អន្តរជាតិ
រដ្ឋាភិបាលលោក ប្រាយុទ្ធ បន្តចែកតំណែងឲ្យបក្សក្នុងសម្ព័ន្ធភាព ខណៈមានអ្នកដកខ្លួន នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចន្ទអូចា ។ រូបភាព AFP
× រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា បានសម្រេចចិត្តផ្ដល់តំណែងក្នុងជួររដ្ឋាភិបាលយ៉ាងច្រើនដល់បក្សក្នុងសម្ព័ន្ធភាពកាន់អំណាចដែលដឹកនាំបក្សកម្លាំងប្រជារាស្ត្រ។ ប៉ុន្តែបក្សតូចៗចំនួន១០ ដែលជាប់ឈ្មោះជាបក្សបង្គ្រប់សំឡេងនោះ មិនបានទទួលបានតំណែងឡើយសូម្បីតែមួយ។ ការបែងចែកតំណែងមិនសូវមានឥទ្ធិពលលើកនេះ ធ្វើឡើងស្របពេលមានការលេចឮថា សម្ព័ន្ធភាពកាន់អំណាចកំពុងប្រេះស្រាំ។
គណៈរដ្ឋមន្ត្រីថៃ នៅថ្ងៃទី១៣ ខែសីហា បានអនុម័តការតែងតាំងមុខតំណែងនយោបាយចំនួន៤១ ទៅឲ្យសមាជិកនៃបក្សក្នុងសម្ព័ន្ធភាពចម្រុះ ខណៈបក្សតូចៗចំនួន១០ ដែលមានសំឡេងមួយអាសនៈក្នុងសភា មិនទទួលបានអ្វីទេ។ តំណែងដែលបក្សមានសំឡេងច្រើនក្នុងសម្ព័ន្ធភាពកាន់អំណាចទទួលបានមាន ទីប្រឹក្សាក្រសួង លេខារដ្ឋមន្ត្រី និងឧបនាយករដ្ឋមន្ត្រី ព្រមទាំងជំនួយការរដ្ឋមន្ត្រីផងដែរ។ នេះបើតាមកាសែតបាងកកប៉ុស្តិ៍។
ប្រភពដដែលផ្សាយថា សំណើតែងតាំងនេះ លើកឡើងដោយរដ្ឋមន្ត្រីដឹកនាំក្រសួងនីមួយៗផ្ទាល់ ហើយភាគច្រើននៃមន្ត្រីថ្មី ជាអតីតសមាជិកសភានៃបក្សក្នុងសម្ព័ន្ធភាពចម្រុះ។ ឧទាហរណ៍ លោក Chamni Sakdiset ត្រូវបានតែងតាំងជាទីប្រឹក្សាឧបនាយករដ្ឋមន្ត្រី Jurin Laksanavisit ដែលជាមេដឹកនាំបក្សប្រជាធិបតេយ្យ។
ទោះមានការបដិសេធក្ដី ការផ្ដល់តំណែងបែបនេះ ត្រូវបានគេមើលឃើញថា ជាការទាក់ទាញភាពស្មោះត្រង់ពីបក្សនយោបាយដែលចូលរួមក្នុងសម្ព័ន្ធភាពដឹកនាំដោយបក្សកម្លាំងប្រជារាស្ត្រ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃការកាន់តំណែងនាយករដ្ឋមន្ត្រីរបស់លោក ប្រាយុទ្ធ ចន្ទអូចា ។ ប៉ុន្តែការផ្ដល់តំណែងឲ្យតែបក្សមានសំឡេងច្រើន ធ្វើឲ្យបក្សតូចៗមិនសប្បាយចិត្ត ដ្បិតមិនអាចទទួលបានតំណែងអ្វីក្នុងជួររដ្ឋាភិបាល។
នៅថ្ងៃទី១៣ ខែសីហា បក្សថៃស៊ីវិល័យ ដែលមានកៅអីមួយក្នុងសភាថៃ បានប្រកាសដកខ្លួនពីសម្ព័ន្ធភាពកាន់អំណាច។ ការចាកចេញរបស់បក្សនេះ នាំឲ្យសម្ព័ន្ធភាពកាន់អំណាចនៅសល់បក្សចំនួន១៩ ។ ប្រធានបក្សថៃស៊ីវិល័យ Mongkolkit Suksintaranont និយាយថា បក្សកម្លាំងប្រជារាស្ត្រមិនបានផ្ដល់ការគោរពឲ្យបក្សលោកឡើយ ព្រោះមិនបានបញ្ចូលគោលនយោបាយបក្សនេះចូលក្នុងគោលនយោបាយរដ្ឋាភិបាលទាំងមូល។
នៅសន្និសីទសារព័ត៌មានដាច់ដោយឡែក បក្សដែលមានមួយសំឡេងក្នុងសភាដទៃទៀត ប្រកាសបន្តស្ថិតនៅក្នុងសម្ព័ន្ធភាពកាន់អំណាចដដែល។ លោក Thamanat Prompow អនុរដ្ឋមន្ត្រីកសិកម្ម ដែលទទួលបន្ទុកដោះស្រាយការងារជាមួយបក្សតូចៗទាំងនេះ បង្ហើបថា បក្សទាំង៩នេះ នឹងទទួលបានតំណែងក្នុងជួររដ្ឋាភិបាលផងដែរ ដោយសំណើតែងតាំងជុំថ្មីនឹងត្រូវដាក់ឲ្យគណៈរដ្ឋមន្ត្រីពិចារណានៅថ្ងៃទី២០ ខែសីហាខាងមុខ៕
Tag:
ថៃ
ប្រាយុទ្ធ ចន្ទអូចា
© រក្សាសិទ្ធិដោយ thmeythmey.com