កីឡាអន្តរជាតិ
អន្តរជាតិ
Messi, Ronaldo និង Van Dijk ជាប់បេក្ខភាពចុងក្រោយប្រជែងពានកីឡាករឆ្នើមប្រចាំឆ្នាំរបស់ UEFA
× សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប បានប្រកាសនៅថ្ងៃទី១៦ ខែសីហាថា Lionel Messi, Cristiano Ronaldo និង Virgil van Dijk ជាប់ជាបេក្ខភាព៣រូបចុងក្រោយសម្រាប់ប្រជែងតំណែងម្ចាស់ពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ (UEFA Men's Player of the Year) របស់ UEFA រដូវកាល ២០១៨-១៩។
Messi ខ្សែបម្រើឆ្នើមសញ្ជាតិអាហ្សង់ទីន ជាកីឡាកររកគ្រាប់បាល់ច្រើនជាងគេក្នុងក្របខណ្ឌ UEFA Champions League និងជាម្ចាស់ស្បែកជើងមាសនៅអឺរ៉ុប ព្រមទាំងជួយ Barcelona លើកពាន La Liga លើកទី១០ផងកាលពីរដូវកាលមុន។
Ronaldo ខ្សែប្រយុទ្ធក្រុម Juventus បានជួយព័រទុយហ្គាល់ឈ្នះពានរង្វាន់ UEFA Nations League និងជាអ្នករកគ្រាប់បាល់បានច្រើនជាងគេក្នុងព្រឹត្តិការណ៍នេះ ហើយក៏បានជួយសេះបង្កង់លើកពាន Serie A លើកដំបូងសម្រាប់វត្តមានរបស់គេនៅទឹកដីអ៊ីតាលី។
ខ្សែការពារសញ្ជាតិហូឡង់ Van Dijk ដែលគេទទួលស្គាល់ថាជារនាំងដ៏រឹងមាំក្នុងការជួយ Liverpool ឈ្នះជើងឯក UEFA Champions League និងប្រជែងពាន លីគកំពូលអង់គ្លេសរដូវកាលមុន ក៏ស្ថិតក្នុងជម្រើសចុងក្រោយដើម្បីប្រជែងជាមួយ Super Stars ទាំងពីរខាងលើដែលធ្លាប់គ្រងពាននេះលើសពីពីរដងរួចមកហើយ។
ចាប់តាំងពីបង្កើតពានរង្វាន់នេះនៅឆ្នាំ ២០១១មក ពោលគឺ៨លើករួចហើយនោះ Messi ធ្លាប់ឈ្នះ២ដង ហើយ Ronaldo ៣ដងលើសគេ ខណៈ Andres Iniesta, Franck Ribery និង Luka Modric បានម្នាក់ម្តងដូចគ្នា។
មុនឈានដល់ការសម្រេចយកបេក្ខភាព៣រូបចុងក្រោយនេះ Messi, Ronaldo និង Van Dijk ត្រូវប្រជែងជាមួយ Alisson Becker, Sadio Mane, Mohamed Salah, Eden Hazard, Matthijs de Ligt, Frenkie de Jong និង Raheem Sterling។
ការប្រកាសជ័យលាភី នឹងធ្វើឡើងនៅរាត្រីថ្ងៃទី២៩ ខែសីហា នាប្រទេស Monaco ពោលគឺក្នុងកម្មវិធីចាប់ពូល ក្របខណ្ឌ Champoins League រដូវកាល ២០១៩-២០៕
Tag:
UEFA Men\'s Player of the Year
UEFA
© រក្សាសិទ្ធិដោយ thmeythmey.com