កីឡាអន្តរជាតិ
អន្តរជាតិ
Man City រួចផុតការហាមផ្ទេរកីឡាករ ក្រោយសារភាពថាបានទិញកីឡាករក្រោមអាយុ១៨ឆ្នាំ
× Manchester City រួចផុតពីការដាក់ពិន័យហាមឃាត់ការផ្ទេរកីឡាករ បន្ទាប់ពី ម្ចាស់ការពារជើងឯក Premier League មួយនេះព្រមសារភាពថាបានរំលោភលើច្បាប់ FIFA ក្នុងការទិញដូរកីឡាករវ័យក្មេង។
បើទោះរួចផុតពីការដាក់ពិន័យពីសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិនេះក្តី ប៉ុន្តែក្រុមរហស្សនាមមេឃខៀវត្រូវបង់ប្រាក់ចំនួន ៣៧០០០០ ស្វ៊ីសហ្វ្រង់ (៣៨០០០០ដុល្លារអាមេរិក) ជុំវិញការបំពានច្បាប់នេះ។
FIFA បង្ហាញពីទោសកំហុស Man City ថាបានរំលោភលើមាត្រា ១៩ នៃបទប្បញ្ញត្តិរបស់ស្ថាប័នខ្លួន អំពីការផ្ទេរយកកីឡាករអន្តរជាតិដែលច្បាប់មិនអនុញ្ញាតឲ្យទិញដូរកីឡាករក្រោមអាយុ ១៨ ឆ្នាំ។
Man City ក៏បានសារភាពពីការបំពានច្បាប់នេះថាពួកគេបានទិញចូលកីឡាករក្មេងៗទាំងនោះអំឡុងពេលប្រកួតមិត្តភាព ប៉ុន្តែយ៉ាងណាក្លិបអះអាងថាបានគោរពច្បាប់របស់ FIFA នេះយ៉ាងពេញលេញចាប់តាំងពីពេលនោះមក។ ក្លិបមានមូលដ្ឋានក្នុងក្រុង Manchester នេះបន្ថែមថា ពួកគេបានសហការយ៉ាងខ្លាំងក្លាជាមួយនឹងការស៊ើបអង្កេតរបស់ FIFA ផងលើកករណីនេះ។
ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោកមួយនេះ ទើបតែដាក់ពិន័យក្លិបតោខៀវ Chelsea មិនឲ្យទិញកីឡាករចូលពេញមួយរដូវកាល ២០១៩-២០ ក្រោយរកឃើញថាបានបំពានច្បាប់លើការទិញកីឡាករមិនទាន់គ្រប់អាយុ៕
Tag:
Manchester City
FIFA
© រក្សាសិទ្ធិដោយ thmeythmey.com