អន្តរជាតិ
កូរ៉េខាងជើង បាញ់​មី​ស៊ី​លពីរ​គ្រាប់​ទៀត ក្រោយ​លោក គីម ផ្ញើ​សំបុត្រ​ឲ្យ​លោក ត្រាំ
10, Aug 2019 , 10:44 am        
រូបភាព
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នាជំនួបនៅតំបន់គ្មានយោធា។ រូបភាព AFP
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នាជំនួបនៅតំបន់គ្មានយោធា។ រូបភាព AFP
​កូរ៉េខាងជើង នៅ​ថ្ងៃ​ព្រឹក​ថ្ងៃទី​១០ ខែសីហា បាន​បាញ់​មី​ស៊ី​ល​ចម្ងាយ​ខ្លី​ចំនួន​ពីរ​គ្រាប់​ទៀត​។ នេះ​ជាការ​បាញ់​លើក​ទី​ប្រាំ​ហើយ​ក្នុង​រយៈពេល​ពីរ​សប្ដាហ៍​មកនេះ​។ ការបាញ់​លើកចុងក្រោយ​នេះ ទំនង​ជាការ​សម្ញែង​ក​ម្លាំ​ង​ដាក់​សមយុទ្ធ​រួមគ្នា​អាមេរិក​-​កូរ៉េខាងត្បូង​ផង និង​ជាការ​សាកល្បង​អាវុធ​ផង​។ អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ ការបាញ់​នេះ ធ្វើឡើង​ក្រោយ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ផ្ញើ​សំបុត្រ​ឲ្យ​លោក ដូ​ណា​ល់ ត្រាំ ។​

 
​ក្នុង​រយៈពេល​ត្រឹម​ពី​សប្ដាហ៍ កូរ៉េខាងជើង បាញ់​មី​ស៊ី​ល​ដល់​ទៅ​៥​ដង​។ ការបាញ់​លើកចុងក្រោយ​ធ្វើឡើង​ថ្ងៃទី​១០ ខែសីហា​តែម្ដង​។ ដូច​បួន​ដង​មុន​ដែរ មី​ស៊ី​ល​ចម្ងាយ​ខ្លី​ចំនួន​ពីរ​គ្រាប់ ត្រូវបាន​បាញ់​ចេញ​នៅ​ព្រឹក​ព្រលឹម តែ​លើក​នេះ​បាញ់​ចេញពី​ឆ្នេរ​ភាគ​ខាងកើត​ក្នុង​ក្រុង Hamhung នៃ​ខេត្ត Hamgyong ខាងត្បូង​។ បើតាម​យោធា​កូរ៉េខាងត្បូង មី​ស៊ី​ល​ទាំងពីរ ហោះ​បាន​ចម្ងាយ​ប្រហែល​៤០០​គីឡូម៉ែត្រ មុន​ធ្លាក់ចូល​សមុទ្រ​ខាងកើត​។​
 
​ការបាញ់​នេះ ធ្វើឡើង​ស្របពេល​ដែល​អាមេរិក និង​កូរ៉េខាងត្បូង​កំពុង​ធ្វើ​សមយុទ្ធ​រួមគ្នា​។ នៅពេល​សមយុទ្ធ​ចាប់ផ្ដើម កូរ៉េខាងជើង​ក៏បាន​បាញ់​មី​ស៊ី​លពីរ​គ្រាប់​ដើម្បី​បង្អួត​កម្លាំង និង​ជា​សារ​ព្រមាន​ទៅកាន់​កូរ៉េខាងត្បូង​ផងដែរ​។ សម្រាប់​ការបាញ់​ចុងក្រោយ​នៅ​កូរ៉េខាងជើង​នេះ វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង ចាត់ទុកជា​កា​រប​សម្ញែង​អានុភាព​យោធា​ជាថ្មី​ដាក់​សមយុទ្ធ​នៅ​កូរ៉េខាងត្បូង និង​ជា​សាកល្បង​សមត្ថភាព​អាវុធ​ទើប​អភិវឌ្ឍ​បាន​ផង​។ 
 
​ខណៈ​ស្ថានការណ៍​នៅ​ឧបទ្វីប​ហាក់​ឡើង​កម្ដៅ​បន្តិច​ម្ដងៗ​នោះ នៅ​អាមេរិក​ឯណោះ លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និយាយថា លោក ទើប​ទទួលបាន​សំបុត្រ​មួយច្បាប់​ពី​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន តែ​មិន​ប្រាប់ថា​អ្នកយក​ឲ្យ​លោក​ទេ​។ ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃទី​៩ ខែសីហា លោក ត្រាំ បញ្ជាក់ថា សំបុត្រ​បី​ទំព័រ​របស់លោក គីម គឺ​ល្អ​តាំង​ពីលើ​ដល់​ក្រោម និង​មាន​លក្ខណៈ​វិជ្ជមាន​។ លោក​ក៏​ព្រលយ​ទៀតថា មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង អាច​នឹង​ជួបគ្នា​ឆាប់ៗ​ទៀតផង​។​
 
​តាមរយៈ​សំបុត្រ​ដដែល​នេះ ប្រមុខ​ដឹកនាំ​វ័យក្មេង​កូរ៉េខាងជើង ក៏បាន​បង្ហាញ​ការមិន​ពេញ​ចិត្តនឹង​សមយុទ្ធ​រួមគ្នា​រវាង​អាមេរិក និង​កូរ៉េខាងត្បូង​ដែល​កំពុង​ធ្វើ ហើយ​នេះ​ជា​មូល​ហេតុដែល​កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​ជា​បន្តបន្ទាប់​បែបនេះ​។ នេះ​បើតាម​ការបញ្ជា​ក់លោក ត្រាំ ។ ពាក់ព័ន្ធ​សមយុទ្ធ​នេះ លោក ត្រាំ ក៏​បែរជា​និយាយថា លោក​ក៏​មិន​ពេញចិត្ត​ដែរ ព្រោះ​លោក​ផ្ទាល់​ក៏​មិន​ចង់​ចំណាយលុយ​លើ​ល្បែង​សង្គ្រាម​បែបនេះ​ដែរ​។​
 
​ទោះជា​បែបណា ការបាញ់​មី​ស៊ី​ល​ផ្ទួនៗ​របស់​ក្រុង​ព្យុងយ៉ាង ធ្វើ​ឲ្យ​លេច​ជា​កង្វល់​ពាក់ព័ន្ធ​ការចរចា​នៅ​ថ្ងៃ​ខាងមុខ ខណៈ​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង​ព្រមព្រៀង​បន្ត​ការចរចា​ទៅហើយនោះ​។ ប៉ុន្តែ​សម្រាប់​លោក ត្រាំ ការបាញ់​មី​ស៊ី​ល​ចម្ងាយ​ប៉ុណ្ណេះ មិនមែនជា​បញ្ហា​រាំងស្ទះ​អ្វី​ទេ ព្រោះ​អ្វីដែល​លោក គីម បាន​សន្យា គឺ​ផ្អាក​ការបាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​ចម្ងាយ​ឆ្ងាយ​ឯណោះ​។ ដូចនេះ បរិយាកាស​ចរចា នៅតែមាន​ដដែល​៕  
 

Tag:
 កូរ៉េខាងជើង​
  កូរ៉េខាងត្បូង​
  អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  គីម ជុង​អ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com