​លោក ហង់ ជួន ណា​រ៉ុ​ន​៖ យើង​មាន​មណ្ឌល​ប្រឡង​បម្រុង​ក្នុងករណី​មាន​គ្រោះទឹកជំនន់​
ជាតិ
បទសម្ភាសន៍
បាក់ឌុប
​លោក ហង់ ជួន ណា​រ៉ុ​ន​៖ យើង​មាន​មណ្ឌល​ប្រឡង​បម្រុង​ក្នុងករណី​មាន​គ្រោះទឹកជំនន់​
12, Aug 2019 , 2:17 pm        
រូបភាព
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួងអប់រំ យុវជន និងកីឡា
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួងអប់រំ យុវជន និងកីឡា
ក្រសួង​អប់រំ យុវជន និង​កីឡា តាមដាន​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​ស្ថានភាព​អាកាសធាតុ ជាពិសេស​ការព្យាករណ៍​ឧតុនិយម ខណៈ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ កាន់តែ​ជិត​មកដល់​។ លោក​រដ្ឋមន្ត្រី លោក ហង់ ជួន ណា​រ៉ុ​ន បាន​អះអាង​ប្រាប់​សារព័ត៌មាន ThmeyThmey ថា មិនទាន់មាន​ករណី​មណ្ឌល​ណាមួយ​ក្នុងចំណោម​មណ្ឌល​ប្រឡង​ទាំង​២០២​ទូទាំងប្រទេស​។​



​លោក ហង់ ជួន ណា​រ៉ុ​ន បាន​បញ្ជាក់ថា ស្ថានភាព​ទឹកជំនន់​ឆ្នាំនេះ ទំនងជា​មិន​ចោទ​ជា​បញ្ហា​សម្រាប់​ការប្រឡង​បាក់​ឌុប​នោះឡើយ ដោយ​មណ្ឌល​ប្រឡង​ទូទៅ​ស្ថិតនៅ​លើដី​ទួល​។ លោក​លើកឡើង​ពី​ករណី​ដូរ​មណ្ឌល​ប្រឡង​ពីរ​ពី​ទី​រួម​ខេត្ត​ព្រះសីហនុ ទៅកាន់​ឃុំ​វាលរេញ ស្រុក​ព្រៃនប់ នាពេល​កន្លងមក​។

​កន្លងមក មណ្ឌល​ដែល​ធ្លាប់​រងគ្រោះ​ទឹកជំនន់ មាននៅ​ខេត្ត ក្រចេះ កំពត និង​កណ្តាល​។ ទោះជា​យ៉ាងណាក៏ដោយ ដើម្បី​ធានាថា ដំណើរការ​ប្រឡង​បាក់​ឌុប ប្រព្រឹត្តទៅ​រលូន និង​តម្លាភាព ក្រសួង​បាន​ត្រៀម និង​ចាត់ចែង​ការងារ​មួយចំនួន នៅ​ទីតាំង​ដែល​សង្ស័យថា​អាច​រង​ការ​ជន់​លិច ដោយបាន​ត្រៀម​ទុក​មណ្ឌល​មួយចំនួន និង​បានស្នើ​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ផង ដើម្បី​សម្រួលការ​ធ្វើដំណើរ​រប​ស់​បេក្ខជន នៅក្នុង​ថ្ងៃ​ប្រឡង​។ ក្រៅពីនេះ ក្រសួង​ក៏​នៅ​បន្ត​តាមដាន​កម្ពស់​ទឹក និង​ស្ថានភាព​អាកាសធាតុ ក្នុង​ថ្ងៃ​ប្រឡង​ផងដែរ​ដើម្បី​ត្រៀម និង​ផ្លាស់ប្តូរ​មណ្ឌល​ប្រឡង​ភ្លាមៗ ករណី​មណ្ឌល​ប្រឡង​នោះ​មាន​ទឹកជំនន់​។ 

​ដើម្បី​ជ្រាប​លម្អិត សូម​អញ្ជើញ​ស្តាប់​កិច្ច​សម្ភាស​រវាង កញ្ញា ខន ចំប៉ា នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ដូចតទៅ​៖




​សូមជម្រាបថា នៅសល់តែ​ប្រមាណ​មួយ​សប្តាហ៍​ទៀត​ប៉ុណ្ណោះ ការប្រឡង​បាក់​ឌុប នឹង​ចូល​មកដល់​។ បេក្ខជន​ប្រឡង​បាក់​ឌុប​ទាំងអស់​នៅ​ឆ្នាំនេះ មាន​ចំនួន ១១៩,២១៧ នាក់ ក្នុងនោះ​មាន​ស្រី​ចំនួន ៦១,០៣១​នាក់​។ ចំណែក​មណ្ឌល​ប្រឡង មាន​ចំនួន ២០២ មណ្ឌល​៕




Tag:
 អប់រំ
  បាក់ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com