ជាតិ
សង្គមជាតិ
សាលា​រាជធានី គ្រោង​ធ្វើ​ផ្លូវ​ថ្មើរជើង​និង​សួន នៅ​ជុំវិញ​បឹង​សំរោង
08, Aug 2019 , 9:19 pm        
រូបភាព
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ
ដោយ:
​ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានប្រកាស​កាលពី​ថ្ងៃទី​៧ ខែសីហា ថា​រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​សាងសង់​ផ្លូវ​ថ្មើរជើង និង​សួន​សាធារណៈ​នៅ​ជុំវិញ​បឹង​សំរោង ក្នុង​ខណ្ឌ​ព្រែក​ព្នៅ សម្រាប់​ឲ្យ​ពលរដ្ឋ​ឆ្លងកាត់ និង​សម្រាក​លម្ហែកាយ​។



​គម្រោង​សាងសង់​ផ្លូវ​ថ្មើរជើង​នេះ​កំពុងតែ​ស្ថិតនៅក្នុង​ការវាស់វែង ដោយសារ​គម្រោង​នេះ​អាច​នឹងមាន​ផលប៉ះពាល់​ដល់​ពលរដ្ឋ​ដែល​អាស្រ័យ​លើ​ផល និង​ការចិញ្ចឹម​ត្រី​។ ដូច្នេះ អភិបាល​រាជធានី បញ្ជា​ឲ្យ​មន្ត្រី ដោះស្រាយ​ឲ្យ​ទាន់ពេលវេលា ដើម្បី​ឲ្យ​គម្រោង​នេះ​ប្រព្រឹត្ត​ទៅដោយ​រលូន​។

​សេចក្តីជូនដំណឹង ដែល​ចេញ​ដោយ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ការសាងសង់​ផ្លូវ​ថ្មើរជើង និង​សួន​សាធារណៈ នៅ​ជុំវិញ​បឹង​សំរោង​នេះ មាន​ពលរដ្ឋ​ខ្លះ​មិនទាន់​សហការ​ដោះស្រាយ​លើ​ការរង​ផលប៉ះពាល់​នៅឡើយ​ទេ​។ សាលា​រាជធានី​ភ្នំពេញ ស្នើ​ឲ្យ​ពលរដ្ឋ​ដែល​កាន់កាប់​ផ្ទៃ​បឹង​ទាំងអស់ យក​ឯកសារ​ពាក់ព័ន្ធ​ទៅ​បញ្ជា​ក់នៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​បានជា​ដំណោះស្រាយ​។ 

​សេចក្តីជូនដំណឹង ពុំបាន​បញ្ជាក់​ឡើយ​ថា គម្រោង​សង់​ផ្លូវ​និង​សួន​នេះ នឹង​ចាប់ផ្តើម​នៅពេលណា​។ សារព័ត៌មាន​ថ្មីៗ មិនអាច​សុំ​ការបកស្រាយ​បន្ថែម​ពី​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បានឡើយ ដោយសារតែ​មិន​លើក​ទូរ​សព្ទ​៕


Tag:
 ​បឹង​សំរោង​
  ផ្លូវ​ថ្មើរជើង
© រក្សាសិទ្ធិដោយ thmeythmey.com