អន្តរជាតិ
វៀតណាម​ថា ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​រឹតត្បិត​ការផ្សាយ​ព័ត៌មាន​មួយចំនួន​តាម​សំណើ​ខ្លួន​
19, Aug 2019 , 12:09 pm        
រូបភាព
ដោយ៖ ងួន សុភាវត្តី

​មន្ត្រី​រដ្ឋាភិបាល​វៀតណាម​បាន​និយាយ​កាលពី​ថ្ងៃទី​១៥ ខែសីហា​ថា ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​កំពុង​រឹតត្បិត​ការចូល​ប្រើប្រាស់​មាតិកា​មួយចំនួន​នៅ​វៀតណាម​។ ចំណាត់ការ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក ធ្វើឡើង​តាម​សំណើ​របស់​ក្រុង​ហាណូយ ដែល​កំពុងតែ​បើក​យុទ្ធនាការ​រឹតបន្តឹង​ការប្រើប្រាស់​អ៊ីនធឺណិត​ក្នុងស្រុក​។​


 
​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ត្រូវបាន​គេ​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​នៅក្នុង​ប្រទេស​វៀតណាម​។ ទោះបីជា​មានការ​ផ្លាស់ប្តូ​រ​សេដ្ឋកិច្ច​និង​ការបើកចំហ​អោយមាន​ការផ្លាស់ប្តូ​រស​ង្គ​ម​ក៏ដោយ​ក៏​គណ​បក្សកុម្មុយនិស្ត​កំពុងកាន់​អំណាច នៅតែ​បន្ត​ត្រួតពិនិត្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​យ៉ាង​តឹងរ៉ឹង និង​មិន​អត់ធ្មត់​ចំពោះ​ការរិះគន់​ឡើយ​។​
 
​រដ្ឋមន្ត្រី​ព័ត៌មាន​វៀតណាម លោក Nguyen Manh Hung បាន​ថ្លែង​ក្នុង​កិច្ចប្រជុំសភា​ថា ក្រុមហ៊ុន Facebook បាន​បំពេញ​សំណើ​របស់​រដ្ឋាភិបាល​វៀ​ត​ណា​ម ៧០​ទៅ​៧៥​ភាគរយ​ហើយ ។ សំណើ​ដែល​លោក​លើកឡើង គឺជា​សំណើ​ដែល​រដ្ឋាភិបាល​វៀតណាម​ប្រាប់​ក្រុមហ៊ុន Facebook  អោយ​រឹតបណ្តឹង​ការផ្សព្វផ្សាយ​មាតិកា​មួយចំនួន​ដែល​អាច​ប៉ះពាល់​ដល់​ច្បាប់​ក្នុងប្រទេស​។​
​កាលពី​ខែឧសភា ក្រុមហ៊ុន​អាមេរិក​មួយ​នេះ​ប្រកាសថា ខ្លួន​បាន​បង្កើន​បរិមាណ​មាតិកា​ដែល​ត្រូវ​ត្រួតពិនិត្យ​ពេល​ចូល​ប្រើ​នៅ​ប្រទេស​វៀតណាម​ជាង ៥០០​ភាគរយ​នៅ​ឆមាស​ទី ២ នៃ​ឆ្នាំ ២០១៨ ។​
 
​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ វៀតណាម​បាន​រឹតបន្តឹង​ការប្រើប្រាស់​អ៊ី​ន​អឺ​ណិ​ត ខណៈ​ច្បាប់​អ៊ីនធឺណិត ចូល​ជា​ធរមាន​នៅក្នុង​ខែមករា​។ ច្បាប់​សន្តិសុខ​តាម​អ៊ីនធឺណិត​នេះ តម្រូវឱ្យ​ក្រុមហ៊ុន​ដូចជា ហ្វេ​ស​ប៊ុ​ក បង្កើត​ការិយាល័យ​ក្នុងស្រុក​និង​រក្សាទុក​ទិន្នន័យ​នៅក្នុង​ប្រទេស​។​
 
​រដ្ឋមន្ត្រី​ព័ត៌មាន​វៀតណាម ក៏បាន​លើកឡើង​ក្នុង​អង្គប្រជុំ​នោះ​ថា YouTube បាន​បំពេញ​សំណើ​របស់​វៀតណាម​បាន​៨០ ទៅ​៨៥​ភាគរយ​ហើយ​ដែរ​។​លោក​ក៏បាន​និយាយ​ផងដែរ​ថា វៀតណាម​បាន​កសាង​មជ្ឈមណ្ឌល​មួយ​ដើម្បី​ត្រួតពិនិត្យ​ខ្លឹមសារ​នៃ​គេហទំព័រ​ព័ត៌មាន និង​បណ្ដាញ​សង្គម​ដែល​អាច​តម្រៀប​ទិន្នន័យ​រាប់លាន​ទៅជា​ប្រភេទ​ដូចជា​“ វិជ្ជមាន​” និង​“ អវិជ្ជមាន​” ។​
 
​លោក Hung បាន​និយាយថា​៖ «​សមាមាត្រ​នៃ​ព័ត៌មាន​អវិជ្ជមាន​មាន ៣០ ភាគរយ​ប៉ុន្តែ​ឥឡូវ​យើង​បាន​ចាត់វិធានការ​សមាមាត្រ​ដែល​ព័ត៌មាន​អវិជ្ជមាន​គឺ​នៅក្រោម ១០ ភាគរយ​» ។​
​កាសែត​អន​ឡាញ VnExpress បាន​រាយការណ៍​ថា​មានតែ​គណនី​ដែល​បាន​ផ្ទៀងផ្ទាត់​ភាពត្រឹមត្រូវ​និង​មាន​អត្តសញ្ញាណ​ច្បាស់លាស់​ប៉ុណ្ណោះ​ដែល​ត្រូវបាន​អនុញ្ញាតឱ្យ​ផ្សាយ​បន្ត​ផ្ទាល់​វីដេអូ​នៅលើ Facebook ៕ 

© រក្សាសិទ្ធិដោយ thmeythmey.com