អន្តរជាតិ
សិង្ហ​បុរី រឹតបន្តឹង​ការប្រយុទ្ធប្រឆាំង​សកម្មភាព​លាងលុយកខ្វក់​
13, Aug 2019 , 8:39 pm        
រូបភាព
​សិង្ហ​បុរី នឹង​បង្កើន​ការ​យុទ្ធនា​ការប្រឆាំង​ការលាង​លុយកខ្វក់​ដែល​ប្រើប្រាស់​ក្រុមហ៊ុន​ក្នុងស្រុក​ដើម្បី​បិទបាំង​លំហូរ​ទឹកប្រាក់​។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រីជាន់ខ្ពស់​អាជ្ញាធរ​រូបិយ​ប​ណ្ឌ​សិង្ហ​បុរី (MAS) ។ និន្នាការ​បែបនេះ កំពុង​កើនឡើង​ខ្លាំង ស្រប​ពេលដែល​អាជ្ញាធរ​ផ្ដោតលើ​សកម្មភាព​របស់​ក្រុមហ៊ុន​នៅ​ប្រទេស​នោះ​។

 
​លោកស្រី Valerie Tay ប្រធាន​នាយកដ្ឋាន​ប្រឆាំងនឹង​ការលាង​លុយកខ្វក់​នៃ MAS បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ធនាគារកណ្ដាល​សិង្ហ​បុរី បាន​បិទ​គណន​មួយចំនួន​របស់​ក្រុមហ៊ុន​ក្នុងស្រុក​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ បន្ទាប់ពី​រកឃើញ​លំហូរ​សាច់ប្រាក់​ខុសច្បាប់​។  
 
​ក្នុង​កិច្ច​សម្ភាស​ដដែល លោកស្រី Tay និយាយថា បើ​មើល​កាន់តែ​ជ្រៅ​ទៅក្នុង​ការលាង​លុយកខ្វក់ យើង​ជឿថា​ឧក្រិដ្ឋជន​ទាំងនោះ​ប្រហែលជា​ប្រើ​ក្រុមហ៊ុន​នៅ​បរទេស​ដើម្បី​ធ្វើ​សកម្មភាព​ប៉ុន្តែ​ពួកគេ​បាន​ប្តូរ​ទៅប្រើ​ប្រាស់​ក្រុមហ៊ុន​ក្នុងស្រុក ដើម្បី​គេចចេញ​ពី​ការត្រួតពិនិត្យ​។ លោកស្រី​បាន​បន្ថែមទៀតថា វា​ជា​ពេលដែល​ត្រូវ​បារម្ភ​។ នៅពេល​សកម្មភាព​លាងលុយកខ្វក់​គេចចេញ​ពី​ការត្រួតពិនិត្យ ហើយ​ឧស្សាហ​កម្មនេះ​គ្មាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ ឧក្រិដ្ឋជន​អាច​សម្រេច​បំណង​របស់ខ្លួន​មិន​ខាន​។ 
 
​បើតាម​មន្ត្រី​រូបនេះ ការវិភាគ​ទិន្នន័យ និង​ការវិភាគ​បណ្តាញ (network analysis)​បាន​ជួយ MAS អោយ​រកឃើញ​សកម្មភាព​ខុសច្បាប់​។ ជាមួយគ្នានេះ MAS ក៏​ប្រាប់​ធនាគារ​ទាំងអស់​ឲ្យ​តាមដាន​សកម្មភាព​រប​ស់​ក្រុមហ៊ុន​ក្នុងស្រុក​ដែល​អា​ដើរតួ​ជា​សំបក​ក្នុង​ការបិទ​តាំង​សកម្មភាព​ហិរញ្ញវត្ថុ​ខុសច្បាប់​។ 
 
​សូមបញ្ជាក់ថា នាយកដ្ឋាន​ប្រឆាំងនឹង​ការលាង​លុយកខ្វក់ បង្កើតឡើង​កាលពី​បី​ឆ្នាំមុន​។ នៅក្នុង​ឆ្នាំ​២០១៥ សិង្ហ​បុរី​បាន​រកឃើញ​ការលាង​លុយកខ្វក់​រប​ស់​មូលនិធិ​រដ្ឋ​ម៉ាឡេស៊ី (1Malaysia Development Bhd) ដែល​បាន​លាង​លុយ​ក្នុង​ប្រព័ន្ធ​ធនាគា​របស់ខ្លួន​។ នៅក្នុង​ឆ្នាំ ២០១៦ នាយកដ្ឋាន​ប្រឆាំងនឹង​ការលាង​លុយកខ្វក់ បាន​បិទ​គណនី​យ​ធនាគា​ចំនួន​០២ និង​បង្ក​កលុយ​ជាច្រើន​លាន​ដុល្លារ​ផងដែរ​៕ 

Tag:
 សិង្ហ​បុរី​
© រក្សាសិទ្ធិដោយ thmeythmey.com