អន្តរជាតិ
នយោបាយអន្តរជាតិ
លោក លី សៀនឡុង៖ សិង្ហបុរី បន្តរក្សាអព្យាក្រឹត ដោយមិនចាប់ខាងចិន ឬអាមេរិកឡើយ ទោះជួបបញ្ហាលំបាក លោកនាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង (ប្រភពរូប៖ Bloomberg)
× នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង លើកឡើងថា សិង្ហបុរី នឹងប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងនូវគោលនយោបាយរក្សាចំណងទាក់ទងល្អទាំងជាមួយសហរដ្ឋអាមេរិក និងចិន ទោះបីជាក្នុងកាលៈទេសៈបច្ចុប្បន្ន មហាអំណាចទាំងពីរ កំពុងប្រឈមមុខដាក់គ្នាយ៉ាងក្តៅគគុកក៏ដោយក្តី។
ក្នុងសុន្ទរកថាស្តីពីគោលនយោបាយជាតិប្រចាំឆ្នាំ (National Day Rally) នៅថ្ងៃទី១៨ ខែសីហា ប្រមុខរដ្ឋាភិបាលសិង្ហបុរី លី សៀនឡុង គូសបញ្ជាក់ថា ក្នុងនាមជាប្រទេសដែលមានជនជាតិចិនភាគច្រើនរស់នៅ ពោលគឺរហូតដល់ជាង ៧០ភាគរយនៃប្រជាជនសរុប រដ្ឋាភិបាលរបស់លោក កំពុងរងគំនាបខ្លាំង ដ្បិតថាទាំងសម្តី និងសកម្មភាពសិង្ហបុរី អាចត្រូវគេយល់ឃើញខុសដោយងាយស្រួលបំផុត។
«ប្រសិនបើយើងគាំទ្រចិន សហរដ្ឋអាមេរិក និងបណ្តាប្រទេសផ្សេងទៀត ប្រហែលគិតថា យើងធ្វើបែបនេះ ក៏ព្រោះតែយើងជាប្រទេសដែលមានជនជាតិចិនច្រើន ហេតុដូច្នេះទើបយើងងាកទៅរកចិន»។ លោក លី សៀនឡុង បញ្ជាក់បែបនេះ ដោយបន្ថែមទៀតថា ដោយឡែក ប្រសិនបើ សិង្ហបុរី គាំទ្រក្រុងវ៉ាស៊ីនតោនវិញនោះ ក្រុងប៉េកាំង ក៏នឹងយល់ខុសលើជំហររបស់បុរីរដ្ឋសិង្ហបុរីផងដែរ។
តាមការចុះផ្សាយរបស់កាសែតហុងកុង South China Morning Post លោកនាយករដ្ឋមន្ត្រី លី សង្កត់ធ្ងន់ពីចំណងទាក់ទងផ្នែកសន្តិសុខដ៏ខ្លាំងក្លាជាមួយសហរដ្ឋអាមេរិក ដោយលើកឧទាហរណ៍ពាក់ព័ន្ធនឹងការបញ្ជាទិញសព្វាវុធទំនើបៗពីក្រុងវ៉ាស៊ីនតោន ព្រមទាំងការធ្វើសមយុទ្ធជាទៀងទាត់ជាមួយកងទ័ពអាមេរិកផងដែរ។ បន្ថែមពីវិស័យការពារជាតិ មេដឹកនាំរូបនេះ ក៏អះអាងទៀតថា ការធ្វើវិនិយោគពីសំណាក់ក្រុមហ៊ុនអាមេរិកក្នុងប្រទេសសិង្ហបុរី គឺខ្ពស់ជាងអ្នកវិនិយោគមកពីបណ្តាប្រទេសណាៗទាំងអស់។
និយាយទៅដល់ចិន លោក លី សៀនឡុង និយាយថា ងាររបស់សិង្ហបុរីជាប្រជាជាតិអធិបតេយ្យតែមួយប៉ុណ្ណោះលើពិភពលោកដែលមានជនជាតិចិនច្រើនរស់នៅ បានជួយពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយយក្សអាស៊ីនេះ ព្រោះតែមានវប្បធម៌ និងកេរ្តិ៍ដំណែលដូចគ្នា។ ទន្ទឹមគ្នានឹងផ្នែកវប្បធម៌ ប្រមុខរដ្ឋាភិបាលសិង្ហបុរីរូបនេះ ក៏លើកឡើងពីចំណងសេដ្ឋកិច្ចដ៏ស៊ីជម្រៅជាមួយចិន ដោយអះអាងថា ប្រទេសទាំងពីរកំពុងចូលហ៊ុនគ្នាក្នុងគម្រោងធំៗចំនួន៣ក្នុងប្រទេសចិន។
យ៉ាងណាមិញ នាយករដ្ឋមន្ត្រីវ័យ ៦៧ឆ្នាំរូបនេះ បានទទួលស្គាល់ពីការលំបាកដែលសិង្ហបុរីកំពុងជួបប្រទះក្នុងការរក្សាជំហរអព្យាក្រឹត ព្រោះក្នុងស្ថានការណ៍ពិភពលោកបច្ចុប្បន្ន ប្រទេសតូចតាចៗ ដូចជា សិង្ហបុរី ត្រូវហ៊ុមព័ទ្ធដោយសម្ពាធពីប្រទេសមហាអំណាចដើម្បីជ្រើសយកម្ខាង។ នេះពុំមែនជាលើកទីមួយឡើយដែលលោក លី សៀនឡុង លើកឡើងបែបនេះ។
កាលពីចុងខែឧសភាកន្លងទៅ នាកិច្ចប្រជុំសន្តិសុខធំមួយប្រចាំតំបន់អាស៊ី «វេទិកាកិច្ចសន្ទនា Shangri-La» លោក លី បានប្រកាសថា បុរីរដ្ឋសិង្ហបុរី នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីធ្វើមិត្តល្អជាមួយសហរដ្ឋអាមេរិក និងចិន។ ប៉ុន្តែដើម្បីជៀសវាងការប្រកាន់យកខាងណាមួយនោះ លោក លី ទទូចឲ្យប្រទេសមហាអំណាចទាំងពីរកុំបន្តដាក់សម្ពាធលើរដ្ឋតូចតាចទៀត៕
Tag:
សិង្ហបុរី
សហរដ្ឋអាេមរិក
ចិន
អាស៊ីអាគ្នេយ៍
© រក្សាសិទ្ធិដោយ thmeythmey.com