សិង្ហ​បុរី ហាមឃាត់​ការធ្វើ​ជំនួញ​ភ្លុក​ដំរី​ក្នុងស្រុក​
អន្តរជាតិ
សិង្ហ​បុរី ហាមឃាត់​ការធ្វើ​ជំនួញ​ភ្លុក​ដំរី​ក្នុងស្រុក​
12, Aug 2019 , 9:19 pm        
រូបភាព
​ក្រុមប្រឹក្សា​ឧទ្យាន​ជាតិ​សិង្ហ​បុរី (National Parks) ប្រកាស​នៅ​ថ្ងៃ​ចន្ទ ទី​១២ ខែសីហា ថា សិង្ហ​បុរី​នឹង​ហាមឃាត់​ជំនួញ​ភ្លុក​ដំរី​នៅក្នុង​ស្រុក​ចាប់ពី​ខែកញ្ញា ឆ្នាំ​២០២១ ។ ប៉ុន្តែ​បុរី​រដ្ឋ​មួយ​នេះ លើកលែង​បម្រាម​នេះ​ក្នុងករណី​មួយចំនួន​ក្នុង​គោលបំណង​អប់រំ សាសនា​ជាដើម​។


 
​ការហាមឃាត់​នេះ​មានន័យថា រាល់​ការលក់​ភ្លុក​ដំរី និង​ផលិតផល​ភ្លុក​ដំរី នឹង​ត្រូវបាន​ហាមឃាត់​នៅក្នុង​ប្រទេស​សិង្ហ​បុរី​។ ក្រុមប្រឹក្សា National Parks និយាយថា ការដាក់​តាំង​ផលិតផល ដែល​ធ្វើ​ពី​ភ្លុក​ដំរី ក៏​មិនត្រូវ​បានអនុញ្ញាត​ដែរ​។ 
 
​តាមរយៈ​ការធ្វើ​ស​ន្និសិទ​កាសែត ក្រុមប្រឹក្សា​ដដែល បាន​និយាយថា ការហាមឃាត់​នៅក្នុង​ប្រទេស​បែបនេះ គឺ​ប្រយុទ្ធប្រឆាំង​ទៅនឹង​ការធ្វើ​ពាណិជ្ជកម្ម​ខុសច្បាប់​ស្ថិតក្នុង​បញ្ជី​ប្រភេទ​សត្វ ដែល​មានចែង​ក្នុង​អនុសញ្ញា​ពាណិជ្ជកម្ម​អន្តរជាតិ​លើ​ប្រភេទ​សត្វព្រៃ និង​រុក្ខជាតិ​ស្ថិតក្នុង​ភាពអាសន្ន​។ ការហាមឃាត់​នេះ នឹង​ចូល​ជាធរ​មាននៅ​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០២១ តទៅ​។ 
 
​តាមរយៈ​ទូរទស្សន៍ Channel News Asia ក្រុមប្រឹក្សា National Parks បានបញ្ជាក់​ទៀតថា នៅពេល​ការហាមឃាត់​ចូល​ជា​ធរមាន ពាណិជ្ជករ​អាច​បរិច្ចាគ​ភ្លុក​ដំរី​មកអោយ​ស្ថាប័ន​នេះ ក្នុង​គោលបំណង​សម្រាប់​អប់រំ ឬ​ការថែរក្សា​។ ប៉ុន្តែ​ការដាក់​តាំង​ជា​សាធារណៈ​ភ្លុក​ដំរី ឬ​ផលិតផល ដែល​ធ្វើ​ពី​ភ្លុក​ដំរី​ក្នុង​គោលបំណង​សម្រាប់​អប់រំ ឬ​សាសនា នឹងត្រូវ​បានអនុញ្ញាត​។ 
 
​ការផ្តល់​ការប្រឹក្សា​លើ​ការហាមឃាត់​ពាណិជ្ជកម្ម​ភ្លុក​ដំរី គឺធ្វើឡើង​តាំងពី​ឆ្នាំ​២០១៧ ជា​សាធារណៈ​ជាមួយនឹង​អង្គការក្រៅរដ្ឋាភិបាល និង​អ្នក​ចែកចាយ​ភ្លុក​ដំរី ដោយ​៩៩​ភាគរយ​គាំទ្រ​អោយមាន​ការហាមឃាត់​ជំនួញ​នេះ​។​
 
​សូមបញ្ជាក់ថា សិង្ហ​បុរី គឺជា​ប្រទេស​ហត្ថលេខី​នៃ​អនុសញ្ញា​ពាណិជ្ជកម្ម​អន្តរជាតិ​លើ​ប្រភេទ​សត្វព្រៃ និង​រុក្ខជាតិ​ស្ថិតក្នុង​ភាពអាសន្ន ដែល​បាន​ហាមឃាត់​ការធ្វើ​ជំនួញ​ភ្លុក​ដំរី​តាំងពី​ឆ្នាំ​១៩៩០​។ ប៉ុន្តែ​ការអនុញ្ញាត​ឲ្យ​ធ្វើ​ពាណិជ្ជកម្ម​ភ្លុក​ដំរី​នៅក្នុង​ស្រុក គឺអាច​ធ្វើឡើង​តែ​ផលិតផល​ណា ដែល​បាន​នាំចូល​តាំងពី​មុខ​ឆ្នាំ​១៩៩០ រហូតដល់​ឆ្នាំ​២០២១​តែប៉ុណ្ណោះ​៕

Tag:
 ភ្លុក​ដំរី​
  សិ​ហ្ហ​បុរី​
© រក្សាសិទ្ធិដោយ thmeythmey.com