ជាតិ
សេដ្ឋកិច្ច
របាយការណ៍​រំលោភសិទ្ធិ​មនុស្ស ៖ ធនាគារជាតិ នឹង​ស៊ើបអង្កេត​លើ​វិស័យ​មីក្រូហិរញ្ញវត្ថុ
09, Aug 2019 , 9:19 pm        
រូបភាព
រូបភាពពីធនាគារជាតិ៖ លោកស្រី ជា សិរី អគ្គនាយិកាបច្ចេកទេសនៃធនាគារជាតិ
រូបភាពពីធនាគារជាតិ៖ លោកស្រី ជា សិរី អគ្គនាយិកាបច្ចេកទេសនៃធនាគារជាតិ
​ធនាគារជាតិ នឹង​ស៊ើបអង្កេត​លើ​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា ដើម្បី​ឆ្លើយតប​នឹង​របាយការណ៍​របស់​ស​ង្គ​ម​ស៊ីវិល ដែល​ចេញផ្សាយ​ថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ កំពុង​រំលោភបំពាន​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ នេះ​បើតាម​អគ្គនាយិកា​បច្ចេកទេស​នៃ​ធនាគារជាតិ លោកស្រី ជា សិរី ដែល​បានលើកឡើង​បែបនេះ នៅលើ​បណ្ដាញ​សង្គម​។​

 
​អង្គការ​លីកាដូ និង​សមាគម​ធាងត្នោត ដែល​បានចេញ​ផ្សាយ​របាយការណ៍​រួមគ្នា​មួយ​កាលពី​ថ្ងៃទី​៧ សីហា ស្តីពី «​ការធ្វើឱ្យ​ខូចខាត​ទ្រព្យ​ដាក់បញ្ចាំ​៖ ការបាត់បង់​ដីធ្លី និង​ការរំលោភបំពាន​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ នៅ​កម្ពុជា​»  បាន​រកឃើញថា ពលរដ្ឋ​កម្ពុជា​ប្រមាណ ២,៣៨ លាន​នាក់ បាន​ខ្ចីប្រាក់​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៨,០០០ លាន​ដុល្លារ ដែលមាន​មធ្យមភាគ​ឥណទាន​ខ្ពស់ ប្រមាណ ៣,៣៧០ ដុល្លារ​ក្នុង​មួយ​កម្ចី ហើយ​លើសពី​ចំណូល​ជា​មធ្យម​សម្រាប់​មនុស្ស​ម្នាក់ ដែលមាន​ត្រឹម ១,៣៨៤​ដុល្លារ​នា​ឆ្នាំ​២០១៧​។ ក្នុង​របាយការណ៍​អង្គការ​ទាំងពីរ បាន​អះអាងថា ពលរដ្ឋ​ទាំងនោះ​ត្រូវបាន​រង​ការរំលោភបំពាន​សិទ្ធិមនុស្ស​ជាច្រើន​រួមមាន​៖ ការបង្ខំ​ឱ្យ​លក់​ដី​, ការកេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​កុមារ​, ការធ្វើ​ចំណាកស្រុក​ដោយសារ​បំណុល និង​ការ​បញ្ចាំ​ខ្លួន​(​ធ្វើជា​កម្មករ​)​ដើម្បី​ដោះបំណុល​ជាដើម​។ 
 
​អង្គការ​ទាំងពីរ បាន​សិក្សា​ស្រាវជ្រាវ​លើ​ករណីនេះ ក្នុង​ឃុំ​ចំនួន​១០ នៅ​ខេត្ត​ចំនួន ៤ រួមទាំង​រាជធានី​ភ្នំពេញ​។ ក្នុងនោះ​ករណី​សិក្សា​លម្អិត​ចំនួន​៧ ករណី លើ​ការរំលោភបំពាន​សិទ្ធិមនុស្ស និង​បាន​សម្ភាស​មនុស្ស​ចំនួន​២៨​នាក់ ដែល​ជំពាក់​ប្រាក់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​។​
 
​អគ្គនាយិកា​បច្ចេកទេស​នៃ​ធនាគារជាតិ លោកស្រី ជា សិរី ហាក់​មិនបាន​បដិសេធចោល​ទាំងស្រុង​ទៅលើ​របាយការណ៍​នោះទេ ដោយ​លោកស្រី​បាន​ថ្កោលទោស​លើ​ទង្វើ​អសីលធម៌​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ដែល​បាន​រកឃើញ​ក្នុង​របាយការណ៍​ផងដែរ​។ ដ្បិត​មិន​ច្រានចោល​ក្តី ប៉ុន្តែ​លោកស្រី ជា សិរី បានដាក់​ការងឿងឆ្ងល់​វិញ​ថា តើ​របាយការណ៍ ដែល​សម្ភាស​មនុស្ស​ត្រឹមតែ​២៨​នាក់ មក​ធ្វើជា​តឹកតាង​នេះ វា​អាច​គ្រប់​ដណ្ដប់​ទាំងមូល​ទៅលើ​វិស័យ​មីក្រូហិរញ្ញវត្ថុ រួមទាំង​អ្នក​ខ្ចីប្រាក់​៥​លាន​នាក់​ដែរ​ទេ​?
 
«​វា​ហាក់បីដូចជា​ការស្ទង់មតិ​មួយ​ដែល​ធ្វើ​លើ​មនុស្ស​ត្រឹម ២៨ នាក់ (​ដែល​ត្រូវបាន​ជ្រើសរើស​ដោយ​ប្រុងប្រយ័ត្ន​) អាច​តំណាង​ឲ្យ​វិស័យ​ទាំងមូល ដែលមាន​មនុស្ស​រហូតដល់​៥ លាន​នាក់ បូករួម​ទាំង​អ្នក​ខ្ចី បាន​អ៊ីចឹង​»​។ នេះ​ជា​លើកឡើង​របស់​អគ្គនាយិកា​បច្ចេកទេស​នៃ​ធនាគារជាតិ ដែល​ទំនង​ចង់​ផ្លែផ្កា​ទៅ​របាយការណ៍​សង្គម​ស៊ីវិល​ខាងលើ​។ 
 
​តែ​យ៉ាងណា​ធនាគារជាតិ ទំនង​មិន​ទុក​បញ្ហា​ដែល​ខាង​អង្គការ​សង្គម​ស៊ីវិល រកឃើញ​នេះ​ចោល​ឡើយ​។ អគ្គនាយិកា​បច្ចេកទេស​នៃ​ធនាគារជាតិ​រូបនេះ បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ខ្លួន​ដូច្នេះ​ថា​៖« ធនាគារជាតិ​នឹង​ស៊ើបអង្កេត ហើយនឹង​មាន​វិធានការ​ចាំបាច់​ណាមួយ ដូច​របាយការណ៍​ដែល​បានលើកឡើង​ខាងលើនេះ​»​។​
 
​ឆ្លើយតប​បែបនេះហើយ​លោកស្រី ជា សិរី ក៏​បង្ហាញ​អារម្មណ៍​ឃ្នើសចិត្ត​ចំពោះ​សារព័ត៌មាន​បរទេស ដែល​បាន​ចុះផ្សាយ​ពី​ករណី​នេះដែរ​។ លោកស្រី សិរី ចាត់ទុក​ការចុះផ្សាយ​របស់​សារព័ត៌មាន​អន្តរជាតិ​ទាំងនោះ គឺមាន​បំណង​ព្រួត​ដៃ​គ្នា បំផ្លាញ​មុខមាត់​វិស័យ​ហិរញ្ញវត្ថុ​របស់​កម្ពុជា ដោយ​ផ្អែក​ប្រភពពី​អង្គការក្រៅរដ្ឋាភិបាល​នេះ​។ 
 
« ការចុះផ្សាយ​(​សារព័ត៌មាន​អន្តរជាតិ​)​ដោយ​មិនបាន​ត្រួតពិនិត្យ​លើ​ភាព​ពិតប្រាកដ​ត្រឹមត្រូវ​»​។ នេះ​ជាការ​លើកឡើង​របស់​អគ្គ​នាយិកា​បច្ចេកទេស​នៃ​ធនាគារជាតិ​។ 
 
​លោក អំ សំអាត នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ បាន​និយាយថា ករណី​សិក្សា​ពី​រឿង​ឥណទាន​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​នេះ គ្មាន​ចេតនា​បង្ខូច​កេរ្តិ៍ឈ្មោះ ឬ​វាយប្រហា​ទៅលើ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វ​ត្តុ​នៅ​កម្ពុជា​នោះទេ ពោលគឺ​គ្រាន់តែ​ចង់​ជំរុញ​ឲ្យ​ភាគី​ពាក់ព័ន្ធ​យកចិត្តទុកដាក់​បន្ថែម​លើ​ពលរដ្ឋ​ដែល​ងាយ​រងគ្រោះ ជាពិសេស​កសិករ​ក្នុងប្រទេស​កម្ពុជា ដោយ​ឈរលើ​គោលការណ៍​ស្តីពី​« ការវិនិយោគ ត្រូវ​ផ្សារភ្ជាប់​នឹង​សិទ្ធិមនុស្ស​» ប៉ុណ្ណោះ​។ លោក អំ សំអាត ក៏​ទទួលស្គាល់​ផងដែរ​ថា គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វ​ត្តុ បាន​ចូលរួមចំណែក​ក្នុង​ការជួយ​ដល់​ជីវភាព​ពលរដ្ឋ និង​ការអភិវឌ្ឍ​លើ​សេដ្ឋកិច្ចជាតិ​។ 
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ មន្ត្រីជាន់ខ្ពស់​អង្គការ​លីកាដូ​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖« យើង​បាន​ជួប​ពលរដ្ឋ​ច្រើនជាង​នេះ​។ បើទោះបីជា​វា​មាន​លក្ខណៈ​តូច​ក៏ដោយ​ប៉ុន្តែ​វា​ជា​ចំណុច​ចាប់ផ្ដើម​មួយ ដែល​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ចាប់ផ្ដើម​ពិនិត្យមើល​បន្ថែម ថា​តើក​ម្ចី​មាន​បញ្ហា​ដែរឬទេ ហើយ​ធ្វើយ៉ាងណា​ដើម្បី​កែសម្រួល​។ ហើយ​យើង​ចង់​ឲ្យ​រដ្ឋាភិបាល​ពិនិត្យមើល​ឡើងវិញ​ទៅលើ​បញ្ហា​នេះ ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន​មួយចំនួន ដែល​បាន​ចូលរួម​ជាមួយ​គ្រឹះស្ថាន​មិ​ក្រូ​ហិរញ្ញ​វ​ត្តុ ក្នុងការ​បង្ខិតបង្ខំ​ពលរដ្ឋ​ឲ្យ​លក់​ដី​សងបំណុល​ប៉ុណ្ណោះ​។ ក្នុងន័យ​(​របាយការណ៍​)​របស់​យើង​ចង់​ឲ្យ​ធ្វើ​អ៊ីចឹង​»​។ 
 
​បញ្ហា​ដែល​បណ្ដាល​ឲ្យ​ពលរដ្ឋ​ខ្វះ​លទ្ធភាព​សង ឬ​ជំពាក់​បំណុល​ច្រើន ក៏​មកពី​ទីផ្សារ​កសិផល​របស់​ពួកគេ​គ្មាន​ស្ថិរភាព ខណៈ​មន្ត្រី​អនុវត្ត​ច្បាប់ នៅ​ខ្វះចន្លោះ​ការបំពេញ​តួនាទី តាម​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​។ ដូច្នេះ​រដ្ឋាភិបាល ត្រូវ​ដោះស្រាយ​ប​ញ្ហ​ទាំងនោះ ហើយ​ត្រូវ​ធានាថា កម្ចី​ទាំងនេះ ជា​កម្ចី​បែប​ចីរភាព និង​ធានា​ឲ្យ​ជីវភាព​របស់​ពលរដ្ឋ​មាន​ភាពល្អប្រសើរ​។ នេះ​ជាការ​បញ្ជាក់​របស់លោក អំ សំអាត​។​
 
​កន្លងមក​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​អំពាវនាវ​ដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​ទាំងអស់​ក្នុងប្រទេស​កម្ពុជា ត្រូវ​ពន្យា​ពេល​ដល់​ប្រជាពលរដ្ឋ ដែលជា​កូនបំណុល​ខ្លួន ដោយ​មិនត្រូវ​រឹបអូស​ទ្រព្យសម្បត្តិ​របស់​ពួកគេ នៅពេលដែល​ខ្វះ​លទ្ធភាព​សង​ត្រឡប់​ឡើយ​។ សម្ដេច ក៏​បញ្ជា​ឲ្យ​អាជ្ញាធរ​ចាត់វិធានការ​លើ​មីក្រូហិរញ្ញវត្ថុ ដែល​រឹបអូស​ទ្រព្យសម្បត្តិ​របស់​ពលរ​ដ្ឋ​នេះដែរ​។ បន្ថែម​ពីនេះ​ប្រមុខ​រដ្ឋាភិបាល​ក៏បាន​រំឭក​ឲ្យ​ពលរដ្ឋ​ខ្ចីលុយ​ពី​ធនាគារ ដោយ​ត្រូវ​ប៉ាន់ប្រមាណ​ពី​សមត្ថភាព​ខ្លួន ដែល​អាច​សង​ត្រឡប់​វិញ​ផង​៕

Tag:
 ជា សិរី
 ​ហិរញ្ញវត្ថុ​
  សិទ្ធិមនុស្ស​
  ធនាគារជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com