អន្តរជាតិ
កូរ៉េខាងជើងប្រកាសគាំទ្រចំណាត់ការចិនក្នុងការដោះស្រាយបញ្ហាបាតុកម្មនៅហុងកុង
×
ដោយ៖ ឈួន ឈីវអ៊ីង
ចុងសប្តាហ៍នេះ កូរ៉េខាងជើងបានបង្ហាញការគាំទ្រចិនក្នុងការដោះស្រាយបញ្ហាបាតុកម្មទាមទាររកលទ្ធិប្រជាធិបតេយ្យ និងសេរីភាពច្រើនជាងមុនក្រោមការគ្រប់គ្រងរបស់ចិនពីសំណាក់ប្រជាជនហុងកុង។
ក្នុងសេចក្ដីថ្លែងការណ៍ផ្សាយដោយទីភ្នាក់ងារពត៌មានកូរ៉េខាងជើង KCNA អ្នកនាំពាក្យក្រសួងការបរទេសរបស់កូរ៉េខាងជើង និយាយថា វាគឺជាគោលជំហរសំខាន់របស់កូរ៉េខាងជើងដែលបង្ហាញថា ទោះកាលៈទេសៈណាក៏ដោយ ការបំផ្លាញអធិបតេយ្យភាពដែនដី និងសន្តិសុខសណ្តាប់ធ្នាប់របស់ប្រទេសចិនមិនត្រូវអនុញ្ញាតឲ្យកើតមានដាច់ខាត។
អ្នកនាំពាក្យរូបនេះក៏បានអះអាងថា កងកម្លាំងទ័ពបទេសកំពុងព្យាយាមរំលោភបំពានសន្តិសុខសណ្តាប់ធ្នាប់សង្គមនៅទីក្រុងហុងកុងដោយឥតសំចៃដៃ ហើយបំផ្លាញជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ដោយជ្រៀតជ្រែកបញ្ហាដែលជាកិច្ចការផ្ទៃក្នុងរបស់ចិន។
យ៉ាងណាក៏ដោយ មន្ត្រីកូរ៉េខាងជើង មិនបាននិយាយចំៗថា ប្រទេសណាមួយឲ្យប្រាកដឡើយ។
ការលើកឡើងរបស់ខាងលើនេះ បង្ហាញពីទំនាក់ទំនងល្អរវាងអ្នកជិតខាងទាំងពីរ ក្រោយដំណើរទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាង ដោយលោកប្រធានាធិបតី ស៊ី ជីនភីង កាលពីខែឧសភា។
វាគ្មានអ្វីចម្លែកទេដែលកូរ៉េខាងជើងថ្លែងគាំទ្រចិន ដ្បិតចិន គឺជាដៃគូពាណិជ្ជកម្មសំខាន់បំផុតរបស់កូរ៉េខាងជើង។ ម្យ៉ាងចិនក៏បន្តជាខ្នងបង្អែកផ្នែកនយោបាយ ការទូត និងជាប្រភពធនធាននៃអាហារនិងឥន្ធនៈផងដែរ។ ការណ៍នេះហើយដែលធ្វើឲ្យទីក្រុងប៉េកាំង មានឥទ្ធិពលខ្លាំងលើទីក្រុងព្យុងយ៉ាង៕
Tag:
ហុងកុង
កូរ៉េខាងជើង
ចិន
© រក្សាសិទ្ធិដោយ thmeythmey.com