ជាតិ
ប្ដី-ប្រពន្ធជាជាងសំណង់ នៅព្រះសីហនុ បានស្លាប់ ដោយសាររបងផ្ទះបាក់លើ
× ភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់ខ្លាំង បានធ្វើឲ្យរបងផ្ទះបាក់លើកន្លែងស្នាក់នៅរបស់ប្តី-ប្រពន្ធជាកម្មករសំណង់ ហើយបណ្តាលឲ្យពួកគេទាំងពីរនាក់ បាត់បង់ជីវិត ពេលទៀបភ្លឺ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩។ នៅមានបុរសជនជាតិម្នាក់ទៀត ក៏បានស្លាប់ដែរ ដោយសារតែរបងឃ្លាំងសង្កត់លើ។
លោក ជួន ណារិន្ទ ប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទថា កន្លែងស្នាក់នៅរបស់ប្តី-ប្រពន្ធនោះ ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ឯកន្លែងដែលបុរសជនជាតិចិន រងគ្រោះ គឺនៅក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់។ លោក ជួន ណារិន្ទ អះអាងថា ពេលនេះ មិនមានអ្នករងរបួសឬស្លាប់បន្តទៀតឡើយ។
នៅព្រឹកថ្ងៃទី៩ខែសីហានេះ ក្រសួងធនធានទឹកបានចេញសេចក្ដីជូនដំណឹង ដោយបញ្ជាក់ថា ខេត្តព្រះសីហនុ មានភ្លៀងធ្លាក់យ៉ាងគំហុកជាប់ៗគ្នា ចាប់ពីថ្ងៃទី១ខែសីហាមកម្លេះ ហើយនឹងបន្តធ្លាក់ទៅប៉ុន្មានថ្ងៃខាងមុខទៀត។
ក្រសួងធនធានទឹក បន្ថែមថា ខេត្តរតនគិរី ក៏ជួបបញ្ហាទឹកជំនន់ដែរ ដោយសារទឹកភ្លៀង និងទឹកទន្លេស្រែពកឡើងយ៉ាងខ្លាំង ដែលបណ្ដាលឲ្យប៉ះពាល់ស្រុកចំនួនពីរ គឺស្រុកកូនមុំ និងស្រុកលំផាត់៕
© រក្សាសិទ្ធិដោយ thmeythmey.com