Samy Sana រំពឹង​ឈ្នះ Dzhabar Askerov ក្រោយ​បំបាក់​ជើង​ខ្លាំង​ថៃ Yodsanklai
ONE Championship
កីឡាជាតិ
ជាតិ
Samy Sana រំពឹង​ឈ្នះ Dzhabar Askerov ក្រោយ​បំបាក់​ជើង​ខ្លាំង​ថៃ Yodsanklai
07, Aug 2019 , 5:07 pm        
រូបភាព
​អត្ថបទ​៖ ស៊ិ​ធី​
 
​បន្ទាប់ពី​បំបាក់​ជើង​ខ្លាំង​ថៃ Yodsanklai IWE Fairtex អ្នក​ប្រដាល់​បារាំង Samy Sana រហស្សនាម​ថា «AK47» ដែលមាន​កំណត់ត្រា​ប្រកួត​ឈ្នះ ១៤៥ រំពឹង​ឈ្នះ​កីឡាករ​រុស្ស៊ី Dzhabar Askerov ដែល​ធ្លាប់​ឈ្នះ​១០៨ នៅ​ទីលាន Impact Arena នៃ​ព្រឹត្តិការណ៍ ONE: DREAMS OF GOLD​។ អ្នក​ទាំងពីរ​ត្រូវ​ប៉ះគ្នា​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ONE Featherweight Kickboxing World Grand Prix នា​ថ្ងៃ​សុក្រ​ទី​១៦ សីហា ២០១៩​ខាងមុខ នៅ​ក្រុង​បាងកក​។​


 
«​គ្មានអ្វី​អាច​បញ្ឈប់​ខ្ញុំ​បានទេ​។ គ្មានអ្វី​អាច​រារាំង​ខ្ញុំ​ពី​ជ័យជម្នះ​បានឡើយ​ក្នុង​ព្រឹត្តិការណ៍​នេះ​»​។ ជើងឯក Muay Thai និង Kickboxing World Champion ថ្លែង​បញ្ជាក់​បែបនេះ​។ នៅ​វគ្គ​៨​នាក់​ចុងក្រោយ «AK47» ប៉ះ​ដៃគូ​ដែល​ធ្លាប់​ឈ្នះ​រូបគេ​នៅ​ឆ្នាំ​២០១៣ ហើយ អ្នកគាំទ្រ​ជាច្រើន​គិតថា ប្រវត្តិសាស្ត្រ​នៅតែ​មិនអាច​ទៅរួច​នៅ​ព្រឹត្តិការណ៍ ONE: ENTER THE DRAGON​។

យ៉ាងណាក្ដី Sana បាន​ទម្លាក់​ស៊ុ​ពើ​ស្ដារ​របស់​ថៃ និង​ធ្វើ​ឲ្យ​រូបគេ​ក្លាយជា​កីឡាករ​មាន​ភាគរយ​ច្រើន​អាច​ឈ្នះ​ជើងឯក​ក្នុង​កម្មវិធី​នេះ​។ គេ​រំលឹកថា ៖«​យុទ្ធសាស្ត្រ​របស់ខ្ញុំ​ចេះតែ​ឆ្ពោះទៅមុខ ធ្វើ​ឲ្យ​គេ​ដួល និង ចេញ​អាវុធ​ឲ្យ​ញាប់ៗ ហើយ​យុទ្ធសាស្ត្រ​នេះ​ជោគជ័យ​។ ខ្ញុំ​បញ្ចេញ​ដៃជើង​ឲ្យ​ញាប់ៗ​នៅ​ទឹក​ទី​១​។ ខ្ញុំ​មាន​អារម្មណ៍​ថា​មិន​ស្រួល​សោះ តែ​ក្រុម​របស់ខ្ញុំ​ប្រាប់​ឲ្យ​ធ្វើ​វិធី​នេះ​»​។ 


 
​កីឡាករ​បារាំង​បន្តទៀតថា​៖«​យើង​រៀបចំ​យ៉ាង​ម៉ត់ចត់​ដើម្បី​តតាំង [Yodsanklai] ហើយ​យើង​មាន​ទំនុកចិត្ត​ថា​យើង​ត្រៀម​រួចរាល់​ក្នុង​ការធ្វើ​។ យើង​ត្រូវ​ធ្វើតាម​វិធី​របស់​យើង​។ យើង​ពេញចិត្ត​ពេល​បាន​ឡើងដល់​វគ្គ​នេះ​»​។ យ៉ាងណាក្ដី​គូប្រជែង​របស់គេ​ក៏​បង្ហាញ​ភាពខ្លាំង​ដែរ ពេល​ឈ្នះ​កីឡាករ​អាល្លឺម៉ង់ Enriko Kehl នៅ​ទឹក​ទី​៣​។ Sana ដឹង​ច្បាស់​ថា​ជើងឯក Kickboxing World Champion នឹង​បង្ក​ផល​លំបាក​ច្រើន​ដល់​រូបគេ​ច្រើន​នា​ក្រុង​បាងកក​។ «Dzhabar Askerov ជា​ម្ចាស់​ជើងឯក​ដ៏​អស្ចារ្យ និង​មានបទពិសោធន៍​ក្រាស់​ណាស់​»​។ កីឡាករ​បារាំង​វ័យ ៣០ ឆ្នាំ​ពន្យល់​បែបនេះ​។​
 
Dzhabar ជា​គូប្រជែង​ខំប្រឹង​វ៉ៃ​ខ្លាំងក្លា និង មាន​ជំនាញ​ម៉ាត់​កណ្ដាប់ដៃ ប៉ុន្តែ Sana នៅ​គិតថា​វា​ការប្រកួត​ដ៏​ប្រុងប្រយ័ត្ន និង លំបាក​រៀងៗ​ខ្លួន​។ 
​ជើង​ខ្លាំង​មកពី​បារាំង​គូសបញ្ជាក់ថា ៖«​ចំពោះ​ខ្ញុំ ខ្ញុំ​អាច​ចល័ត​បាន​គ្រប់​ទីតាំងនៅ​សង្វៀន​។ ខ្ញុំ​ធ្វើ​ធម្មតា និង​ប្រយុទ្ធ​តាំងពីដើម​ទឹក ហើយ ដាក់​សម្ពាធ​លើ​គូ​ប្រួត​។ ចាំមើល​ថា​តើ​មានរឿង​អ្វី​កើតឡើង​។ ខ្ញុំ​រៀបចំ​កណ្ដាប់ដៃ ជង្គង់ និង បម្លាស់​ទី​រហ័ស​។ ខ្ញុំ​ប្រើ​កម្លាំង​ពេញ​សម្រាប់ ៣ ទឹកតែ​ម្ដង​»​។ 
 
World Grand Prix ចាប់ផ្ដើម​ប្រកួត​ដោយមាន​កីឡាករ​៨​នាក់​ក្នុង​ដំណើរ​ប្រជែង​យកប្រាក់​រង្វាន់ ១ លាន​ដុល្លារ​។ នេះ​ជា​ឱកាស​របស់ Sana ដើម្បី​ក្លាយជា​កីឡាករ kickboxer ល្អ​បំផុត​មួយ​ក្នុង​លោក និង ឱកាស​ផ្ដល់​ភាពកក់ក្ដៅ​ជូន​ក្រុមគ្រួសារ​។ យ៉ាងណាក្ដី Sana បញ្ចេញ​ឆន្ទៈ​បែបនេះ ៖«​យើង​មិនមែន​វ៉ៃ​ដើម្បី​លុយ​មួយ​មុខ​ទេ​។ យើង​វ៉ៃ​ព្រោះ​ជា​ក្ដី​ស្រលាញ់​របស់​យើង ព្រោះ​ឈាមជ័រ​របស់​យើង​ជា​អ្នក​ប្រដាល់ ដូច្នេះ​ត្រូវតែ​ប្រកួត​»​។ ទឹកប្រាក់ ១ លាន​ដុល្លារ​ពិតជា​ច្រើន​សម្បើម​ណាស់ ដូច្នេះ «AK47» ត្រូវតែ​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល និង កើតឡើង​។ 
 
Sana ថ្លែង​អស់ពី​ចិត្ត​ថា​៖ «​ប្រាក់រង្វាន់​១​លាន​ដុល្លារ ជា​ស្នាដៃ​ធំធេង​ក្នុង​ជីវិត​។ ខ្ញុំ​កើតចេញពី​គ្រួសារ​មិន​ធូរធារ ដូច្នេះ ខ្ញុំ​គិតថា​វា​ជា​សមិទ្ធផល​មួយ​ដើម្បី​គាំទ្រ​ដល់​តម្រូវការ​របស់​គ្រួសារ និង ឳ​ពុក​ម្ដាយ​របស់ខ្ញុំ ដែល​ខំធ្វើការ​ងារ​ធ្ងន់ តាំងពី​ពួកគាត់​នៅ​ក្មេង​ម្ល៉េះ​។ ពួកគាត់​ធ្វើការ​សម្រាប់​គ្រួសារ​ទាំងមូល​»​។  មុន​ទទួលបាន​ប្រាក់រង្វាន់​សន្ធឹកសន្ធាប់ Sana ត្រូវតែ​ឈ្នះ​Askerov ជាមុនសិន​ដើម្បី​កក់​កៅអី​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​សង្វៀន ONE: CENTURY តទល់​នឹង​អ្នកឈ្នះ​រវាង Giorgio Petrosyan និង Jo Nattawut ។ «Dzhabar ខ្ញុំ​សង្ឃឹមថា​អ្នក​បាន​ត្រៀម​រួចហើយ​នៅ​ថ្ងៃទី ១៦ សីហា ព្រោះ​យើង​នឹងធ្វើ​ឲ្យ​រង្គើ​សង្វៀន​។ យើង​ត្រូវតែ​ប្រយុទ្ធ​យ៉ាង​អង់អាច និង​ត្រូវ​រង់ចាំ​មើលថា​អ្វី​នឹង​បុក​ចំពោះ​របស់​អ្នក​»​។ 
 
Sana ជឿជាក់ថា​វា​ជាការ​ប្រកួត​ដ៏​ស្រួចស្រាល់ ហើយ​លទ្ធផល​នឹង​ស្ដែង​ឲ្យ​ឃើញ​កាន់តែ​ឆ្ពោះទៅ​កៀក​ជើងឯក​ក្នុង​កម្មវិធី​ខាងលើ​។ សូម​ទស្សនា​ការផ្សាយ​ផ្ទាល់​ពីស​ង្វៀន ONE CHAMPIONSHIP និង កម្មវិធី​ប្រកួត​ធំៗ តាមរយៈ​ផេ​ក  https://www.facebook.com/ONEChampionship/ និង YouTube: https://www.youtube.com/user/OneFCMMA ៕ 

© រក្សាសិទ្ធិដោយ thmeythmey.com