ជាតិ
សង្គមជាតិ
អឺរ៉ុប ឲ្យជាង១០០លានដុល្លារ លើកស្ទួយវិស័យជលផលនៅកម្ពុជា
19, Aug 2019 , 1:32 pm        
រូបភាព
សហភាពអឺរ៉ុប នឹងប្រកាសផ្តល់ជំនួយជាង១០០លានដុល្លារ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ សម្រាប់វិស័យជលផលនៅកម្ពុជា។ លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានលើកឡើងពីការផ្តល់ជំនួយនេះ ក្នុងជំនួបជាមួយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ នៅវិមានសន្តិភាព។



ក្នុងជំនួបនោះ លោកឯកអគ្គរដ្ឋទូត បានលើកឡើងពីការងារសំខាន់ៗ ដែលសហភាពអឺរ៉ុប បានជំរុញ ជាពិសេសលើវិស័យកសិកម្ម។ សំណេរលើទំព័រហ្វេសប៊ុករបស់សម្តេចនាយករដ្ឋមន្រ្តី បានសរសេរពីសម្តីរបស់លោកឯកអគ្គរដ្ឋទូត ដូច្នេះថា៖«សហភាពអឺរ៉ុប បានជួយវិស័យកសិកម្ម ដែលនឹងជួយដល់ប្រជាពលរដ្ឋកម្ពុជាផងដែរ»។

លោក George Edgar ក៏បានលើកឡើងពីការជួយលើវិស័យបម្រែបម្រួលអាកាសធាតុផងដែរ ដោយលោក យល់ថា កម្ពុជា ជាប្រទេសមួយនៅតំបន់អាស៊ីអាគ្នេយ៍ ដែលងាយរងគ្រោះដោយសារបម្រែបម្រួលអាកាសធាតុ។ លើសពីនេះ លោក ថែមទាំងអះអាងថា សភាពអឺរ៉ុប នឹងបន្តជួយលើវិស័យព្រៃឈើ។

លោក George Edgar ជួបសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន មុននឹងលោក ត្រូវផុតអាណត្តិ និងចាកចេញពីកម្ពុជា នាពេលខាងមុខ។ លោក បានធ្វើជាឯកអគ្គរដ្ឋទូតនៅកម្ពុជា រយៈពេល​៤ឆ្នាំមកហើយ៕ 

Tag:
 កម្ពុជា
  EU
  ជំនួយ
© រក្សាសិទ្ធិដោយ thmeythmey.com