អន្តរជាតិ
ស្ត្រី​នៅតែ​តស៊ូ​ដើម្បី​ឲ្យ​មាន​តំណាង​របស់ខ្លួន​ច្រើន​នៅក្នុង​ប្រទេស​ស៊ូដង់​
19, Aug 2019 , 7:59 pm        
រូបភាព
បាតុករ​ស្រ្តីជនជាតិ​ស៊ូដង់​អបអរ​នៅ​ក្នុង​ទីក្រុង​ខាទុំកាលទី​០៤ ឆ្នាំ២០១៩​បន្ទាប់​ពី​អ្នក​ដឹក​នាំកងទ័ពនិង​មេដឹកនាំ​បាតុកម្ម​ចុះ​ហត្ថាលេខា​លើ​កិច្ច​ព្រមព្រៀងចែក​រំលែកអំណាច។
បាតុករ​ស្រ្តីជនជាតិ​ស៊ូដង់​អបអរ​នៅ​ក្នុង​ទីក្រុង​ខាទុំកាលទី​០៤ ឆ្នាំ២០១៩​បន្ទាប់​ពី​អ្នក​ដឹក​នាំកងទ័ពនិង​មេដឹកនាំ​បាតុកម្ម​ចុះ​ហត្ថាលេខា​លើ​កិច្ច​ព្រមព្រៀងចែក​រំលែកអំណាច។
ដោយ: VOA
​ខា​ទុំ ៖ នៅក្នុង​ប្រទេស​ស៊ូដង់ ស្ត្រី​ដែល​ធ្វើការ​មាន​ចំនួន​ច្រើន​។ ស្ត្រី​ទាំងនោះ​ក៏​សកម្ម​នៅក្នុង​ការតវ៉ា​ជា​សាធារណៈ​នានា​ផងដែរ ដោយ​គេ​ឃើញថា ស្ត្រី​មាន​ចំនួន​ជាង​ពាក់កណ្ដាល​ក្នុងចំណោម​ក្រុមអ្នកតវ៉ា​ដែល​ទាមទារ​ចង់បាន​តំណាង​បន្ថែមទៀត​ពី​រដ្ឋាភិបាល​អន្តរកាល​ថ្មី​របស់​ពួកគេ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ​។​

 
​ប៉ុន្តែ ស្ត្រី​ជាច្រើន​ដូចជា​អ្នកស្រី Nahid Bustami ដែលជា​អ្នក​ចេញមុខ​តវ៉ា​នៅក្នុង​ការទម្លាក់​លោក​ប្រធានាធិបតី Omar al Bashir ដែល​កាន់អំណាច​យូរ ចេញពី​តំណែង​ជាដើម បាន​បញ្ជាក់ថា ពួកគេ​មានការ​ព្រួយបារម្ភ​ថា រដ្ឋាភិបាល​ថ្មី​នឹងមិន​ខ្វាយខ្វល់​ខ្លាំង​ចំពោះ​សិទ្ធិ​របស់​ស្ត្រី​។​
 
​អ្នកស្រី Bustami និយាយថា ទោះបី​ជាមាន​ស្ត្រី​មួយចំនួន​នៅក្នុង​រដ្ឋាភិបាលបណ្ដោះអាសន្ន​នេះ​ក៏ដោយ ក្នុងនាម​ជា​សកម្មជន​គាំទ្រ​សិទ្ធិ​ស្ត្រី អ្នកស្រី​គិតថា រដ្ឋាភិបាល​ថ្មី​នេះ​មិន​យកចិត្តទុកដាក់​ចំពោះ​ផលប្រយោជន៍​របស់​ស្ត្រី​ឡើយ​។​
 
​ស្ត្រី​មួយចំនួន​បាន​ប្រឹងប្រែង​ឲ្យ​មាន​កូតា​ចំនួន ៥០ ភាគរយ សម្រាប់​ស្ត្រី​នៅក្នុង​ក្រុមប្រឹក្សា​សភា​នៃ​រដ្ឋាភិបាល​អន្តរកាល​នេះ ប៉ុន្តែ​ទោះបីជា​ពួកគេ​យល់ព្រម​ចំពោះ​កូតា​តែ​ចំនួន ៤០ ភាគរយ ក៏ដោយ ក៏​ចំនួន​នេះ​នៅតែ​មិនអាច​សម្រេចបាន​ដដែល​។​
 
​អ្នកស្រី Haifa'a Farouq គឺជា​សមាជិក​ម្នាក់​នៃ​សមាគម​អ្នក​វិជ្ជាជីវៈ​ស៊ូដង់ ដែលជា​សហជីព​ការងារ​ដែល​ដើរតួនាទី​ដ៏​សំខាន់​មួយ​នៅក្នុង​ការពិភាក្សា​ជុំវិញ​ការបង្កើត​រដ្ឋាភិបាល​ថ្មី​។​
 
​អ្នកស្រី​បន្ត​តវ៉ា​ប្រឆាំងនឹង​សមាគម​អ្នក​វិជ្ជាជីវៈ​ស៊ូដង់​នេះ ដោយ​និយាយថា សហជីព​នេះ​មិនបាន​ប្រឹងប្រែង​ឲ្យ​បាន​ខ្លាំង​គ្រប់គ្រាន់​ដើម្បី​តំណាង​ឲ្យ​ស្ត្រី​ដែល​រួមចំណែក​នៅក្នុង​ការតវ៉ា​ទ្រង់ទ្រាយ​ធំ​កន្លងមកនេះ​។​
 
​អ្នកស្រី Farouq និយាយថា តួនាទី​របស់​ស្ត្រី​នៅក្នុង​ការចរចា​នៅក្នុង​អំឡុង​ពេលធ្វើ​បដិវត្តន៍​នេះ​គឺ​តិចជាង​អ្វីដែល​អ្នកស្រី​បាន​សង្ឃឹមទុក​ទៅទៀត​។​
 
​អ្នកស្រី​បញ្ជាក់ថា ទាំង​ការធ្វើការ​ឲ្យ និង​ទាំង​ការតវ៉ា​ចំពោះ​សមាគម​អ្នក​វិជ្ជាជីវៈ​ស៊ូដង់​នេះ បាន​ជួយ​ជំរុញ​ឲ្យ​សហជីព​ការងារ​នេះ​ដើរ​លើ​ទិសដៅ​ត្រឹមត្រូវ ដោយ​គេ​ឃើញ​មន្ត្រី​នៃ​សហជីព​នេះ​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ការតវ៉ា​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ធ្វើតាម​ការចង់បាន​រប​ស់​ពួកគេ​។ ជារឿយៗ មន្ត្រី​សហជីព​នេះ​នឹង​ចេញទៅ​ជួប​ជាមួយនឹង​អ្នក​តវ៉ា​ដោយផ្ទាល់ ដើម្បី​ស្ដាប់​ការចង់បាន​របស់​ពួកគេ​។​
 
​ពាក់ព័ន្ធ​នឹង​តួនាទី​អន់ថយ​របស់​ស្ត្រី​នៅក្នុង​រដ្ឋាភិបាល​ថ្មី លោក Rasheed Saeed អ្នកនាំពាក្យ​សមាគម​អ្នក​វិជ្ជាជីវៈ​ស៊ូដង់ បាន​និយាយថា សមភាព​ពេញលេញ​ត្រូវការ​ពេលវេលា​។​
 
​លោក Saeed និយាយថា លោក​លើកទឹកចិត្ត​ស្ត្រី​ឲ្យ​បន្ត​ទាមទារ​អ្វីដែល​ពួកគេ​ចង់បាន​។ លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា ការណ៍​ដែល​ការទាមទារ​របស់​ពួកគេ​មិនអាច​សម្រេចបាន​បាន​បង្ហាញថា រយៈពេល​ពីរ​បី​ខែ​កន្លងមកនេះ​មិនអាច​បញ្ជាក់ថា​ជា​បដិវត្តន៍​ទាំងស្រុង​នោះទេ​។ លោក​បាន​និយាយទៀតថា គណបក្សប្រឆាំង​នៅ​ត្រូវគេ​បង្ខំ​ឲ្យ​សម្របសម្រួល​លើ​បញ្ហា​មួយចំនួន​ជាមួយនឹង​ពួកយោធា​។​
 
​ប៉ុន្តែ ស្ត្រី​មួយចំនួន​មាន​ចម្ងល់​ថា​តើ​សមាគម​អ្នក​វិជ្ជាជីវៈ​ស៊ូដង់ និង​សហជីព​ការងារ​ផ្សេងទៀត​កំពុង​ប្រឹងប្រែង​ដើម្បី​ផលប្រយោជន៍​ដ៏​ប្រសើរ​បំផុត​សម្រាប់​ស្ត្រី​ឬក៏​យ៉ាងណា​នោះ​។​
 
​អ្នកស្រី Niemat Koko ដែលជា​អតីត​អ្នកនយោបាយ និង​ជា​អ្នកស្រាវជ្រាវ​ដែល​ផ្ដោតលើ​ទ្រឹស្ដី​ស្ដីពី​ស្ត្រី បាន​ពន្យល់ថា ទោះបីជា​មេដឹកនាំ​ខាង​គណបក្សប្រឆាំង​ជា​បុរស​មួយចំនួន​ត្រូវបាន​គេ​ចាប់​ដាក់​ឃុំ​ក្ដី គឺ​ស្ត្រី​ឯណោះ​ទេ​ដែលជា​អ្នកដឹកនាំ​ការតវ៉ា​នៅតាម​ដងផ្លូវ​។ ប៉ុន្តែ នៅពេលដែល​បុរស​ទាំងនោះ​ត្រូវបាន​ដោះលែង ពួកគេ​គឺជា​អ្នក​ដែល​ត្រឡប់​ទៅកាន់​តំណែង​ជា​អ្នកដឹកនាំ​នេះ​ឡើងវិញ គឺ​មិនមែន​ស្ត្រី​ដែល​ដឹកនាំ​ការតវ៉ា​នោះទេ​។​
 
​អ្នកស្រី Koko និយាយថា តម្លៃ​ដែល​គិតថា​បុរស​ជា​អ្នកគ្រប់គ្រង​នោះ​នៅតែមាន​ឥទ្ធិពល​គ្របដណ្ដប់​ក្នុងសង្គម​នៃ​ប្រទេស​ស៊ូដង់​។ អ្នកស្រី​ជឿថា គំនិត​នេះ​បាន​បណ្ដាល​ឲ្យ​បុរស​ទាំងនោះ​ត្រឡប់​ទៅកាន់​មុខតំណែង​ដឹកនាំ​របស់​ពួកគេ​ឡើងវិញ ដោយ​មិន​ខ្វល់​ពី​ស្ត្រី​។​
 
​អ្នកស្រី Koko បាន​បញ្ជាក់ថា តាំងពី​ទសវត្សរ៍ ១៩៨០ មក នៅពេលដែល​ប្រព័ន្ធ​ច្បាប់​ឥស្លាម​មួយ ដែល​ហៅថា​ច្បាប់ Sharia ត្រូវបាន​ដាក់​ឲ្យ​ប្រើប្រាស់ ដែល​ប៉ះពាល់​ភាគច្រើន​ដល់​សិទ្ធិ និង​សេរីភាព​របស់​ស្ត្រី​មក ស្ត្រី​ស៊ូដង់​មាន​អារម្មណ៍​ថា​ពួកគេ​ត្រូវបាន​គេ​គាបសង្កត់​។ ហើយ​ស្រប​ពេលដែល​ភាពចលាចល​នៅតែ​បន្ត​នៅក្នុង​ប្រទេស ស្ត្រី​គឺ​មិន​សុខចិត្ត​នៅ​ស្ងៀមស្ងាត់ និង​មិន​សុខចិត្ត​ឲ្យ​ខ្លួន​មាន​តំណាង​តិចតួច​នោះឡើយ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com