រលក​កម្តៅ​ជប៉ុន សម្លាប់​មនុស្ស​២៣​នាក់ និង​ជាង​១​ម៉ឺន​នាក់​ដេកពេទ្យ
អន្តរជាតិ
រលក​កម្តៅ​ជប៉ុន សម្លាប់​មនុស្ស​២៣​នាក់ និង​ជាង​១​ម៉ឺន​នាក់​ដេកពេទ្យ
14, Aug 2019 , 8:39 pm        
រូបភាព
ប្រភពរូប៖ កាសែតជប៉ុន Mainichi
ប្រភពរូប៖ កាសែតជប៉ុន Mainichi
​ខែ សីហា ក្លាយជា​ខែ​សាហាវ​ក្រៃលែង​បំផុត​ក្នុងប្រទេស​ជប៉ុន ដោយរ​លកក​ម្ពៅ​បានធ្វើ​ឲ្យ​មនុស្ស​ជាង ១​ម៉ឺន​នាក់​ចូល​សម្រាក​មន្ទីរពេទ្យ​ក្នុង​រយៈពេល​២​សប្តាហ៍​ផ្ទួនៗ​គ្នា​តែម្តង​។

 
​ជាការ​ប៉ាន់ស្មាន មនុស្ស ១២ ៧៥១​នាក់ ត្រូវបាន​បញ្ជូនទៅ​សម្រាក​នៅ​មន្ទីរពេទ្យ​ដោយសារ​បញ្ហា​រលក​កម្តៅ នៅ​ទូទាំងប្រទេស​ជប៉ុន ក្នុង​រយៈពេល​ត្រឹម​មួយ​សប្តាហ៍ ចាប់ពី​ថ្ងៃទី ៥ សីហា​មក​។ ក្នុងចំណោម​នោះ ២៣​នាក់ បាត់បង់​ជីវិត​។ នេះ​បើតាម​ការបញ្ជាក់​របស់​ភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​ភ្លើង នៅ​ថ្ងៃទី​១៤ ខែសីហា ។​
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន Kyodo សប្តាហ៍​ដំបូង​នៃ​ខែសីហា ចំនួន​អ្នក​ចូល​ពេទ្យ​សរុប ស្មើនឹង ១៨ ៣៤៧ ដែល​តួលេខ​ខ្ពស់បំផុត​លំដាប់​ទី ២ ចាប់តាំងពី​ឆ្នាំ​២០០៨​មក​។ ហើយ​ក្នុងចំណោម​អ្នកជំងឺ​ទាំងនោះ ៤០០​នាក់ មាន​អាកា​រៈ​ធ្ងន់ធ្ងរ ដែល​គ្រូពេទ្យ​តម្រូវ​ឲ្យ​សម្រាក​ព្យាបាល​យ៉ាងតិច ៣​សប្តាហ៍ ខណៈ​ជាង ៤​ពាន់​ផ្សេងទៀត មាន​អាកា​រៈពុំ​សូវ​ធ្ងន់ធ្ងរ ដែល​តម្រូវ​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ​។ 
 
​សូមបញ្ជាក់ថា អ្នកជំងឺ ដែលមាន​អាយុ​ចាប់ពី ៦៥​ឆ្នាំ​ឡើងទៅ មាន​ចំនួន ៥៤,៩ ភាគរយ​នៃ​អ្នកជំងឺ​សរុប​។ ហើយ អ្នកស្លាប់​ទាំង ២៣ នាក់  សុទ្ធតែជា​ប្រជាជន ដែល​រស់​នៅក្រៅ​ទីក្រុង​តូ​ក្យូ ខណៈ​ក្នុង​ទីក្រុង តូ​ក្យូ មាន​ចំនួន​អ្នក​ចូល​មន្ទីរពេទ្យ​ច្រើនជាងគេ​បំផុត​៕

Tag:
 ជប៉ុន​
  រលក​កម្តៅ
© រក្សាសិទ្ធិដោយ thmeythmey.com