ជាតិ
​តុលាការ មិន​ឲ្យ​លោក រ៉ុង ឈុន ចូលជួប​យុវជន គង់ រ៉ៃ​យ៉ា និង សួង នាគព័ន្ធ ក្នុង​ពន្ធនាគារ​
17, Aug 2019 , 1:29 pm        
រូបភាព
 លោក រ៉ុង ឈុន ទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ
លោក រ៉ុង ឈុន ទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ
​ភ្នំពេញ​៖ លោក ឯក ប៉ូ​លី​ហ្វីល ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ មិន​អនុញ្ញាតឱ្យ​លោក រ៉ុង ឈុន ទីប្រឹក្សា​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ  និង​សហការី ចូលជួប​សួរសុខទុក្ខ យុវជន គង់ រ៉ៃ​យ៉ា និង យុវជន សួង នាគព័ន្ធ  នោះទេ ដោយ​លើក​ហេតុផល​ថា សំណុំរឿង របស់​អ្នក​ទាំងពីរ កំពុងស្ថិត​ក្នុង​ចំណាត់ការ​ស៊ើបសួរ និង​ស្រាវជ្រាវ​ប្រមូល​ភស្តុតាង​នានា​។ ម្យ៉ាងវិញទៀត សាក្សី​ដែល​ពាក់ព័ន្ធ​ក្នុង​សំណុំ​រឿងនេះ មិនទាន់​ចូល​ផ្តល់​ចម្លើយ​បំភ្លឺ​ដល់​តុលាការ​នៅឡើយ​។

 
​ក្នុង​លិខិត​ដែល​ជូនទៅ​លោក រ៉ុង ឈុន កាលពី​ថ្ងៃ​១៦​ខែសីហា  ចៅក្រម​ស៊ើបសួរ បាន​បញ្ជាក់ថា ស្ថិតនៅក្នុង​ដំណាក់កាល​នេះ អ្នក​ដែល​អាច​ចូល​សួរសុខទុក្ខ យុវជន គង់ រ៉ៃ​យ៉ា និង យុវជន សួង នាគព័ន្ធ  គឺ​មានតែ​មេធាវី និង​ក្រុមគ្រួសារ​ប៉ុណ្ណោះ​។ ថ្មីៗ​នេះ លោក រ៉ុ​ន ឈុន ដាក់​លិខិត​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​សុំចូល​ជួប​អ្នក​ទាំងពីរ នៅ​ថ្ងៃទី​២២ ខែកក្កដា​។​


 យុវជន គង់ រ៉ៃយ៉ា (ខាងឆ្វេង) និង យុវជន សួង នាគព័ន្ធ

​សូម​រម្លឹកថា យុវជន គង់ រ៉ៃ​យ៉ា ត្រូវបាន​ចៅក្រម​ស៊ើបសួរ ស​ម្រ​ច​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស​ជា​បណ្តោះអាសន្ន កាលពីដើម​ខែកក្កដា ឆ្នាំ​២០១៩ ក្រោម​បទ​ចោទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ដោយសារតែ​អំពាវនាវ​លក់​អាវយឺត ដែលមាន​រូប​និង​ទ្រឹស្តី​របស់លោក​បណ្ឌិត កែម ឡី​។ រីឯ លោក  សួង នាគព័ន្ធ បាន​ជាប់​នៅ​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស​ជា​បណ្តោះអាសន្ន កាលពី​ខែកក្កដា​ដូចគ្នា ក្រោម​បទ​ញុះញង់ ព្រោះ​ផ្សាយ​ខិត្តប័ណ្ណ​ថា «​បញ្ឈប់​ការសម្លាប់​ក្រៅ​ប្រព័ន្ធ​ច្បាប់​» នៅក្នុង​ថ្ងៃ​រម្លឹក​ខួប​បី​ឆ្នាំ​នៃ​ការបាញ់សម្លាប់​លោក​បណ្ឌិត កែម ឡី​៕ 
 

Tag:
 រ៉ុង ឈុន​
  តុលាការ​
© រក្សាសិទ្ធិដោយ thmeythmey.com