អន្តរជាតិ
កោះ​តៃវ៉ាន់​មានការ​មន្ទិលសង្ស័យ​ច្រើនឡើង​ថា ចិនដីគោក​កំពុងមាន​អានុភាព​លើ​ការបោះឆ្នោត​
12, Aug 2019 , 1:39 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: VOA
​តៃប៉ិ ៖ ចិន​កំពុង​ប្រើ​បណ្តាញ​ផ្សាយ​ព័ត៌មាន​ប្រាក់​និង​ឥទ្ធិពល​កាន់តែខ្លាំង​ឡើង​ទៅលើ​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០២០​ខាងមុខ​នៅ​កោះ​តៃវ៉ាន់ ជា​ដែនដី​គ្រប់គ្រង​តាមបែប​ប្រជាធិបតេយ្យ​មួយ​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ហៅថា​ជា​របស់ខ្លួន​។ នេះ​តាម​ការអះអាង​របស់​ក្រុមមន្ត្រី​និង​អ្នកជំនាញ​។​

 
​ក្រុមប្រឹក្សា​កិច្ចការ​កោះ​តៃវ៉ាន់​អំពី​ចិនដីគោក បាន​ប្រាប់ VOA ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ចន្ទ ទី​២៩ ខែកក្កដា​ថា​ពួក​អាជ្ញាធរ​ក្នុង​ទីក្រុង​ប៉េកាំង​មាន​ឥទ្ធិពល​«​នៅ​ថ្នាក់មូលដ្ឋាន​»​របស់​កោះ​តៃវ៉ាន់​ដោយ​ការទាក់ទាញ​ពួក​ទេសចរណ៍ ទិញ​ការផ្សាយពាណិជ្ជកម្ម​និង​ប្រើ​ក្រុម Mafia​។ អ្នកសិក្សា​ស្រាវជ្រាវ​ជាន់ខ្ពស់​ខ្លះ ក៏បាន​និយាយ​ដែរ​ថា រដ្ឋាភិបាល​ចិន បាន​ឲ្យ​ប្រាក់​បណ្តាញ​ព័ត៌មាន​តៃវ៉ាន់​ដើម្បី​ចុះផ្សាយ​របាយការណ៍​ដែល​គាំទ្រ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។​
 
​សេចក្តីថ្លែងការណ៍​នោះ ប្រាប់​ឲ្យ​ដឹងថា «​ពួក​កុ​ម្មុយ​និ​ស្ត​ចិន កំពុង​ធ្វើ​អន្តរាគមន៍​យ៉ាងសកម្ម​នៅក្នុង​ការបោះឆ្នោត​ឆ្នាំ​២០២០ ហើយ​នេះ​ជាការ​រំលោភ​អធិបតេយ្យភាព​របស់​កោះ​តៃវ៉ាន់​និង​បំផ្លាញ​ប្រព័ន្ធ​លទ្ធិប្រជាធិបតេយ្យ​របស់​យើង​»​។​
 
​លោក Chiu Chiu-cheng អ្នកនាំពាក្យ​ក្រុមប្រឹក្សា​នោះ បាន​ប្រាប់ VOA ថា លោក​ចង់​ឲ្យ​ចិន​បញ្ឈប់​បញ្ហា​នេះ​។​
 
​ចិន​បានចាត់ទុក​កោះ​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់ខ្លួន​ចាប់តាំងពី​សង្គ្រាមស៊ីវិល​ចិន​ក្នុង​ទស​ត្ស​រ៍​១៩៤០​ហើយ​បាន​គំរាមកំហែង​កាន់កាប់​កោះ​តៃវ៉ាន់​ដោយ​កម្លាំង ប្រសិនបើ​ចាំបាច់​។ រដ្ឋាភិបាល​ចិន កាលពីពេល​ថ្មីៗ​នេះ​មាន​ការមិនសប្បាយចិត្ត​ចំពោះ​លោកស្រី Tsai Ing-wen ប្រធានាធិបតី​កំពុងកាន់​អំណាច​កោះ​តៃវ៉ាន់​ចំពោះ​ការច្រានចោល​គោលបំណង​នៃ​ការបង្រួបបង្រួម​ជាតិ​របស់​រដ្ឋាភិបាល​ចិន និង​លក្ខខណ្ឌ​ជាមុន​នៃ​ការចរចា ដែល​ភាគី​ម្ខាងៗ​មើលឃើញ​ខ្លួនឯង​ថា​ជា​ផ្នែក​មួយ​នៃ​ប្រទេស​ចិន​តែមួយ​។ លោកស្រី Tsai បាន​ឡើងកាន់​អំណាច​នៅ​ឆ្នាំ​២០១៦ ហើយ​លោកស្រី​កំពុង​ស្វះស្វែង​ឈរឈ្មោះ​ម្តងទៀត​។​
 
​ការស្ទង់មតិ​ដោយ​រដ្ឋាភិបាល បានបង្ហាញ​កាលពី​ខែមករា​ថា ប្រជាពលរដ្ឋ​កោះ​តៃវ៉ាន់​ជាច្រើន ជំទាស់​ប្រឆាំងនឹង​ការបង្រួបបង្រួម​ជាមួយ​ចិនដីគោក​។ ពលរដ្ឋ​កោះ​តៃវ៉ាន់​ជាច្រើន ក៏​សង្ឃឹមថា​នឹងមាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​កាន់តែខ្លាំង​ឡើងជា​មួយ​ចិន​ដី គោក​ដោយសារ​អំណាច​សេដ្ឋកិច្ច​របស់​ចិន​។​
 
​លោក Han Kuo-yu ជា​គូប្រកួត​ប្រជែង​របស់លោក​ស្រី Tsai ក្នុងការ​បោះឆ្នោត គាំទ្រ​ការចរចា​ជា​ចំហ​ជាមួយ​ចិន​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ចំណងទាក់ទង​ខាង​សេដ្ឋកិច្ច​និង​វិនិយោគទុន​។ ពួក​អ្នកវិភាគ​នៅ​កោះ​តៃវ៉ាន់ និយាយថា​ឥទ្ធិពល​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង អាច​បង្កើន​ការគាំទ្រ​លោក Han មុន​ការបោះឆ្នោត​នៅ​ខែមករា​។​
 
​ការស្ទង់មតិ​នៅ​កោះ​តៃវ៉ាន់ បានធ្វើ​ឲ្យ​លោក Han​ដែល​ឥឡូវនេះ​ជា​អភិបាលក្រុង Kaohsiung ដែលជា​ក្រុង​កំពង់ផែ​ដ៏​សំខាន់​មួយ ទទួលបាន​ការគាំទ្រ​កើន​ពី​៣៦​ភាគរយ​ទៅ​៤៨​ភាគរយ​កាលពី​ខែកក្កដា​។​
 
​លោក Michael Tsai នាយក​វិទ្យាស្ថាន​សម្រាប់​ការសិក្សា​វិស័យ​ការពារ​ប្រទេស​និង​យុត្តិសាស្ត្រ​កោះ​តៃវ៉ាន់ និយាយថា «​លទ្ធផល​នេះ ជាការ​បញ្ជាក់​យ៉ាងច្បាស់ លទ្ធផល​នេះ មាន​ផលប៉ះពាល់​លើ​ការបោះឆ្នោត​ប្រធានាធិបតី​និង​សភា​កោះ​តៃវ៉ាន់ ដូច្នេះ ខ្ញុំ​គិតថា​ប្រសិនបើ​មិនមាន​ឥទ្ធិពល​របស់​ចិន​ទេ លោក Han Kuo-yu នឹងមិន​បានទទួល​ស​ន្លឹ​ក​ឆ្នោត​ច្រើន​ទេ​នៅក្នុង​ការស្ទង់មតិ​»​។​
 
​កាលពី​ខែឧសភា លោកស្រី​ប្រធានាធិបតី បាន​ប្រាប់​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​ឲ្យ​បង្កើន​ការតស៊ូ​ប្រឆាំងនឹង​ចិន ពីព្រោះ​មាន​សញ្ញា​ថា​ចិន​បាន​ព្យាយាម​បង្កើន​ឥទ្ធិពល​លើ​កោះ​តៃវ៉ាន់​។ កាលនោះ លោកស្រី​ប្រធានាធិបតី Tsai​បាន​ប្រាប់​ពួក​អ្នកយកព័ត៌មាន​ថា ចិន​បាន​ព្យាយាម​ប្រើ​ឥទ្ធិពល​លើ​ការបោះឆ្នោត​ហើយនឹង​ធ្វើ​យុទ្ធនាការ​ព័ត៌មាន​ក្លែងក្លាយ​។ ចិន​ថែមទាំង​បង្កើត​«​ការស្ទង់មតិ​ក្លែងក្លាយ​»​ដើម្បី​មាន​ឥទ្ធិពល​លើ​មនោសញ្ចេតនា​ពួក​អ្នកបោះឆ្នោត​។ នេះ​តាម​សេចក្តីថ្លែងការណ៍​របស់​ក្រុមប្រឹក្សា​កោះ​តៃវ៉ាន់​សម្រាប់​កិច្ចការ​ចិនដីគោក​។​
 
​លោក Michael Tsai បាន​និយាយទៀតថា ទីភ្នាក់ងារ​របស់​រដ្ឋា​ភិ​បាល​ចិន បានផ្តល់​ថវិកា​ខ្លះ​តាមរយៈ​ពាណិជ្ជករ​តៃវ៉ាន់​ដែលមាន​ទីតាំង​ក្នុងប្រទេស​ចិន​ដើម្បី​ប្រើ​ឥទ្ធិពល​។​
 
​កាលពី​ឆ្នាំទៅ រដ្ឋាភិបាល​តៃវ៉ាន់ បាន​និយាយថា ចិន​បានផ្តល់​ថវិកា​សម្រាប់ «​ព័ត៌មាន​ក្លែងក្លាយ​»​និង​សម្រាប់​បេក្ខជន​របស់​គណបក្សប្រឆាំង​នៅក្នុង​ការបោះឆ្នោត​មូលដ្ឋាន​នៅ​ទូទាំង​កោះ​តៃវ៉ាន់​។ ពួក​ជាតិនិយម​ដែលមាន​សម្ព័ន្ធភាព​ជាមួយ​ចិនដីគោក បានឈ្នះ​ការបោះឆ្នោត​ដណ្តើម​អាសនៈ​អភិបាលក្រុង​និង​សង្កាត់​កាលពី​ថ្ងៃទី​២៤ ខែវិច្ឆិកា ដែល​បាន​ដណ្តើមយក​អាសនៈ​នោះ​ជាច្រើន​របស់​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន​ដែលជា​គណបក្សកាន់អំណាច​។​
 
​លោក George Hou ជា​សាស្ត្រាចារ្យ​គមនាគមន៍​នៅ​សាកលវិទ្យាល័យ I-Shou ដែលមាន​ទីតាំងនៅ​កោះ​តៃវ៉ាន់ និយាយថា​បណ្តាញ​ព័ត៌មាន​ខ្លះ​របស់​កោះ​តៃវ៉ាន់ បាន​សរសើរ​លោក Han​ចំពោះ​សកម្ម​ភាពមិន​ទំនង ដូចជា ការសម្អាត​ទន្លេ​ទាំងមូល​។​លោក​Han បាន​កាន់តំណែង​ជា​អភិបាលក្រុង​មិន​ដល់​មួយឆ្នាំ​ផង​។​
 
​លោក Hou និយាយទៀតថា​៖ «​ខាង​គុណភាព​វិញ ការណ៍​នេះ​មិន​គ្រាន់តែ​ធ្វើ​ឲ្យ​លោក មានមុខមាត់​ជា​សាធារណៈ​ទេ ប៉ុន្តែ​ក៏​ធ្វើ​ឲ្យ​លោក​ដូចជា​អាទិទេព​ដែល​ធ្វើ​អ្វីៗ​ដែល​មនុស្ស​មិនអាច​ធ្វើបាន​»​។​
 
​លោក​និយាយទៀតថា រដ្ឋាភិបាល​ចិន​បាន​ឧបត្ថម្ភ​ប្រាក់​ដល់​បណ្តាញ​ព័ត៌មាន​ខ្លះ​ចំពោះ​សេចក្តីរាយការណ៍​ប្រភេទ​នេះហើយ បាន​ឲ្យ​ប្រាក់​ទៅ​ភោជនីយដ្ឋាន​តៃវ៉ាន់​ខ្លះ​បើក​ការផ្សាយ​របស់​ប៉ុស្តិ៍​ទូរទស្សន៍​គាំទ្រ​ចិន​ឲ្យ​អតិថិជន​មើល​។​
 
​នៅ​ទីក្រុង​ប៉េកាំង អ្នកនាំពាក្យ​សម្រាប់​ការិយាល័យ​កិច្ចការ​កោះ​តៃវ៉ាន់​របស់​រដ្ឋាភិបាល​ចិន បាន​និយាយ​កាលពី​ថ្ងៃទី​១៧ ខែកក្កដា​ថា ការិយាល័យ​របស់លោក មិនបាន​ប្រើ​បណ្តាញ​ព័ត៌មាន​តៃវ៉ាន់​ដើម្បី​គាំទ្រ​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ទេ​។​
 
​ពួក​អ្នកសិក្សា​ស្រាវជ្រាវ​ជាន់ខ្ពស់ និយាយថា​កិច្ច​ខំប្រឹងប្រែង​ណាមួយ​ដើម្បី​ឲ្យ​មាន​ឥទ្ធិពល​ដល់​ការបោះឆ្នោត​ហាក់ដូចជា​ត្រូវបាន​គេ​រៀបចំ​ដោយ​សម្ងាត់​ដែល​ធ្វើ​ឲ្យ​មានការ​លំបាក​ក្នុងការ​បង្ហាញ​ឲ្យ​ជាក់លាក់​ថា​ទាក់ទង​ជាមួយ​ចិន​។​
 
​លោកស្រី Yun Sun​ជា​សាស្ត្រាចារ្យ​ជំនួយ​ជាន់ខ្ពស់​នៃ​កម្មវិធី​តំបន់​អាស៊ី​ខាងកើត​នៅឯ​មជ្ឈមណ្ឌល​Stimson​ដែលជា​អង្គការ​ស្រាវជ្រាវ​ក្នុង​រដ្ឋា​ធានី​វ៉ាស៊ីនតោន និយាយថា ចិន ប្រហែល​មិន​ទិញ​ការបោះឆ្នោត​ដោយផ្ទាល់​ឬ​បំផ្លាញ ទិន្នន័យ​ដើម្បី​ឲ្យ​មាន​ឥទ្ធិពល​ទៅលើ​ការបោះឆ្នោត​ទេ​។​
 
​លោកស្រី Sun និយាយទៀតថា «​ខ្ញុំ​គិតថា ភ័ស្តុតាង​មិនទាន់​ចេញ​រូបភាព​ច្បាស់លាស់​ទេ ហើយ​ថា ការទាក់ទង​របស់​ចិន មាន​ភាព​ស្មុ​គ្រ​ស្មាញ​ជាង​នេះ​។ ផ្ទុយទៅវិញ​មន្ត្រី​ក្នុង​ទីក្រុង​ប៉េកាំង អាច​ប្រើ​បណ្តាញ​ព័ត៌មាន​របស់ខ្លួន​ដើម្បី​បញ្ជូន​សារ​ទៅ​ឲ្យ​ពលរដ្ឋ​តៃវ៉ាន់​និង​ចិន រួមមាន​ភ្ញៀវ​ទេសចរណ៍​ដែល​បម្រុង​ធ្វើដំណើរ​ទៅ​កោះ​តៃវ៉ាន់​។ ដូច្នេះ​អ្វីដែល​ចិន​ធ្វើ​គឺ​ប្រើ​ទំនាក់ទំនង​សាធារណៈ​»​។​
 
​លោកស្រី បាន​មានប្រសាសន៍​ទៀតថា ការណ៍​នេះ​នឹង​ក្លាយជា​ការលំបាក​មួយ​ដើម្បី​ស្វែងរក​ការជាប់​ជំពាក់ជំពិន​ដោយផ្ទាល់​របស់​ចិន​នៅក្នុង​ការបោះឆ្នោត​ណាមួយ​នោះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com