ជាតិ
សង្គមជាតិ
មធ្យោបាយ​ដឹកឈើ​២០០​គ្រឿង​ហើយ ដែល​សមត្ថកិច្ច​ដុតចោល និង​ចាប់​ឧកញ៉ា​២​នាក់
16, Aug 2019 , 8:19 pm        
រូបភាព
សកម្មភាពកងរាជអាវុធហត្ថ ដុតបំផ្លាញរថយន្តដឹកឈើ (រូបពីកងរាជអាវុធហត្ថ)
សកម្មភាពកងរាជអាវុធហត្ថ ដុតបំផ្លាញរថយន្តដឹកឈើ (រូបពីកងរាជអាវុធហត្ថ)
ដោយ: ថ្មីៗ
​ក្នុង​រយៈពេល​ជាង​មួយខែ​មកនេះ មាន​មធ្យោបាយ​ដឹកឈើ​ខុសច្បាប់​មិនតិចជាង​២០០​គ្រឿង​ទេ ដែល​សមត្ថកិច្ច បាន​ដុក​បំផ្លាញចោល ក្រោយ​ចាប់បាន​ពី​ក្រុម​ឈ្មួញ​ទុច្ចរិត​។ នេះ​ជាការ​អះអាង​របស់លោក អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​និង​ជា​អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​។


 
​លោក អេង ហ៊ី ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៩​នេះ​ថា ធ​ម្យោ​បាយ​ទាំងនោះ មានដូចជា រថយន្ត និង ម៉ូតូ ជាដើម ដែល​ត្រូវបាន​កែច្នៃ សម្រាប់​លួច​ដឹកឈើ រួមទាំង​ម៉ាស៊ីន​កាប់​ឈើ​ផ្សេងៗ​ទៀត​។  
 
​ការដុត​បំផ្លាញ​ធ​ម្យោ​បាយ​ដឹកឈើ​នេះ គឺ​អនុវត្ត​ចាប់តាំងពី​ដើមខែ​កក្កដា ឆ្នាំ​២០១៩​មក ដោយ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ដែលមាន​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​ប្រធាន​។ សមត្ថកិច្ច នឹង​បន្ត​ដុតបំផ្លាញ​ធ​ម្យោ​បាយ​ដឹកឈើ​ខុសច្បាប់​ត​ទៀត ពេល​ចាប់បាន​។ យ៉ាងណា ចំពោះ​រថយន្ត ដែល​នៅមាន​គុណភាព សមត្ថកិច្ច នឹង​រក្សាទុក សម្រាប់​ប្រើប្រាស់​ក្នុង​អង្គភាព ហើយ​ឈើ​ដែល​រឹបអូស​បាន សមត្ថកិច្ច លែង​ដុតបំផ្លាញ​ចោល​ហើយ​។​
 
​ទន្ទឹមនឹង​ការ​រឹបអូស​ធ​ម្យោ​បាយ​ដឹកឈើ​ទាំងនោះ សមត្ថកិច្ច ក៏បាន​ចាប់​ឈ្មួញ​ទុច្ចរិត​មួយចំនួន ដោយ​រួមមាន​ទាំង​ឧកញ៉ា​ផងដែរ​។ កាល​ដើមខែ​កក្កដា សមត្ថកិច្ច ចាប់​ឧកញ៉ា ស៊ឹង សំអុល ហើយ​មកដល់​ពាក់កណ្តាល​ខែសីហា​នេះ សមត្ថកិច្ច បាន​ចាប់​ឧកញ៉ា គង់ ក្រឹ​ង​៕ 

Tag:
 ព្រៃឈើ
© រក្សាសិទ្ធិដោយ thmeythmey.com