជន​ឥណ្ឌា​ឈឺចាប់ នឹង​ការបាត់បង់​មេដឹកនាំ​ដ៏​ល្អ​ម្នាក់ ដែល​បាន​លះបង់​អាយុជីវិត ដើម្បី​សេវាសាធារណៈ និង​ការរស់នៅ​កាន់តែ​ប្រសើរ​របស់​ប្រជាជន​ក្រីក្រ​។ លោកស្រី Sushma Swaraj គឺជា​មនុស្ស​មានចិត្ត​ល្អ និង​ជា​អ្នក​លើកទឹកចិត្ត​ប្រជាជន​ឥណ្ឌា​រាប់លាន​នាក់​»​។​
 
​សូម​រំលឹក​ជូន​ថា លោកស្រី​អតីតរដ្ឋមន្ត្រី​ការបរទេស​រូបនេះ បានទទួល​បរិញ្ញាបត្រ​ច្បាប់ និង បានចាប់ផ្តើម​នយោបាយ​នៅក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៧០​ជាមួយនឹង​មេដឹកនាំ​សង្គមនិយម​។ នៅក្នុង​ឆ្នាំ ១៩៧៥ លោកស្រី បាន​ជំទាស់​ទៅនឹង​ការដឹកនាំ​បែប​ផ្តាច់ការ​របស់​នាយករដ្ឋមន្ត្រី Indira Gandhi៕ 

Tag:
 Sushma Swaraj
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com