អន្តរជាតិ
វិបត្តិ​កា​ស្មៀ​រ​៖ ប៉ា​គី​ស្ថាន ទម្លាក់​ទំនាក់ទំនង​ការទូត និង​ផ្អាក​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ឥណ្ឌា
08, Aug 2019 , 1:39 pm        
រូបភាព
នាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក Imran Khan ចូលរួមក្នុងកិច្ចប្រជុំមួយស្តីពីសន្តិសុខ នៅក្រុងអ៊ីស្លាម៉ាបាដ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩។
នាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក Imran Khan ចូលរួមក្នុងកិច្ចប្រជុំមួយស្តីពីសន្តិសុខ នៅក្រុងអ៊ីស្លាម៉ាបាដ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩។
ប៉ា​គី​ស្ថាន​បាន​និយាយ​កាលពី​ថ្ងៃទី​៧ ខែសីហា ថា​ខ្លួន​នឹង​ទម្លាក់​កម្រិត​ទំនាក់ទំនង​ការទូត និង​ផ្អាក​ការធ្វើ​ពាណិជ្ជកម្ម​បណ្តោះអាសន្ន​ជាមួយនឹង​ឥណ្ឌា បន្ទាប់ពី​ទីក្រុង ញូ​វ ដេលី បាន​ដក​ស្វ័យភាព​ពិសេស​ពី​តំបន់​កា​ស្មៀ​រ​។



​តាម​ការចុះផ្សាយ​របស់​ព័ត៌មាន Reuters  លោក Shah Medmood Qureshi រដ្ឋមន្ត្រីការបរទេស​ប៉ា​គី​ស្ថាន បាន​និយាយ​នៅក្នុង​កញ្ចក់​ទូរទស្សន៍​ថា​៖ « យើង​នឹង​ហៅ​អគ្គរដ្ឋទូត​របស់​យើង​ត្រលប់​មកវិញ ហើយ​បញ្ជូន​បេសកជន​របស់គេ​ត្រលប់​ទៅវិញ​ដែរ​»​។

ទន្ទឹមគ្នា​នេះដែរ រដ្ឋាភិបាល​ប៉ា​គី​ស្ថាន​ក៏​បានចេញ​សេចក្តីប្រកាស​មួយ​ទៅលើ ការផ្អាក​ធ្វើ​ពាណិជ្ជកម្ម​ក្នុងស្ថានភាព​ធ្លាក់ចុះ​នៃ​ទំនាក់ទំនង​ការទូត​រវាង​គូរ​ប្រជែង​ធំ​មួយ​គឺ ឥណ្ឌា​។ លើសពីនោះ ប៉ា​គី​ស្ថាន ក៏​នឹង​យក​សំណុំ​រឿងនេះ​ទៅកាន់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ឲ្យ​ជួយ​ដោះស្រាយ​ផងដែរ​។

វិធានការ​ចុងក្រោយ​របស់​ក្រុង​អ៊ី​ស្លា​ម៉ា​បាដ​នេះ មិនទាន់មាន​ប្រតិកម្ម​ណាមួយ ត្រលប់​មកពី​រដ្ឋាភិបាល​ក្រុង​ញូ​វ​ដេលី​នៅឡើយ​ទេ​។

បញ្ហា​ចម្រូងចម្រាស់​រវាង ឥណ្ឌា និង​ប៉ា​គី​ស្ថាន កើតចេញពី​ការដក​ឋានៈ​ស្វ័យភាព​ពិសេស​ពី​តំបន់​កា​ស្មៀ​រ​របស់​រដ្ឋាភិបាល​ឥណ្ឌា​។ កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ រដ្ឋាភិបាល​ឥណ្ឌា​បាន​បញ្ជូន​ទ័ព​ប្រមាណ​ជា ៧​ម៉ឺន​នាក់​បន្ថែមទៀត ទៅ​តំបន់​ដែលមាន​ប្រជាជន​ភាគច្រើន​កាន់សាសនា​ឥស្លាម​មួយ​នេះ​។

ទឹក​ដីកា​ស្មៀ​រ​នេះ ត្រូវបាន​បែងចែក​រវាង​ឥណ្ឌា និង​ប៉ា​គី​ស្ថាន​តាំងពី​ប្រទេស​ទាំងពីរ​នេះ​បាន​ឯករាជ្យ​មក​។ ក៏ប៉ុន្តែ ប្រទេស​ទាំងពីរ​នេះ បានទាមទារ​តំបន់​នេះ​ទាំងមូល​។ ការណ៍​នេះ បាន​បណ្តាល​ឲ្យ​ប្រទេស​ទាំង​២​ធ្វើសង្គ្រាម​រវាង​គ្នា​និង​គ្នា​ចំនួន​៣​លើក ហើយ​នៅតែ​ប្រភព​នៃ​ការតានតឹង​ដដែល​៕


Tag:
 ឥណ្ឌា​
  កា​ស្មៀ​រ
© រក្សាសិទ្ធិដោយ thmeythmey.com