អន្តរជាតិ
«ក្លិនផោម» បង្ខំឲ្យសមាជិកសភាកេនយ៉ាផ្អាកអង្គប្រជុំបន្ទាន់
× ការតស៊ូមតិដ៏ក្តៅគគុកមួយ ត្រូវបានរំខាន ដោយសារក្លិនផោម ហើយបង្កជាការខឹងសម្បារ និងឈានដល់ការចង្អុលមុខសមាជិកសភាតំបន់នៅកេនយ៉ាម្នាក់ផង។ ហេតុការណ៍ដ៏គួរឲ្យអស់សំណើចនេះ បានកើតឡើងកាលពីថ្ងៃពុធ ទី៧ សីហា ។
អង្គប្រជុំមួយដែលមានការចូលរួមពីសមាជិកសភាកេនយ៉ាត្រូវផ្អាក បន្ទាប់ពីសមាជិកសភាម្នាក់ឈ្មោះ Julius Gaya ស្នើទៅកាន់ប្រធានសភា ដោយសារលោកអត់ទ្រាំមិនបាននឹងក្លិនផោម។
តំណាងរាស្ត្ររូបនោះបានថ្លែងថា៖«ប្រធានសភាដ៏ខ្ពង់ខ្ពស់ សមាជិកសភាម្នាក់ ក្នុងចំណោមពួកយើង បានបំពុលខ្យល់ ហើយខ្ញុំដឹងថា ម្នាក់នោះជានរណា»។ នេះបើតាមសារព័ត៌មាន BBC ដែលដកស្រង់ប្រភពព័ត៌មានក្នុងស្រុកកេនយ៉ា។
និយាយចប់ភ្លាម លោកថែមទាំងបានចង្អុលទៅកាន់សមាជិកសភាម្នាក់ ដែលខ្លួនគិតថា ជាអ្នកបញ្ចេញក្លិនផោមនេះថែមទៀត។
យ៉ាងណាមិញ សមាជិកសភា ដែលរងការចោទប្រកាន់ថាបានផោមក្នុងពេលប្រជុំនោះ បានចេញមុខបដិសេធ ដោយអះអាងថា ខ្លួនពុំអាចធ្វើរឿងបែបនេះទៅរួចនៅចំពោះមុខសមាជិកសភាផ្សេងទៀតឡើយ។
ដោយទ្រាំនឹងក្លិនស្អុយលែងបាន ប្រធានសភាកេនយ៉ា លោក Edwin Kakach បានចេញបញ្ជាឲ្យ ផ្អាកអង្គប្រជុំ និងអនុញ្ញាតឲ្យពួកគេចេញក្រៅដើម្បីស្រូបយកខ្យល់ល្អ។ ជាមួយគ្នានេះ លោក ក៏ បានបញ្ជាឲ្យគេបាញ់ខ្យល់ក្រអូបទៅក្នុងបន្ទប់ប្រជុំ ដោយបញ្ជាក់ច្បាស់ៗថា «ក្លិន Vanilla ឬ Straweberry » ល្អបំផុត។
តាមប្រភពដដែល លោក Edwin បាននិយាយប្រាប់អង្គប្រជុំថា៖ «យើង ពុំអាចបន្តអង្គុយក្នុងបរិស្ថានមួយ ដែលមានក្លិនអាក្រក់ឡើយ»។ យ៉ាងណាមិញ ក្រោយពីក្លិនស្អុយបានរសាត់បាត់អស់ទៅ ប្រធានសភារូបនេះ ក៏បានបញ្ជាឲ្យអង្គប្រជុំទាំងមូលចាប់ផ្តើមឡើងវិញទៀត៕
Tag:
កេនយ៉ា
សភា
ព័ត៌មានប្លែកៗ
© រក្សាសិទ្ធិដោយ thmeythmey.com