អន្តរជាតិ
ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​ពិភាក្សា​អំពី​ការកើនឡើង​ភាព​តានតឹង​នៅ​តំបន់ Kashmir
20, Aug 2019 , 9:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: VOA
​អង្គការសហប្រជាជាតិ ៖ ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​បាន​ជួបប្រជុំគ្នា​ជា​លក្ខណៈ​ឯកជន​កាលពី​ថ្ងៃ​សុក្រ សប្ដាហ៍​មុន ដើម្បី​ពិភាក្សា​អំពី​ការកើនឡើង​ភាព​តានតឹង​ក្នុងពេល​ថ្មីៗ​នេះ រវាង​ប្រទេស​ឥណ្ឌា និង​ប្រទេស​ប៉ា​គី​ស្ថាន ក្រោយពី​ការសម្រេច​របស់​ឥណ្ឌា​កាលពី​ថ្ងៃទី​៥ ខែសីហា ក្នុង​ការដក​ឋានភាព​ពិសេស​នៃ​តំបន់ Jammu និង​តំបន់ Kashmir​។​

 
​បន្ទាប់ពី​មានការ​អំពាវនាវ​ពី​ខាង​ភាគី​ប៉ា​គី​ស្ថាន ប្រទេស​ចិន ដែលជា​សមាជិក​អចិន្ត្រៃយ៍​មួយ​នៃ​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​បានស្នើ​ឲ្យ​មាន​ជំនួប​ប្រជុំ​នេះ​។​
 
​លោក Zhang Jun បេស​កក​ជន​ពិសេស​ថ្មី​របស់​រដ្ឋាភិបាល​ក្រុង ប៉េកាំង ប្រចាំ​នៅ​អង្គការសហប្រជាជាតិ បាន​ឲ្យ​ដឹង​ក្រោយពី​ជំនួប​នោះបាន​បញ្ចប់​ថា ការសម្រេច​របស់​ឥណ្ឌា​បាន​ផ្លាស់ប្ដូរ​ស្ថានភាព​នៅក្នុង​តំបន់ Kashmir និង​បាន​បង្ក​ឲ្យ​មាន​ភាព​តានតឹង​កើនឡើង​នៅក្នុង​តំបន់​។​
 
​លោក Zhang Jun បាន​ថ្លែងថា​៖
 
«​ចិន​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​ស្ថានភាព​ក្នុងពេល​បច្ចុប្បន្ននេះ និង​ប្រឆាំង​នូវ​រាល់​សកម្ម​ភាពជា​លក្ខណៈ​ឯកតោភាគី​ណាមួយ​ដែល​អាចធ្វើ​ឲ្យ​ស្ថានភាព​នេះ​កាន់តែ​ស្មុគស្មាញ​។ យើង​អំពាវនាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​មាន​ភាព​អត់ធ្មត់ ធ្វើ​អ្វីមួយ​ឲ្យ​ប្រុងប្រយ័ត្ន និង​ជាពិសេស​មិនត្រូវ​ចាត់វិធានការ​ណា​ដែល​បង្កើន​ភាព​តានតឹង​កាន់តែខ្លាំង​នោះទេ​»​។​
 
​ចិន​ក៏បាន​រិះគន់​ឥណ្ឌា​ចំពោះ​ការជំទាស់​ប្រឆាំងនឹង​ផលប្រយោជន៍​អធិបតេយ្យភាព​របស់រ​ដ្ឋា​ភិ​បាល​ក្រុង ប៉េកាំង នៅ​ដែល​ចិន​កំពុងតែ​ត្រួតត្រា​តំបន់​មួយ​នៅក្នុង​តំបន់ Kashmir ដែលមាន​ឈ្មោះថា​តំបន់ Aksai Chin​។​
 
​តំបន់ Kashmir បាន​ក្លាយជា​តំបន់​ដែល​ផ្ទុះឡើង​នូវ​អំពើ​ឃោរឃៅ​អស់​រយៈពេល​រាប់​ទសវត្សរ៍​មកហើយ​។ ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ ឥណ្ឌា និង​ប្រទេស​ប៉ា​គី​ស្ថាន បាន​វាយប្រហារ​គ្នា​នៅក្នុង​សង្គ្រាម​មួយចំនួន ដោយសារតែ​ជម្លោះ​ដែនដី ចាប់តាំងពី​ប្រទេស​ទាំងពីរ​ទទួលបាន​ឯករាជ្យ​ពី​អង់គ្លេស​នៅ​ឆ្នាំ​១៩៤៧​មក​។​
 
​ប្រទេស​ឥណ្ឌា​បាន​មើលឃើញ​បញ្ហា​នេះ​ថា​ជា​កិច្ចការ​ផ្ទៃក្នុង ដែល​គួរតែ​ដោះស្រាយ​លក្ខណៈ​ទ្វេភាគី​ជាមួយនឹង​ប៉ា​គី​ស្ថាន​។ ប៉ុន្តែ​បេស​កក​ជន​ពិសេស​របស់​ប៉ា​គី​ស្ថាន លោកស្រី Maleeha Lodhi បាន​អះអាងថា នេះ​មិនមែនជា​បញ្ហា​ផ្ទៃក្នុង​នោះទេ​។​
 
​លោកស្រី Maleeha Lodhi បាន​លើកឡើងថា​៖
 
«​ការពិត​ដែលថា ជំនួប​នេះ​ត្រូវបាន​ធ្វើឡើង គឺជា​ការផ្ដល់​សក្ខីកម្ម​ទៅលើ​ការពិត​ថា នេះ​គឺជា​ជម្លោះ​មួយ​ដែល​ត្រូវបាន​អន្តរជាតិ​ទទួលស្គាល់​។ ថ្ងៃនេះ ពិភពលោក​កំពុងតែ​ពិភាក្សាគ្នា​អំពី​រដ្ឋ​ដែល​ត្រូវបាន​កាន់កាប់ និង​ស្ថានភាព​នៅ​ទីនោះ​»​។ 
 
​លោកស្រី​បាន​មានប្រសាសន៍ថា ប៉ា​គី​ស្ថាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ដើម្បី​ដោះស្រាយ​ជម្លោះ​នេះ​ដោយ​សន្ដិវិធី​។​
 
​ចាប់តាំងពី​ដើមខែ​សីហា​មក អាជ្ញាធរ​ឥណ្ឌា​បាន​កាត់ផ្ដាច់​ប្រព័ន្ធ​ទំនាក់ទំនង​ដូចជា​ទូរស័ព្ទ​និង​អ៊ីនធឺណិត​នៅ​តំបន់ Kashmir បង្កើន​កងកម្លាំង​សន្ដិសុខ និង​ដាក់​កម្រិត​ទៅលើ​ការធ្វើ​ចលនា​ដោយ​សេរី​នានា​។​
 
​ឯកអគ្គរដ្ឋទូត​ឥណ្ឌា លោក Syed Akbaruddin បាន​ទទួលស្គាល់ថា ការដាក់​កម្រិត​មួយចំនួន​ពិតជា​មាន​មែន ប៉ុន្តែ​លោក​បាន​ថ្លែងថា ការដាក់​កម្រិត​ទាំងនោះ​មាន​សារៈសំខាន់​ក្នុងការ​បញ្ឈប់​អ្វីដែល​លោក​បាន​ហៅថា «​ជា​សកម្មភាព​ភេរវកម្ម​» ប្រឆាំងនឹង​ប្រជាជន​។​
 
​លោក Syed Akbaruddin បាន​ថ្លែងថា​៖
 
«​ដោយ​គ្មាន​សណ្ដាប់ធ្នាប់​សាធារណៈ លទ្ធិប្រជាធិបតេយ្យ​មិនអាច​អនុវត្ត​ទៅបាន​នោះទេ​។ ដូច្នេះហើយ​ទើប​មានការ​ដាក់​កម្រិត​សម​ហេតុផល​មួយចំនួន​។ យើង​ទទួលស្គាល់ថា ការដាក់​កម្រិត​ទាំងនេះ​ពិត​ជាមាន​ប្រាកដ​មែន​។ យើង​កំពុងតែ​ធ្វើ​ឲ្យ​ស្ថានភាព​ប្រសើរឡើង​»​។​
 
​កាលពី​ខែ កុម្ភៈ អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​វ័យក្មេង​ម្នាក់​នៅ​តំបន់ Kashmiri បាន​វាយប្រហារ​ទៅលើ​ក្បួន​រថយន្ត​របស់​យោធា​មួយ ដែល​បានសម្លាប់​កងកម្លាំង​យោធា​ឥណ្ឌា​អស់​ជាង​៤០​នាក់​។​
 
​ប្រទេស​ឥណ្ឌា​បាន​បន្ទោស​ប្រទេស​ប៉ា​គី​ស្ថាន​ចំពោះ​ការវាយប្រហារ​នេះ និង​បានធ្វើការ​សងសឹក​ដោយ​ការវាយប្រហារ​ផ្លូវអាកាស ចំពោះ​អ្វីដែល​ឥណ្ឌា​ហៅថា ជា​ជំរំ​ភេរវជន​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​។​
 
​លោក​ឯកអគ្គរដ្ឋទូត Akbaruddin បាន​ថ្លែងថា វា​មានការ​ចាំបាច់​ណាស់​សម្រាប់​ប្រទេស​ប៉ា​គី​ស្ថាន​ក្នុងការ «​បញ្ឈប់​អំពើ​ភេរវកម្ម​និង​ចាប់ផ្ដើម​ចរចា​» ជាមួយនឹង​រដ្ឋាភិបាល​ក្រុង ញូ​វ​ដេលី​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com