ទន្លេចតុម្មុខ​ជា​ជីវិត​របស់​អ្នកនេសាទ​ខ្មែរ​អ៊ីស្លាម​
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ទន្លេចតុម្មុខ​ជា​ជីវិត​របស់​អ្នកនេសាទ​ខ្មែរ​អ៊ីស្លាម​
11, Aug 2019 , 7:19 pm        
រូបភាព
​ភ្នំពេញ​៖ ទី​ដែលមាន​ប្រជាជន​ខ្មែរ​អ៊ីស្លាម​ប្រមាណ​ជា​២០០​គ្រួសារ​រស់នៅ និង​ប្រក​បរបរ​នេសាទ​ដើម្បី​ចិញ្ចឹមជីវិត​នោះ គឺ​នៅ​ក្នុងភូមិ​ចុង​កោះ​ខណ្ឌ​ជ្រោយចង្វា តាម​ឆ្នេរទន្លេ​ចតុម្មុខ​ក្បែរ​សណ្ឋាគារ​សុខា​ភ្នំពេញ​។ ផ្ញើ​ជីវិត​ដ៏​ផុយស្រួយ​លើ​ផ្ទៃ​គង្គា​ទាំងយប់​ទាំង​ថ្ងៃ អ្នកនេសាទ​ទាំងនោះ​ខ្វល់​តែ​ពី​រឿង​នេសាទ​ត្រី ដើម្បី​ចិញ្ចឹម​គ្រួសារ​តែប៉ុណ្ណោះ​។ មុខរបរ​ដែល​ប្រឈម​គ្រោះថ្នាក់​គ្រប់ពេលវេលា​នេះ ត្រូវបាន​បន្សល់​ពី​ដូនតា​មក​។ ក្មេងជំនាន់ក្រោយ​ដែល​មិន​មានឱកាស​ទទួលបាន​ការសិក្សា​ច្រើន អនាគត​របស់​ពួកគេ​ក៏​នឹង​ដើរទូក​ដូច​ម្ដាយ​ឪពុក​ដែរ​។​


 
​ដើម្បី​ជ្រាប​ច្បាស់​សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖



 
«​អ្នកនេសាទ​ទាំងអស់​នៅទីនេះ មិនមាន​អ្នកណាម្នាក់​ទិញ​អាវ​ពោង​សុវត្ថិភាព​ការពារ​ជីវិត​ទេ​។ បើ​ថា​លិច​ទូក​ត្រូវតែ​ហែល​តែម្ដង បើ​ហែល​មិន​រួច​ទេ​មានតែ​ស្លាប់​។ ហើយ​បើ​មានកូន​ច្រើន​ត្រូវតែ​ស្លាប់​ខ្លះ​។ អ្នក​នៅ​ខាងលិច​ខ្ញុំ​នេះ ទូក​លិច​ពេលដែល​គាត់​កំពុង​ដេកលក់​។ គាត់​ប្រញាប់​ចេញមក ប៉ុន្តែ​យក​កូន​ចេញ​មិន​អស់ ក៏​ស្លាប់​កូន​មួយ​ទៅ​។ ច្រើនណាស់ ពេលខ្លះ​កូន​លេង​ភ្លេចខ្លួន​ក៏​លង់ទឹក ម្ដាយ​ឪពុក​ក៏​មិនដឹង​។ ខ្លះទៀត​ពេល​គាត់​ដេកលក់​កូន​លង់ទឹក​ក៏​មិនដឹង​»​។​
 
​ទាំងនេះ​គឺជា​ការរៀបរាប់​របស់​លោក ម៉ាន សា​រ៉ី ដែល​កំពុង​អង្គុយ​នៅក្នុង​ខ្ព​ម​តូច​មួយ​ដោយមាន​សរសរ​តូចៗ​បោះ​ជាប់​នឹង​ឆ្នេរទន្លេ​ចតុម្មុខ អមដោយ​សំឡេង​សំណើច​របស់​ប្រពន្ធ​គាត់ ហាក់​គ្មាន​កង្វល់​អ្វី​សោះ ក្រោយពី​រៀបចំ​សម្ភារ​ត្រៀម​ចេញទៅ​នេសាទ​រួច​។


 
​ថ្មើរនេះ​ម៉ោង​ប្រមាណ​៨​យប់ អ្នកនេសាទ​វ័យ​៧០​ឆ្នាំ​ប្លាយ​រូបនេះ កំពុង​ឈរ​នៅលើ​ទូក​នេសាទ​ធំ​ល្មម​ដែល​ចត​នៅ​ខាងក្រោយ​ខ្ទម​របស់ខ្លួន ដោះ​សំរាម​ចេញពី​មង​ជាមួយនឹង​កូនប្រុស​វ័យ​ខ្ទប់​២០​ឆ្នាំ​រួមទាំង​ក្មួយប្រុស​អាយុ​ជាង​១០​ឆ្នាំ​មួយរូប​ទៀត​។ ញាប់ដៃ​ស្រាយ​មង​ដែល​ជំពាក់​យ៉ាង​ស្មុគស្មាញ​ក្រោយពី​នេសាទ​រួច លោក សា​រ៉ី ប្រាប់​ពី​ស្ថានភាព​ភ័យ​អាសន្ន​ពេល​កំពុង​នេសាទ​នៅ​កណ្ដាលទន្លេ​៖«​នៅ​កណ្ដាលទន្លេ​រលក​ធំៗ​ណាស់​។ ពេល​សាមង​មកវិញ ឈឺដៃ​ណាស់​។ វេទនាណាស់​រកស៊ី​នេសាទ​ត្រី​នេះ មិនមែន​ដូច​គេ​រកស៊ី​នៅលើ​គោក​ទេ​។ ខ្ញុំ​ធ្លាប់រ​ករបរ​ត្រី​នេះ​ទៅហើយ បើ​ទៅរក​នៅលើ​គោក​ក៏​រក​មិនកើត ព្រោះ​ខ្ញុំ​មិនមាន​មុខរបរ​អ្វី​ទេ​»​។ 
 
​ក្រោម​ជំនោរ​ទន្លេ​ដ៏​ត្រជាក់​នា​រដូវវស្សា​នា​យប់​ងងឹត តែ​អាច​ឆ្លុះ​ឃើញ​ផ្ទៃមុខ​ជ្រីវជ្រួញ និង​ភ្នែក​រូង​ខ្មៅ​យ៉ាងច្បាស់​របស់​បុរស​អ្នកនេសាទ ដែល​ជាប់​ប្រវត្តិ​តាំងពី​សម័យ​សង្គមរាស្ត្រនិយម ដោយ​អំពូល​ភ្លើង​អី​លអី​ឌី ដែល​ចងភ្ជាប់​ជាមួយ​បង្គោល​ឫស្សី​ដោត​ជាប់​នៅលើ​ទូក​។ បុរស​កូន​ប្រាំ​រូបនេះ​បាន​ត្អូញត្អែរ​ពីមុខ​របរ​តែមួយគត់​របស់ខ្លួន​៖«​ការលំបាក​ចេះតែមាន​ហើយ ពេលយប់​មិនបាន​ដេក​ទេ​។ បើ​ពេលយប់​យើង​សម្រាក នោះ​ព្រឹក​ឡើង​មិនមាន​ត្រី​លក់ វា​មិនមាន​ចំណូល ដូច្នេះ​ចេះតែ​ទ្រាំ​ទៅ​។ ពេលយប់​ជួន​ម៉ោង​១២​ជួន​ម៉ោង​១​ទើប​សម្រាក​។ បើ​ស្រឡះ​ចេញទៅរ​កទៀ​តទៅ តែបើ​មិន​ស្រឡះ​ទេ​ចេះតែ​អង្គុយ​មើល​មេឃ​ទៅ​។ អ៊ីចឹង​បាន​ថា របរ​នេសាទ​នេះ​មិនសូវ​បាន​សម្រាក​ទេ​»​។


 
​ថ្វីបើ​ត្រូវ​ចេញទៅ​នេសាទ​ច្រើន​ពេល​និង​មិនមាន​ពេលវេលា​ច្បាស់លាស់​ក្ដី ប៉ុន្តែ​បុរស​ផ្ញើ​ជីវិត​លើ​ទូក​នេសាទ​រូបនេះ​ថា​នៅតែមាន​ពេល​សម្រាក​៖«​មួយថ្ងៃ​ខ្ញុំ​ចេញ​ទូក​៣​ទៅ​៤​ពេល​។ ចេញទៅ​ប្រហែល​ម៉ោង​៨​ឬ​៩​ព្រឹក នេសាទ​បាន​មួយ​ម៉ោង​ចូល​ខាង​វិញ​សម្រាក​។ ចូល​ខាង​បាន​ប្រហែល​២​ម៉ោង នោះ​យើង​ចេញទៅ​នេសាទ​ម្ដងទៀត​។ តែ​ពេល​មាន​ខ្យល់​ខ្លាំង​ក៏​មិន​ហ៊ាន​ចេញទៅ​ដែរ​»​។ 
 
​ចេញពី​អ្នកនេសាទ​ជា​បុរស​ខ្ញុំ​បាន​ទៅ​ជួប​ជាមួយ​អ្នកនេសាទ​ជា​ស្ត្រី​វិញ​ម្ដង​។ អង្គុយ​នៅក្នុង​ខ្ទម​តូច​ល្មម ប្រក់​ដោយ​ផ្ទាំង​កៅស៊ូ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​រប​ស់​ក្រុមហ៊ុន​មួយ ដែល​ដំបូល​មាន​សណ្ឋាន​ដូចជា​ដំបូលទូក​យ៉ាង​ដូច្នោះ​ដែរ នោះ​គឺ​អ្នកនាង ស្លេស រ៉​ម៉ាស់​។ អ្នកនាង រ៉​ម៉ាស់ ខក​ខានទៅ​នេសាទ​ជាង​២០​ថ្ងៃ​ទៅហើយ ដោយសារ​តែមាន​របួស​ជើង​ធ្ងន់ធ្ងរ​បណ្ដាលមកពី​ដួល​ម៉ូតូ​។ ព្រោះតែ​ឪពុក​មាន​វ័យ​ជិត​៨០​ឆ្នាំ ហើយ​ម្ដាយ​ចូល​វ័យ​ជាង​៧០​ឆ្នាំ​ទៅហើយនោះ នារី​សម្ដី​មួយៗ​រូបនេះ ត្រូវ​ចេញទៅ​នេសាទ​ត្រី​ជាមួយ​ប្អូនស្រី និង​ប្អូនប្រុស​ទាំង​អធ្រាត្រ​យប់​ស្ងាត់​៖«​បងប្អូន​របស់ខ្ញុំ​នេសាទ​ទាំងអស់​។ ខ្ញុំ​ទៅ​នេសាទ​ជាមួយ​ប្អូន ព្រោះ​ផ្ទះ​ខ្ញុំ​មិនមាន​មនុស្ស​ប្រុស​។ ពុក​របស់ខ្ញុំ​ចាស់​ហើយ​។ ជួនកាល​ទៅ​២​ឬ​៣​ជើងបាន​ត្រី​តែមួយ​ក្បាល​ក៏មាន ហើយ​ពេលខ្លះ​មិនបាន​សោះ​ក៏មានដែរ មិន​ទៀត​ទេ​។ ត្រី​ខ្ញុំ​យកទៅលក់​នៅ​ផ្សារកណ្ដាល ផ្សារ​ចាស់ ផ្សារ​ថ្មី ផ្សារ​អូរឫស្សី ខ្លះ​មាន​គេ​មក​ទិញ​ដល់​កន្លែង​។ ត្រី​ក្អែក​ពេលខ្លះ​លក់បាន​មួយ​គីឡូ ២៥,០០០​រៀល ត្រី​ឆ្កោក ៤០,០០០​រៀល ត្រី​ឆ្កែ​កមួយ​គីឡូ ១២,០០០​រៀល ជួន​បាន ១០,០០០​រៀល មិន​ទៀងទេ​»​។


 
​អាកាសធាតុ​មិន​ទៀតឡើយ ពេលខ្លះ​អ្នកនេសាទ​ត្រូវ​លិច​ទូក​បាត់បង់​ទ្រព្យសម្បត្តិ ហើយក៏​អាច​ប្រឈម​គ្រោះថ្នាក់​ដល់​អាយុជីវិត​ផងដែរ​៖«​ពេល​ខ្យល់​ខ្លាំង​មាន​លិច​ទូក ហើយ​មាន​លង់ទឹក​ដែរ​ចំពោះ​អ្នក​ដែល​មានកូន​ច្រើន តែ​អ្នកខ្លះ​ក៏​មិន​អី​ដែរ​។ នេសាទ​នៅ​កណ្ដាលទន្លេ​នោះ ពេល​ខ្យល់​មក បើ​មើលថា​សាមង​មិនទាន់​ទេ ទុក​មង​ចោល​សិន ហើយ​បើកទូក​ចូល​ខាង​សិន ស្ងប់ខ្យល់​បានចេញ​ទៅវិញ​»​។ 
 
​ចំណែក​អ្នកស្រី ម៉ាន ខ​ត​ថា​ចាស់ វិញ បាន​បាត់បង់​កូន​ម្នាក់​នា​រដូវ​ទឹក​ដំឡើង​៖«​កាលនោះ​ខែ​ទឹក​ឡើង កូន​របស់ខ្ញុំ​យក​ផ្តិល​ទៅ​ដួស​ទឹក​តាម​ប្រហោង​រនាប​ផ្ទះ ហើយ​ផ្តិល​នោះ​វា​ជ្រុះ​ទៅក្នុង​ទឹក គាត់​ឱន​ទៅតាម​ផ្តិល​ក៏​ធ្លាក់​ទៅ​ខ្ញុំ​មិនដឹង​។ កាលនោះ​ម៉ោង​ប្រហែល​៣​ភ្លឺ ខ្ញុំ​កំពុង​ដេកលក់ ។ ព្រឹក​ឡើង​សួរ​ឪពុក​នឹង​អ៊ំ​ថា​មិនឃើញ ក៏​ទៅ​រាវ​នៅ​ខាងក្រោយ​ផ្ទះ ទើបបាន​ឃើញ​គាត់​ស្លាប់​ទៅហើយ​»​។


 
​ស្ត្រី​ដែលមាន​ម្ដាយ​ចាស់​វ័យ​ជិត​៩០​ឆ្នាំ​រូបនេះ ថា​ព្រោះតែ​គ្មាន​ជម្រើស ទោះបី​ត្រូវ​រស់​ដោយ​ភាពភ័យខ្លាច​ក៏ត្រូវ​តែ​ទ្រាំ​។ អ្នកស្រី​បញ្ជាក់​ដោយ​សម្ដី​លាយ​សំណើច​ផង​៖«​នៅក្នុង​ទឹក​វា​តែងតែ​ពិបាក​ហើយ ភ័យ​នឹង​ខ្យល់​រលក​។ បើសិនជា​យើង​ហ៊ាន​ប្រថុយ យើង​ហ៊ាន​គ្រោះថ្នាក់​។ តែបើ​យើង​មិន​ហ៊ាន​ប្រថុយ​ទេ មានតែ​អត់​។ បើ​ប្អូនថ្លៃ​របស់ខ្ញុំ​វិញ ទៅ​រាវ​ខ្ចៅ​នៅ​ខែ​ទឹក​ឡើង ដើម្បី​យកប្រាក់​មក​សង​គេ​តែ ២៥,០០០​រៀល​ទេ តែ​ត្រូវស្លាប់​នៅពេលនោះ​ទៅវិញ​»​។​
 
​មុខរបរ​ដែល​ប្រឈម​នឹង​គ្រោះថ្នាក់​គ្រប់ពេលវេលា​នេះ នៅមាន​ឧបសគ្គ​មួយទៀត​គឺ​ខែ​ខ្សត់​ត្រី​៖«​នៅ​ខែផល្គុន ខែចេត្រ អី​ណឹ​ង​រក​មិនសូវ​បានទេ ព្រោះ​ទឹក​ស្ងប់​មិន​ហូរ​ទៅណា​ទេ ត្រី​នៅ​មួយកន្លែង​បើ​យើង​ចាប់​មកវា​អស់ហើយ​។ ខែ​១១​ខែ​១២​និង​ខែ​១ ជា​ខែ​សម្បូរ​ត្រី ព្រោះ​ខែ​នេះ​ជា​ខែ​ត្រី​ប្រហុក​»​។ 


 
​ក្នុងអំឡុង​ខែ​រកត្រី​មិនបាន​អ្នកស្រី ខ​ត​ថា​ចាស់ ត្រូវ​ដាច់បាយ​ខ្លះ​ដែរ តែ​ស្ត្រី​រូបនេះ​និយាយ​ហាក់ដូច​គ្មាន​កង្វល់​៖«​កាលពី​ខែ​៩​ឆ្នាំទៅ ខ្ញុំ​មិនមាន​អង្ករ​ដាំបាយ​ទេ កុំ​តែ​បានកូន​ប្រសា​ទៅ​ជំពាក់​អង្ករ​បងប្អូន​ជីដូនមួយ​របស់​វា​មកឱ្យ​។ ពេល​អត់​ខ្លាំង​ខ្ញុំ​ទៅ​ហូបបាយ​ជាមួយនឹង​ម្ដាយ​ចាស់ជរា​។ រាល់ថ្ងៃនេះ​រកប្រាក់​១០០​រៀល​ក៏​គ្មាន​ដែរ តែ​បាន​ទៅ​រើស​កំប៉ុង​ជាមួយ​ម៉ែ​រាល់ថ្ងៃ​ទេ​»​។ 
 
​នៅក្នុង​ខែសីហា​ដែលជា​រដូវ​ហាមឃាត់​ការនេសាទ​នេះ លោក ម៉ាន សារី អាច​រកត្រី​បាន​មិន​ច្រើន​ប៉ុន្មាន​នោះទេ​៖«​ភាគច្រើន​ខ្ញុំ​នេសាទ​បាន​ពី​៣​ទៅ​៥​គីឡូ​។ បើ​ត្រី​ធំ​បាន​មួយ​គីឡូ​៣០,០០០​ទៅ​៤០,០០០​រៀល តែបើ​ត្រី​ល្អិត​បានតែ​១០,០០០​រៀល​ទេ​។ តម្លៃ​នេះ​មិន​ថ្លៃ​ក៏​មិន​ថោក​ដែរ​»​។​


 
​របរ​ផ្សងព្រេង​មួយ​នេះ ត្រូវ​ចាយ​ដើមទុន​ច្រើន​គួរសម ដោយ​មិន​គិតពី​តម្លៃ​ទិញ​ទូក ហើយ​លោក សារី បញ្ជាក់​ដូច្នេះ​៖«​របរ​នេសាទ​នេះ​ចំណាយ​អស់​ច្រើនណាស់​។ មង​ក្នុង​មួយ​ក្បាលទូក តម្លៃ​ពី​៤០០​ទៅ​៥០០​ដុល្លារ​។ ក្នុង​មួយឆ្នាំ​មិនមែន​ធ្វើ​តែមួយ​គន្លង​នេះ​ទេ ខ្ញុំ​ធ្វើ​ពី​៤​ទៅ​៥​គន្លង​។ បើ​មង​រង្វើល​មួយ​ក្បាលទូក​៧០០​ដុល្លារ ចម្ងាយ​៥០០​ម៉ែត្រ ជម្រៅ​២០​ម៉ែត្រ​។ រក​នេសាទ​សព្វថ្ងៃនេះ​ទុន​១​លាន​ឬ​២​លាន​រៀល​រក​មិន​បានទេ​។ កាលពី​សម័យ​សម្ដេចឪ សន្ទូច​តែមួយ​ទេ​ក៏​រកត្រី​បានដែរ ប៉ុន្តែ​សម័យនេះ​សន្ទូច​រាប់ពាន់​ក៏​ដាក់​មិន​ចង់បាន​ត្រី​ដែរ​»​។ 


 
​ទោះបីជា​របរ​កេរ​ដូនតា​មួយ​នេះ មាន​គ្រោះថ្នាក់​យ៉ាងណាក៏ដោយ ក៏​ក្មេងជំនាន់ក្រោយ​របស់​ខ្មែរ​អ៊ីស្លាម​ដែល​រស់នៅ​ក្នុងភូមិ​ចុង​កោះ​ខណ្ឌ​ជ្រោយចង្វា តាម​ឆ្នេរ​មាត់ទន្លេ​នេះ អាច​នឹង​ចាប់​ជំនាញ​នេសាទ​ត​ពី​ឪពុកម្ដាយ​ទៀត ដោយសារ​ពួកគេ​មិនសូវ​មានឱកាស​បាន​រៀន​ខ្ពស់​ព្រោះ​គ្រួសារ​ក្រីក្រ​៖«​អ្នក​នៅទីនេះ​ខំប្រឹង​បញ្ជូន​កូន​ឱ្យទៅ​រៀន អស់​ប៉ុន្មាន​ក៏​មិន​គិត​ដែរ តែ​កូន​ហ្នឹង​វា​មិន​ខំរៀន​។ ម្យ៉ាងទៀត​ម្ដាយ​ឪពុក​ក៏​ក្រ​ដែរ​។ អ្នកខ្លះ​កំពុងតែ​រៀន​ចេះ ម្ដាយ​ឆ្លងទន្លេ​ក៏​ឈប់​។ ក្រោយមកទៀត​ចូលរៀន​វិញ​បាន​ជាង​មួយឆ្នាំ ម្ដាយ​ពោះធំ​ក៏​គ្នា​ឈប់រៀន​ទៀត​។ ដូច្នេះ​បាន​អី​រៀន​ជាប់ បាន​អីចេះ​នឹង​គេ​។ តាមតែ​ខ្ញុំ​គន់មើល មិនមាន​អ្នកណា​បាន​រៀន បាន​ទៅធ្វើ​ការ​នៅលើ​គោក​ម្នាក់​ទេ​»៕


 

Tag:
 ខ្មែរ​អ៊ីស្លាម​
  នេសាទ​
  ត្រី​
  ទូក​
  មុខរបរ​
  ជីវិត​
  ទន្លេ​
  ចតុម្មុខ​
© រក្សាសិទ្ធិដោយ thmeythmey.com