អន្តរជាតិ
នាយករដ្ឋមន្ត្រីប៉ាពូអាស៊ីនូវែលហ្គីណេ ដកសម្ដី «សុំចិនជួយដោះបំណុល៨ពាន់លានដុល្លារ» វិញ លោកនាយករដ្ឋមន្ត្រីប៉ាពូអាស៊ីនូវែលហ្គីណេ James Marape (AFP)
× នាយករដ្ឋមន្ត្រីប៉ាពូអាស៊ីនូវែលហ្គីណេ James Marape បានដកសម្ដីដែលថា លោកបានស្នើសុំឲ្យភាគីចិនជួយដោះបំណុលជាតិ ៨ពាន់លានដុល្លារ។ ចំពោះការក្រឡាស់សំដីនេះ លោក អះអាងថា សេចក្តីថ្លែងការណ៍លើកមុន ត្រូវបានផ្សាយចេញដោយពុំមានការដឹងលឺពីលោកឡើយ។
សេចក្តីថ្លែងការណ៍មួយពីការិយាល័យលោកនាយករដ្ឋមន្ត្រី នៅថ្ងៃរទី ៦ សីហា បញ្ជាក់ឲ្យដឹងថា លោក Marape បានស្នើសុំអគ្គរដ្ឋទូតចិនសម្រាប់ជួយដោះបំណុលសាធារណៈ ដែលស្មើនឹង ៨ពាន់លានដុល្លារ អំឡុងជំនួបមួយក្នុងរដ្ឋធានីព័រម៉ូរេសប៊ី ។ យ៉ាងណាមិញ នៅថ្ងៃទី ៧ ខែសីហា ការិយាល័យលោក Marape បានចេញផ្សាយសេចក្តីថ្លែងការណ៍ថ្មីមួយទៀត ដោយលើកឡើងថា វាជារឿងមិនពិតឡើយដែលថាលោកនាយករដ្ឋមន្ត្រីនឹងទៅរកចិនតែមួយដើម្បីដោះស្រាយបញ្ហាបំណុលប្រទេស។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP មេដឹកនាំវ័យ៤៨ឆ្នាំរូបនេះ អះអាងទៀតថា រដ្ឋាភិបាលលោក កំពុងស្ថិតក្នុងដំណាក់ការបឋមនៃកិច្ចពិភាក្សាពាណិជ្ជកម្មជាមួយចិន ហើយក៏ពិនិត្យមើលលើមធ្យោបាយដោះបំណុលផងដែរ។ «យើងកំពុងពិភាក្សាជាមួយដៃគូទ្វេភាគីជាច្រើន ដើម្បីទទួលបានឥណទានការប្រាក់ទាបបំផុត។ នេះ គឺរួមមានកិច្ចពិភាក្សាជាមួយ ធនាគារពិភពលោក,ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូមិនប្រពៃណីមួយចំនួន»។ លោក Marape បញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍បែបនេះ។
របាយការណ៍ជាច្រើន បង្ហាញថា បំណុលសាធារណៈរបស់ប៉ាពូអាស៊ីនូវែលហ្គីណេស្មើនឹង ៣៣ភាគរយនៃ GDP ជាមួយនឹងអត្រាការប្រាក់ ១៥ភាគរយនៃការចំណាយប្រចាំឆ្នាំរបស់រដ្ឋាភិបាល។
លោក Marape ដែលទើបចូលកាន់តំណែងកំពូលនេះកាលពីជាង ២ខែមុន បាននិយាយថា លោក មានគម្រោងដោះបំណុលរបស់រដ្ឋាភិបាលមុន ដែលលោកចាត់ទុកថា «អាក្រក់ និងមានតម្លៃថ្លៃ» ប៉ុន្តែថា នឹងមិនដាក់បន្ទុកដោយល្ងង់ខ្លៅបន្ថែមលើសេដ្ឋកិច្ចប្រទេសនេះទៀតឡើយ។ ត្រង់នេះ លោក សង្កត់ធ្ងន់បែបនេះ៖ «ខ្ញុំបញ្ឈប់ការខ្ចីបុល រហូតដល់យើងដឹងថា គម្រោងទាំងនោះ ផ្តល់ផលចំណេញដល់យើងគ្រប់គ្រាន់សម្រាប់ឲ្យយើងអាចដោះបំណុលដោយសុវត្ថិភាព»។
លើសពីនេះ លោកនាយករដ្ឋមន្ត្រី Marape ក៏បានប្តេជ្ញាបោសសម្អាតអំពើពុករលួយដែលរាតត្បាតនៅក្នុងប្រទេស ព្រមទាំងធ្វើឲ្យទំនាក់ទំនងរបស់ប្រទេសលោកមានតុល្យភាពជាមួយសម្ពន្ធមិត្ត និងក្រុមហ៊ុនបរទេស ដែលកំពុងរុករកធនធានធម្មជាតិដ៏សម្បូរបែបក្នុងប្រទេសនេះផងដែរ។
សូមបញ្ជាក់ថា នារយៈចុងក្រោយនេះ ក្រុងប៉េកាំង ចាប់ផ្តើមពង្រឹងចំណងទាក់ទងជាមួយនឹងប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ និងបណ្តាប្រជាជាតិក្នុងតំបន់ប៉ាស៊ីហ្វិកផ្សេងទៀត ដោយជំរុញការចូលរួម និងផ្តល់កម្ចីសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់។ ការណ៍នេះ បានបង្កជាក្តីកង្វល់ដល់រដ្ឋាភិបាលអូស្ត្រាលី និងសហរដ្ឋអាមេរិក ដែលបច្ចុប្បន្ន កំពុងប្រកួតប្រជែងជាមួយក្រុងប៉េកាំង ដើម្បីរក្សាឥទ្ធិពលពួកគេក្នុងតំបន់ប៉ាស៊ីហ្វិក នៅចំពោះមុខការកើនឡើងឥទ្ធិពលរបស់ចិន៕
Tag:
ប៉ាពូអាស៊ីនូវែលហ្គីណេ
ចិន
បំណុល
© រក្សាសិទ្ធិដោយ thmeythmey.com