អន្តរជាតិ
ពីរ​ឆ្នាំក្រោយ​ផ្ទុះ​ហិង្សា​នៅ Rakhine មី​យ៉ាន់​ម៉ា​ត្រៀមខ្លួន​សម្រាប់​ការវិលត្រឡប់​របស់​ប្រជាជន​រ៉ូ​ហ៊ីង​យ៉ា​
18, Aug 2019 , 10:29 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ណៃ​ពិដោរ បាន​អះអាង​ពី​ការត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​ទទួល​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា ដែល​បាន​ភៀសខ្លួន​ចេញពី​ប្រទេស​អស់​រយៈពេល​ជាច្រើន​ខែ ដោយសារតែ​អសន្តិសុខ​នៅក្នុង​ប្រទេស មកកាន់​ទីកន្លែង​ដើម​របស់​ពួកគេ​វិញ​។ ការអះអាង​របស់​ក្រុង​ណៃ​ពិដោរ​លើក​នេះ មាន​ភាពប្រាកដប្រជា​ជាង​ពេលមុនៗ​។

 
​អ្នកនាំពាក្យ​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា លោក Zaw Htay នា​សន្និសីទ​សារព័ត៌មាន​ថ្ងៃ​១៦ សីហា បាន​ឲ្យ​ដឹងថា ពេលនេះ មី​យ៉ាន់​ម៉ា បាន​ត្រៀមលក្ខណៈ​រួចស្រេច​ហើយ​ទាំង​លើ​ទីកន្លែង​សម្រាប់​ស្នាក់នៅ អាហារូបត្ថម្ភ និង​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​គាំពារ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា នៅពេលដែល​ពួកគេ​វិល​ត្រលប់​ទៅ​មី​យ៉ាន់​ម៉ា​វិញ​។ 
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន The Irrawaddy លោកអ្នក​នាំពាក្យ បានកំណត់​សម្គាល់ថា ប្រជាជន​ប្រមាណ​ជាង ៣០០០ នាក់​ក្នុងចំណោម​ប្រជាជន​ជាង ៥០០០​នាក់ ដែល​បាន​បំពេញបែបបទ​បញ្ជាក់​ពី​អត្តសញ្ញាណ​រួចរាល់​ហើយ​នោះ នឹង​វិល​ត្រលប់​ទៅ​មី​យ៉ាន់​ម៉ា​វិញ​យ៉ាងយូរ​ក្នុង​បំណាច់​ខែសីហា​នេះ​។ គម្រោង​នៃ​ការវិល​ត្រលប់​នេះ គឺជា​ជំហាន​ទីមួយ​ហើយ​សម្រាប់​ជនភៀសខ្លួន​។ 
 
​តាម​ប្រភពព័ត៌មាន​ដដែល​នេះ មន្ត្រីជាន់ខ្ពស់​របស់រ​ដ្ឋា​ភិ​បាល​មី​យ៉ាន់​ម៉ា​រូបនេះ បាន​សង្កត់ធ្ងន់ថា បច្ចុប្បន្ន​ភាគី​មី​យ៉ាន់​ម៉ា កំពុង​ទន្ទឹងរង់ចាំ​ការបញ្ជាក់​បន្ថែម​ពី​ភាគី​រដ្ឋាភិបាល​បង់​ក្លា​ដែ​ស លើ​សំណើ​នៃ​ការ​បរិច្ឆេទ​ថ្ងៃ​២២ សីហា​នេះ ជា​ថ្ងៃ​សម្រាប់​ទទួល​អ្នក​វិល​ត្រលប់​មកវិញ​។ 
 
​សេចក្តីថ្លែងការណ៍​បញ្ជា​ក់​បន្ថែម​ថ្មី​នេះ ធ្វើឡើង​បន្ទាប់ពី​ណៃ​ពិដោរ និង​ដា​ហ្កា បាន​ព្រមព្រៀងគ្នា​ជាថ្មី និង​ច្បាស់លាស់​ជាង​ពេលមុនៗ​ក្នុងការ​រៀបចំ​បញ្ជូន​ជនភៀសខ្លួន​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ឲ្យ​ធ្វើ​មាតុភូមិនិវត្តន៍​វិញ​នៅ​ថ្ងៃ​១៥ សីហា​កន្លងទៅ​។ តែ​យ៉ាងណា​តាម​ការអះអាង​របស់រ​បស់​មន្ត្រី​បង់​ក្លា​ដែ​ស និង​ក្រុម​សិទ្ធិមនុស្ស ដែលមាន​មូលដ្ឋាន​នៅ​ជំរំ Bazar ក្រុម​ជនភៀសខ្លួន​មួយចំនួន នៅ​មិនទាន់បាន​យល់ដឹង​ច្បាស់​ពី​ផែនការ​នេះ​ប៉ុន្មាន​នោះទេ​។ 
 
​គួររម្លឹកថា នៅ​ចុងឆ្នាំ​២០១៧​កន្លងទៅ កងកម្លាំង​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា បាន​ប៉ះទង្គិច​ប្រដាប់អាវុធ​ទ្រង់ទ្រាយ​ធំ​ជាមួយនឹង​កងកម្លាំង​ឧទ្ទាម ឬ​ទាហាន​ឯករាជ្យ​នៅក្នុង​រដ្ឋ​រ៉ា​ខាន (Rakhine State) ដែលជា​លទ្ធផល​ធ្វើ​ឲ្យ​ផ្ទះសម្បែង​របស់​ប្រជាជន ដែល​ភាគច្រើន​ជា​ជនជាតិភាគតិច​រ៉ូ​ហ៊ីង ត្រូវបាន​បំផ្លាញ ហើយ​ប្រជាជន​ប្រមាណ​ជាង ៧០០ ០០០ នាក់ ត្រូវ​ភៀសខ្លួន​ទៅកាន់​ព្រំដែនរ​បស់បង់​ក្លា​ដែ​ស​។​
 
​ក្រោយ​នៃ​ការផ្ទុះ​វិបត្តិ​ជនភៀសខ្លួន​រាប់ម៉ឺន​នាក់​នេះ នៅ​ចុងឆ្នាំ​២០១៧​ដដែល​នោះ រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា និង​បង់​ក្លា​ដែ​ស បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​រួមមួយ​ស្តីពី​ការរៀបចំ​បញ្ជូន​ជនភៀសខ្លួន ហើយ​ភាគី​ទាំងពីរ ក៏បាន​ឯកភាពគ្នា​ក្នុងការ​ចាប់ផ្តើម​ការធ្វើ​មាតុភូមិនិវត្តន៍​របស់​ជនភៀសខ្លួន​នៅ​ដើមឆ្នាំ​២០១៨​។ ក៏ប៉ុន្តែ​ផែនការ​នេះ ត្រូវបាន​បរាជ័យ​ជា​បន្តបន្ទាប់ ដោយ​ក្រុម​ជនភៀសខ្លួន នៅ​មិនទាន់​ជឿជាក់​លើ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ក្នុងការ​ធានា​ពី​សុវត្ថិភាព​សម្រាប់​ពួកគេ​ក្នុង​ការវិល​ត្រលប់​៕  
 

Tag:
 មី​យ៉ាន់​ម៉ា​
  រ៉ូ​ហ៊ីង​យ៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com