អន្តរជាតិ
លោក ត្រាំ និយាយថា​លោក គីម ជុង​អ៊ុន សុំ​អភ័យទោស​អំពី​ការបាញ់​ពិសោធន៍​កាំជ្រួច​មី​ស៊ី​ល​
11, Aug 2019 , 1:39 pm        
រូបភាព
បុរស​ម្នាក់​កំពុង​មើល​ការ​បាញ់​បង្ហោះ​កាជ្រួច​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង នៅ​ឯ​ស្ថានីយ៍​រថ​ភ្លើង​ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង កាល​ពីថ្ងៃ​ទី ២៥ កក្កដា ២០១៩។
បុរស​ម្នាក់​កំពុង​មើល​ការ​បាញ់​បង្ហោះ​កាជ្រួច​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង នៅ​ឯ​ស្ថានីយ៍​រថ​ភ្លើង​ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង កាល​ពីថ្ងៃ​ទី ២៥ កក្កដា ២០១៩។
ដោយ: VOA
​លោក​ប្រធានាធិបតី​ស​.​រ​.​អា​. ដូ​ណា​ល់ ត្រាំ បាន​និយាយថា​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​សុំ​អភ័យទោស​បន្តិចបន្តួច​អំពី​ការបាញ់​ពិសោធន៍​កាំជ្រួច​មី​ស៊ី​ល មាន​វង់​ប្រតិបត្តិការ​ខ្លី​។ ប៉ុន្តែ លោក គីម បាន​សន្យាថា នឹង​បញ្ឈប់​ការបាញ់​កាំជ្រួច នៅពេលណា​សមយុទ្ធ​យោធា​បច្ចុប្បន្ន​រវាង​ស​.​រ​.​អា​.​និង​កូរ៉េខាងត្បូង​បាន​ចប់​។​

 
​លោក ត្រាំ និយាយថា ការសុំ​អភ័យទោស​នេះ​មាន​ឡើង​នៅក្នុង​លិខិត​ផ្ទាល់ខ្លួន​មួយច្បាប់​ពី​លោក គីម ជុង​អ៊ុន ដែល​បាន​និយាយ​បន្ថែមថា លោក​ចង់​«​ជួប​លោក​ប្រធានាធិបតី​និង​ចាប់​ផ្តើមធ្វើ​កិច្ចចរចា​គ្នា​»​នៅពេល​បញ្ចប់​សមយុទ្ធ​យោធា​នោះ​។​
 
​លោក ត្រាំ បាន​និយាយ​ក្នុង​បណ្ដាញ​ទ Twitter ថា​៖ «​វា​ជា​លិខិត​វែង​មួយច្បាប់ ភាគច្រើន​នៃ​សំបុត្រ​នេះ​ត្អូញត្អែរ​អំពី​សមយុទ្ធ​យោធា​គួរឱ្យ​អស់សំណើច​និង​អស់​សោហ៊ុយ​ច្រើន​។ សំបុត្រ​នេះ​ក៏​ជា​ការសុំ​អភ័យទោស​បន្តិចបន្តួច​មួយ​អំពី​ការបាញ់​ពិសោធន៍​កាំជ្រួច​មី​ស៊ី​ល មាន​វង់​ប្រតិបត្តិការ​ខ្លី ហើយ​ថា ការបាញ់​ពិសោធន៍​នឹង​ចប់​នៅពេលណា​ដែល​សមយុទ្ធ​យោធា​នេះ​ចប់​ដែរ​»​។​
 
​ស​.​រ​.​អា​.​និង​ប្រទេស​កូរ៉េខាងត្បូង​បានចាប់ផ្តើម​ធ្វើ​សមយុទ្ធ​យោធា​នេះ​កាលពី​ថ្ងៃ​ចន្ទ​។ សមយុទ្ធ​ទាំងនេះ​មានកំណត់​នឹង​ចប់​នៅ​ថ្ងៃទី​៣០ ខែសីហា​។ លោក ត្រាំ មិនបាន​និយាយ​ទេ​ថា តើ​ជំនួប​នេះ​នឹងមាន​ធ្វើ​នៅពេលណា​និង​នៅទីណា​។​
 
​លោក ត្រាំ បាន​បន្ថែមថា​៖ «​ខ្ញុំ​រង់ចាំ​ជួប​លោក គីម ជុង​អ៊ុន ក្នុងពេល​ខាងមុខ​ឆាប់ៗ​នេះ​។ ប្រទេស​កូរ៉េខាងជើង​មួយ​ដែល​គ្មាន​អាវុធ​នុយក្លេអ៊ែរ​នឹង​ក្លាយទៅជា​ប្រទេសមួយ​មានជោគ​ជ័យ​បំផុត​ក្នុង​ពិភពលោក​»​។​
 
​សារ​នៅលើ Twitter នេះ​មាន​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ក្រោយពី​ប្រទេស​កូរ៉េខាងជើង​បាន​បាញ់​បង្ហោះ​កាំជ្រួច​មី​ស៊ី​ល ផ្លោងចូល​ទៅក្នុង​មហាសមុទ្រ​នៅ​ទល់មុខ​នឹង​ឆ្នេរសមុទ្រ​ខាងកើត​របស់​ប្រទេស​នេះ​។ នេះ​ជាការ​បង្ហោះ​កាំជ្រួច​មី​ស៊ី​ល ផ្លោង​លើក​ទី​ប្រាំ​ក្នុង​រយៈពេល​ពីរ​សប្តាហ៍ ហើយ​ជាការ​បាញ់​បង្ហោះ​លើក​ទី​៧​ចាប់តាំងពី​ខែឧសភា​មក​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com