អន្តរជាតិ
អាស៊ាន បើកសម្ពោធ​អគារ​លេខាធិការដ្ឋាន​ថ្មី ចំ​ថ្ងៃកំណើត​៥២​ឆ្នាំ
08, Aug 2019 , 3:06 pm        
រូបភាព
ទិដ្ឋភាពក្នុងពិធីសម្ពោធអាគារលេខាធិការដ្ឋានអាស៊ានថ្មី នៅហ្សាការតា (FB អាស៊ាន)
ទិដ្ឋភាពក្នុងពិធីសម្ពោធអាគារលេខាធិការដ្ឋានអាស៊ានថ្មី នៅហ្សាការតា (FB អាស៊ាន)
ដោយ:
​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ហៅ​កាត់​ថា អាស៊ាន បាន​បើកសម្ពោធ​អគារ​លេខាធិការដ្ឋានរ​បស់​ខ្លួន ក្នុង​រដ្ឋធានី ហ្សា​ការ​តា របស់​ឥណ្ឌូណេស៊ី​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៨ ខែសីហា ឆ្នាំ​២០១៩ ដែលជា​ថ្ងៃកំណើត​លើក​ទី​៥២​របស់ខ្លួន​។

 
 
​អគារ​ថ្មី​ដែលមាន​កម្ពស់​១៦​ជាន់​នេះ មាន​ទីតាំង​ក្នុង​តំបន់ Jalan Trunojoyo នៅ​ភាគខាងត្បូង​ទីក្រុង​ហ្សា​ការ​តា ក្បែរ​អាគារ​លេខា​ធិ​ដ្ឋា​ន​អាស៊ាន​បច្ចុប្បន្ន​។ តាម​ការអះអាង​របស់​មន្ត្រី​នៃ​ក្រសួងការបរទេស​ឥណ្ឌូណេស៊ី អគារ​នេះ នឹង​ផ្តល់​ទីតាំង​ធ្វើការ​កាន់តែ​ប្រសើរ និង​លើកស្ទួយ​កិច្ចសហប្រតិបត្តិការ​ក្នុងចំណោម​សហគមន៍​អាស៊ាន​។ 
 
​លោក​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ អគ្គលេខាធិការ​អាស៊ាន ប្រមុខ​ការទូត​រដ្ឋ​សមាជិក​អាស៊ាន និង​តំណាង​ទាំង​១០​ប្រទេស បាន​ចូលរួម​ពិធី​បើកសម្ពោធ​អគារ​ថ្មី​នេះ​។ 
 
​ជាមួយនឹង​ការដាក់​ដំណើរការ​អគារ​ថ្មី​នេះ ក៏ដូចជា​មាន​ទីតាំង​នៃ​លេខាធិកា​ដ្ឋា​ន​អាស៊ាន​ក្នុង​រដ្ឋធានី​ហ្សា​ការ​តា ក្រសួងការបរទេស​ឥណ្ឌូណេស៊ី​លើកឡើងថា នេះ​ជាការ​បង្ហាញ​ច្បាស់​ណាស់​ថា ទីក្រុង ហ្សា​ការ​តា កំពុង​សម្រួច​ខ្លួន​ទៅជា «​រដ្ឋធានី​នៃ​អាស៊ាន​»​។ លោក សង្ឃឹមថា កិច្ចប្រជុំ​អាស៊ាន​នាពេល​អនាគត នឹងត្រូវ​ប្រារព្ធ​ឡើង​ក្នុង​ទីក្រុង​ហ្សា​ការ​តា​ផងដែរ​។​
 
​សូមបញ្ជាក់ថា អង្គការ​តំបន់​អាស៊ាន បាន​បង្កើតឡើង​កាលពី​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​១៩៦៧ នា​រាជធានី​បាងកក ប្រទេស​ថៃ ដោយមាន​សហ​ស្ថាបនិក​ចំនួន ៥ ប្រទេស រួមមាន ឥណ្ឌូណេស៊ី ថៃ ហ្វីលីពីន សិង្ហ​បុរី និង​ម៉ាឡេស៊ី​។ បច្ចុប្បន្ន អាស៊ាន មាន​សមាជិក ១០​ប្រទេស ដោយ​រាប់បញ្ចូល​ទាំង​សមាជិក​ថ្មី ៥ ទៀត ក្នុងនោះ​មាន ព្រុយ​ណេ វៀតណាម ឡាវ កម្ពុជា មី​យ៉ាន់​ម៉ា​៕
 
 

Tag:
 ឥណ្ឌូណេស៊ី​
  លេខាធិការដ្ឋាន​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com